រថយន្ត
អន្តរជាតិ
បុរសម្នាក់ដែលដើរ១៨គីឡូម៉ែត្រទៅធ្វើការរាល់ថ្ងៃ បានកាដូរថយន្តពីមិត្តរួមការងារ
× បុរសម្នាក់ដែលរស់នៅក្រុង Little Rock រដ្ឋ Arkansas សហរដ្ឋអាមេរិក ទទួលបានកាដូដ៏ភ្ញាក់ផ្អើលពីមិត្តរួមការងាររបស់ខ្លួន។ តាមការផ្សាយរបស់ CNN លោក Trenton Lewis អាយុ២១ឆ្នាំ មានកូនស្រីម្នាក់អាយុ១ខួប តែងតែរត់ និងដើរទៅធ្វើការជារៀងរាល់ព្រឹកលើចម្ងាយផ្លូវ១៨គីឡូម៉ែត្រ។ ដោយសារការអាណិតអាសូរ មិត្តរួមការងារបានរួមគ្នារៃអង្គាសថវិកាទិញរថយន្តជូនលោកមួយគ្រឿង។
លោក Trenton Lewis ត្រូវបានចាត់ទុកថា ជាបុគ្គលិកល្អមួយរូបនៅក្រុមហ៊ុនមួយដែលមានឈ្មោះថា UPS។ រៀងរាល់ម៉ោង៤ព្រឹក លោកតែងតែក្រោកចេញដំណើរទៅធ្វើការដោយថ្មើរជើងលើចម្ងាយផ្លូវ១៨គីឡូម៉ែត្រ។ បន្ថែមពីលើនេះទៀត លោកមានកូនស្រីអាយុ១៤ខែឈ្មោះ Karmen នៅក្នុងបន្ទុក ប៉ុន្តែលោកមិនដែលប្រាប់អ្នកឲ្យបានដឹងនោះឡើយ។
«កូនស្រីរបស់ខ្ញុំ គឺរឹងមាំណាស់»។ លោក Lewis បានថ្លែងប្រាប់ CNN ដោយអះអាងបន្ថែមថា លោកអាចធ្វើគ្រប់បែបយ៉ាងដើម្បីឆ្លើយទៅនឹងតម្រូវការរបស់កូនស្រីខ្លួន។
ស្ថានភាពគ្រួសារ ជាពិសេសការរស់នៅរបស់ Karmen រួមទាំងការធ្វើដំណើរដោយថ្មើរទៅធ្វើការរបស់ Lewis ស្ថិតនៅក្នុងភាពសម្ងាត់អស់រយៈពេលជាង៧ខែមកហើយ។
ទីបំផុត មិត្តរួមការងារនៅក្រុមហ៊ុន UPS បានតាមដានដឹងរឿងរាវរបស់លោក Lewis ហើយពួកគេមានការអាណិតអាសូរយ៉ាងខ្លាំង មុននឹងសម្រេចធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយ។ ពួកគាត់បានរៃអង្គាសគ្នាទិញរថយន្តមួយគ្រឿងជូនលោក Lewis។
បុរសជាឪពុកដែលមានវ័យ២១ឆ្នាំរូបនេះ បានថ្លែងថា៖ «ខ្ញុំពិតជារំជួលចិត្តខ្លាំងណាស់ ចំពោះកាយវិការដ៏មានន័យរបស់មិត្តរួមការងារ […] ខ្ញុំបានប្រើប្រាស់ជើងរបស់ខ្ញុំ ដើម្បីបំពេញគ្រប់យ៉ាងសម្រាប់ព្រះនាងតូចរបស់ខ្ញុំ»។
សម្រាប់លោក Lewis មិត្តរួមការងារឈ្មោះ Patricia Bryant ប្រៀបដូចជាម្តាយទីពីររបស់ខ្លួន។ គាត់ និងលោក Kenneth ដែលជាស្វាមី បានបម្រើការនៅក្រុមហ៊ុន UPS ជិត៤០ឆ្នាំមកហើយ។ អ្នកទាំងពីរខឹងលោក Lewis ដែលលាក់រឿងរ៉ាវលំបាករបស់ខ្លួន។
ក្រោយដឹងរឿង អ្នកស្រី Patricia បាននិយាយប្រាប់ទៅមិត្តរួមការងារផ្សេងទៀត។ ពួកគាត់បានសម្រេចចិត្តរៃលុយគ្នាក្នុងរយៈពេលដ៏ខ្លីមួយ ដើម្បីទិញរថយន្តម៉ាក Saturn ឆ្នាំ២០០៦ សម្រាប់ Lewis។
លោក Lewis បានអះអាងថា លោកមិនអាចបំភ្លេចគុណនេះឡើយក្នុងជីវិតរបស់លោក។ ជាមួយនឹងការរក្សាស្ថានភាពអាថ៌កំបាំងក្នុងជីវិតគ្រួសាររបស់ខ្លួន លោក Lewis បានអះអាងថា លោកនឹងមានពេលបើករថយន្តជូនកូនស្រី ធ្វើដំណើរកម្សាន្តនៅក្នុងក្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com