រថយន្ត
អន្តរជាតិ
នូវែលសេឡង់រឹតត្បិតការនាំចូលរថយន្តពីជប៉ុនដោយសារសត្វល្អិត Stink Bug
× Stink Bug ដែលជាប្រភេទសត្វល្អិតដ៏មានក្លិនស្អុយ បានធ្វើឲ្យការនាំចេញរថយន្តរបស់ជប៉ុនចូលទៅកាន់នូវែលសេឡង់រាំងស្ទះ។ អាជ្ញាធរនូវែលសេឡង់ ប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការវាយលុយពីសំណាក់សត្វល្អិតបរទេសទៅលើដែនកោះដ៏ស្រស់ស្អាតរបស់ខ្លួន។ ដោយភ័យខ្លាំងការគំរាមកំហែងលើប្រព័ន្ធអេកូ និងកសិដ្ឋាន នូវែលសេឡង់ បានហាមឃាត់ការនាំចូលរថយន្តពីជប៉ុនដែលមានវត្តមានសត្វល្អិត Stink Bug។
ក្រសួងឧស្សាហកម្មចម្បងរបស់នូវែលសេឡង់ (MPI) បានចាប់រឹតបន្តឹងការនាំចូលរថយន្ត និងគ្រឿងម៉ាស៊ីនពីប្រទេសជប៉ុន។ បើតាមការផ្សាយរបស់សារព័ត៌មាន TVNZ នេះជាវិធានការទប់ស្កាត់គ្រោះថ្នាក់ដល់បរិស្ថាន និងផ្នែកកសិកម្ម ជាពិសេសបន្លែ ផ្លែឈើ ដែលបង្កឡើងដោយសត្វល្អិត Stink Bug។ កាលពីដើមខែកន្លងមក អាជ្ញាធរនូវែលសេឡង់ បានពិនិត្យឃើញថា នាវាដឹកទំនិញបីគ្រឿងដែលផ្ទុករថយន្តថ្មី និងធ្លាប់ប្រើប្រាស់រួចនៅប្រទេសជប៉ុន មានវត្តមានសត្វល្អិតដ៏គ្រោះថ្នាក់នេះ។
លោក David Vinsen ប្រធានសមាគមឧស្សាហកម្មនាំចូលយានយន្តនូវែលសេឡង់ បានថ្លែងឲ្យប្រាប់ទូរទស្សន៍ CNN ថា លោកមិនដែលធ្លាប់ឃើញចំណាត់ការដ៏តឹងរ៉ឹងបែបនេះឡើយពីមុនមក។ លោកបានបញ្ជាក់ថា ក្រោយឃើញវត្តមានសត្វល្អិត Stink Bug អាជា្ញធរហូឡង់បានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដែលក្នុងនោះរថយន្តប្រមាណ៩៥ភាគរយ មិនមានបញ្ហាអ្វីនោះឡើយ។
លោក David បានបន្ថែមផងដែរថា រថយន្តប្រមាណ៨០០០គ្រឿង មិនទាន់ត្រូវបានដឹកចេញពីផែជប៉ុននោះឡើយ ដោយអាជ្ញាធរជំនាញនូវែលសេឡង់ តម្រូវឲ្យត្រួតពិនិត្យរកមើល Stink Bug និងសត្វល្អិតចង្រៃផ្សេងៗទៀត ជាមុនសិន។
វិធានការប្រឆាំងសត្វល្អិត Stink Bug បានធ្វើឲ្យការងារក្នុងឧស្សហកម្មផ្នែកលក់យានយន្តនូវែលសេឡង់ រងផលប៉ះពាល់ផងដែរ ក្នុងនោះការងាររាប់ពាន់ ទាក់ទងនឹងការដឹកជញ្ជូនរថយន្តពីផែ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរនូវែលសេឡង់ បានប្រកាសថា ពួកគេគិតគូពីនិរន្តភាពផ្នែកកសិកម្មរបស់ខ្លួន ពីព្រោះបើបណ្តោយឲ្យសត្វល្អិត Stink Bug រាលដាលនៅក្នុងប្រទេស ឧស្សហកម្មដំណាំបន្លែផ្លែឈើ នឹងជួបបញ្ហាធ្ងន់ធ្ងរជាងនេះទៅទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com