អន្តរជាតិ
លោកលី សៀនឡុង គ្រោងរុះរើគណៈរដ្ឋមន្ត្រី ខណៈអនាគតនាយករដ្ឋមន្ត្រីនៅតែមិនច្បាស់ នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង (រូបភាព៖ AFP)
× នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃទី២៧ ខែកុម្ភៈ បានប្រកាសថា លោកនឹងរុះរើគណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។ គោលបំណងនៃការរុះរើគណៈរដ្ឋមន្ត្រីពេលនេះ គឺផ្ដល់ការទទួលខុសត្រូវឲ្យបានច្រើនទៅមេដឹកនាំជំនាន់ក្រោយ។ យ៉ាងណាមិញ លោក លី សៀនឡុង មិនបានបង្ហើបពីបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីនៅឡើយទេ ខណៈលោកនឹងលាលែងពីតំណែងក្រោយការបោះឆ្នោតសភាក្នុងឆ្នាំ២០២១ ។
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានប្រកាសពីគម្រោងរុះរើគណៈរដ្ឋមន្ត្រី ដែលអាចធ្វើឡើក្នុងខែឧសភា ក្រោយសភាសិង្ហបុរីចូលធ្វើការវិញ។ លោក លី សៀនឡុង និយាយថា ការរុះរើសមាសភាពរដ្ឋាភិបាលលើកនេះ មានគោលដៅផ្ដល់ឱកាសឲ្យមេដឹកនាំវ័យក្មេងអាចចេញមុខបានច្រើន និងមានការទទួលខុសត្រូវច្រើនដែរ។
ជុំវិញកាលបរិច្ឆេទរុះរើគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះបានសរសេរថា សភានឹងពិភាក្សាថវិកាឆ្នាំ២០១៨ នៅថ្ងៃទី២៧ ខែកុម្ភៈ បន្ទាប់មកនឹងមានការពិភាក្សាលើផែនការរបស់ក្រសួងនីមួយៗ។ បន្តទៀត សភាសិង្ហបុរីនឹងសម្រាក រួចទើបចាប់ផ្ដើមការងារឡើងវិញនៅខែឧសភា។ ប្រធានាធិបតីសិង្ហបុរីនឹងថ្លែងបើកសម័យប្រជុំសភា ហើយលោក លី បានប្រាប់ឲ្យក្រុមមេដឹកនាំជំនាន់ទីបួន ព្រាងសុន្ទរកថា ដែលបង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាល។
ជាមួយនឹងការផ្លាស់ប្ដូរសមាជិករដ្ឋាភិបាលលើកនេះ នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីវ័យជ្រេដដែលអះអាងថា វានឹងជួយអ្នកស្នងតំណែងពីលោកទទួលបានការគាំទ្រពីមន្ត្រីដែលខ្លាំង មានបទពិសោធន៍ និងមានការប្ដេជ្ញាចិត្តខ្ពស់ដើម្បីដឹកនាំសិង្ហបុរី។ ប៉ុន្តែលោក លី សៀនឡុង នៅតែមិនបញ្ជាក់ពីអនាគតនាយករដ្ឋមន្ត្រីថ្មីដដែល ទោះជាមានការទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្ដី ខណៈលោកត្រូវចាកចេញពីតំណែងនេះនៅក្រោយឆ្នាំ២០២១ ។
ទាក់ទងបញ្ហាស្នងតំណែងនេះ លោក លី សៀនឡុង កូនប្រុសអតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ ធ្លាប់លើកឡើងថា បេក្ខនាយករដ្ឋមន្ត្រីថ្មីអាចបង្ហាញមុខយឺតពេលបន្តិច ទោះជាបុគ្គលរូបនេះកំពុងស្ថិតក្នុងចំណោមក្រុមមេដឹកនាំជំនាន់ទីបួន ដែលជាសមាជិករដ្ឋាភិបាលបច្ចុប្បន្នក្ដី។ នេះមានន័យថា បក្សកាន់អំណាចសិង្ហបុរីទំនងជាមិនទាន់អាចជ្រើសរើសបេក្ខជនសក្តិសមណាម្នាក់សម្រាប់បន្តតំណែងជានាយករដ្ឋមន្ត្រីទីបួននៅឡើយ។
មកទល់ពេលនេះ គេឃើញមានបេក្ខជនបីរូបដែលអាចដឹកនាំបុរីរដ្ឋមួយនេះបន្តពីលោក លី ។ នោះ គឺរដ្ឋមន្ត្រីហិរញ្ញវត្ថុ ហេង ស្វីគៀត, រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រី ចាន់ ឈុនស៊ីង និងរដ្ឋមន្ត្រីអប់រំ (ទទួលបន្ទុកឧត្តមសិក្សា) អុង យីគង់។ រដ្ឋមន្ត្រីទាំងបីនេះ ស្ថិតក្នុងចំណោមមេដឹកនាំវ័យក្មេងជំនាន់ទីបួន។ ជាទម្លាប់ ម្នាក់ក្នុងចំណោមរដ្ឋមន្ត្រីទាំងបីនេះ ទំនងជាកាន់តំណែងជាន់ខ្ពស់ណាមួយក្នុងការរុះរើគណៈរដ្ឋមន្ត្រីខាងមុខ បើបុគ្គលរូបនេះគឺជាអនាគតនាយករដ្ឋមន្ត្រីសិង្ហបុរី៕
Tag:
សិង្ហបុរី
លី សៀនឡុង
© រក្សាសិទ្ធិដោយ thmeythmey.com