កីឡាអន្តរជាតិ
អន្តរជាតិ
Kazuyoshi Miura កីឡាករ​អាជីព​វ័យ​ចំណាស់​ជាងគេ​លើ​ពិភពលោក ប្រារព្ធ​ខួប​៥១​ឆ្នាំ​
27, Feb 2018 , 7:19 pm        
រូបភាព
បន្ទាប់ កីឡាករ Kazuyoshi Miura ហៅ «King Kazu» ឈានដល់អាយុ៥១​ឆ្នាំ។ រូបថត AFP
បន្ទាប់ កីឡាករ Kazuyoshi Miura ហៅ «King Kazu» ឈានដល់អាយុ៥១​ឆ្នាំ។ រូបថត AFP
ដោយ: រួបរួម
​កីឡាករ​ជប៉ុន Kazuyoshi Miura ដែល​ទើប​ទទួលបាន​កំណត់ត្រា​ពិភពលោក Guinness World Records ក្នុងនាម​ជា​កីឡាករ​វ័យ​ចំណាស់​ជាងគេ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ក្របខណ្ឌ​បាល់ទាត់​អាជីព ឈានដល់​អាយុ​៥១​ឆ្នាំ​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ​។​



​ក្របខណ្ឌ​កីឡាបាល់ទាត់​លំដាប់​ទី​ពីរ​របស់​ជប៉ុន (J2 League) ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់ខ្លួន កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ហើយ​មួយថ្ងៃ​បន្ទាប់ កីឡាករ Kazuyoshi Miura រហស្សនាម «King Kazu» ដែលជា​ខ្សែប្រយុទ្ធ​របស់​ក្លិប Yokohama FC ត្រូវ​ប្រារព្ធ​ខួប​៥១​ឆ្នាំ​របស់ខ្លួន​។

Kazu បច្ចុប្បន្ន​មានឈ្មោះ​ជា​កីឡាករ​អាជីព​ដែលមាន​វ័យ​ចំណាស់​ជាងគេ​លើ​លោក ដោយបាន​ប្រកប​អាជីព​តំបូង​នៅ​ក្លិប Santos របស់​ប្រេ​ស៊ី​ល​នៅ​ឆ្នាំ​១៩៨៦ ហើយ​បន្ត​លេង​ឲ្យ​ក្លិប​មួយចំនួនទៀត ដូចជា Palmeiras និង Coritiba មុននឹង​វិលត្រឡប់​ទៅ​ជប៉ុន​វិញ​ក្នុង​ឆ្នាំ​១៩៩០ ។​



​ជាមួយ​ក្លិប Yomiuri/Kawasaki កីឡាករ Kazu បាន​ជើងឯក J.League ចំនួន​៤​លើក​។ នៅ​ឆ្នាំ​១៩៩៣ កីឡាករ​រូបនេះ បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ជាងគេ​នៅ J.League និង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​អាស៊ី​ផងដែរ​។ គាត់​ធ្លាប់​លេង​ខ្ចី​ជើង​នៅ Genoa របស់​អ៊ីតាលី និង​បន្តទៅ Dinamo Zagreb របស់​ក្រូ​អាស៊ី មុន​ត្រឡប់​ទៅកាន់​ជប៉ុន ហើយ​លេង​ជា​បន្តបន្ទាប់​នៅ Kyoto Purple Sanga និង Vissel Kobe​។ Kazu ក្លាយជា​កីឡាករ​ក្លិប Yokohama FC ចាប់តាំងពី​ឆ្នាំ​២០០៥​មក ដោយនៅ​ឆ្នាំ​ដំបូង គាត់​ទៅលេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ Syndney FC របស់​អូស្ត្រាលី​រយៈពេល​២​ខែ​។​

​កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៧ Kazu បាន​ក្លាយជា​កីឡាករ​វ័យ​ចំណាស់​ជាងគេ [៥០​ឆ្នាំ​] ខណៈ​ក្រុម Yokohama របស់លោក​ប្រកួត​តទល់​ជាមួយ V-Varen Nagasaki ។ កំណត់ត្រា​កន្លងមក គឺ​លោក Stanley Matthews ដែល​លេង​រហូតដល់​អាយុ​៥០​ឆ្នាំ មុន​បញ្ចប់​អាជីព​នៅ​ឆ្នាំ​១៩៦៥ ។​

​បន្ទាប់មក Kazu បន្ត​បំបែក​កំណត់ត្រា​របស់ Matthews ក្នុងនាម​ជា​កីឡាករ​វ័យ​ចំណាស់​ជាងគេ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី ខណៈ​លោក​បាន​ជួយ​ឲ្យ​ក្រុម Yokohama របស់ខ្លួន ទទួល​ជ័យជម្នះ ១-០ លើ Thespakusatsu Gunma​។ លោក​បានទទួល​បណ្ណ​កំណត់ត្រា​ពិភពលោក​ពី Guinness World Records នា​ពិធី​មួយ​នៅ​ក្រុង​តូ​ក្យូ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​។​

​ទាក់ទង​នឹង​កីឡាករ​បាល់ទាត់​អាជីព​ដែលមាន​វ័យ​ចំណាស់​ជាងគេ អតីត​អ្នកចាំទី Brad Friedel របស់ Tottenham មានកំណត់​ត្រា​នៅ Premier League ដោយ​លេង​រហូតដល់​អាយុ​៤៣​ឆ្នាំ ដូច​អតីត​កីឡាករ John Burridge នៃ​ក្លិប Manchester City​។

​ដោយឡែក អតីត​កីឡាករ​អន្តរជាតិ​ស្កុ​តឡែ​ន Neil McBain ក៏បាន​លេង​រហូតដល់​អាយុ​៥១​ឆ្នាំ​ផងដែរ សម្រាប់​ក្រុម New Brighton នៃ​ក្របខណ្ឌ​លំដាប់​ទាប​នៅ​អង់គ្លេស​។ ប៉ុន្តែ​កំណត់ត្រា​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក Salvador Reyes អតីត​ខ្សែប្រយុទ្ធ​ម៉ិ​ក​ស៊ិ​ក ដែល​ក្លិប Chivas របស់ខ្លួន​ផ្តល់​កិត្តិយស ឲ្យ​ទាត់​បាល់​ដំបូង​នា​ការប្រកួត​ផ្លូវការ​មួយ​នៅ​ឆ្នាំ​២០០៨​។ នាពេលនោះ លោក​មាន​អាយុ​៧១​ឆ្នាំ ហើយ​ត្រូវបាន​ជំនួស​ចេញ​ភ្លាម​ក្រោយ​ទាត់​បាល់​បើក​ការប្រកួត​៕


Tag:
 បាល់ទាត់​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com