ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​ថា មិន​បារម្ភ​ពី​វត្តមាន​ចិន​នៅ​ឆ្នេរ​ខេត្ត​ព្រះសីហនុ តែ​ត្រូវ​ពង្រឹងសមត្ថភាព​ចាប់យក​ការងារ​
27, Feb 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វត្តមាន​របស់​វិនិយោគិន និង​អាជីវករ​ចិន​នៅ​ខេត្ត​ព្រះសីហនុ បាន​ក្លាយជា​ប្រធានបទ​នៃ​ការជជែក​ដេញដោល និង​ក្ដី​ព្រួយបារម្ភ​ពី​សាធារណជន​មួយចំនួន​នាពេល​សព្វថ្ងៃនេះ​។ ចំពោះ​រឿងនេះ លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ ពុំមាន​ក្ដីកង្វល់​លើ​វត្តមាន​ចិន​នៅ​ទីនោះ​ឡើយ  តែ​លោក​ជំរុញ​ឲ្យ​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស ដើម្បី​ចាប់យក​ការងារ​ឲ្យ​ច្រើន​ពី​ការអភិវឌ្ឍ​នៅ​តំបន់ឆ្នេរ​មួយ​នេះ​។​



សូម​ស្ដាប់​ប្រសាសន៍​លោក ថោង ខុន ខាងក្រោម​នេះ​៖




​ក្នុងនាម​ក្រសួងទេសចរណ៍ លោក ថោង ខុន បានចាត់ទុក​វត្តមាន​ភ្ញៀវ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ថា​ជា​រឿង​ល្អ​។ «​ខ្ញុំ​អត់​ព្រួយបារម្ភ​ទេ នរណា​ព្រួយបារម្ភ​ក៏​ព្រួយ​ទៅ​។ ខ្ញុំ​ធ្វើការ​ទេសចរណ៍ គឺ​ចង់បាន​ភ្ញៀវ​មក ដែលជា​រឿង​សប្បាយ ហើយ​ជាការ​ទទួលខុសត្រូវ មិនមែន​ព្រួយបារម្ភ​ទេ គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ឆ្នេរ​ខេត្ត​ព្រះសីហនុ​ស្អាត​»​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ បាន​ថ្លែង​ដូចនេះ​ប្រាប់​អ្នកសារព័ត៌មាន នាឱកាស​កម្មវិធី​សន្និបាត​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង នៅ​ថ្ងៃទី​២៧​ខែកុម្ភៈ​។​

​ការបើក​ឲ្យ​មានការ​វិនិយោគ​របស់​ចិន​យ៉ាងច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​នាពេល​ថ្មីៗ​នេះ  ជាការ​ឆ្លើយតប​កំណើន​យ៉ាងគំហុក​នៃ​ទេសចរ​ចិន​ក្នុង​តំបន់​នេះ​។ លោក ថោង ខុន មានប្រសាសន៍​បែបនេះ​ថា​៖«​យើង​មិនមែន​ហៅ​តែ​ចិន​ទេ នរណា​ក៏ដោយ​មក​វិនិយោគ​នៅ​កន្លែង​ណា​ក៏​បានដែរ ប៉ុន្តែ​ចិន គាត់​ដឹង​កម្លាំង​របស់គាត់ ទេសចរណ៍​ចិន​កើនឡើង​យ៉ាងម៉េច តែ​ផលិតផល​ដែល​ឆ្លើយតប​តម្រូវការ​ទេសច​រ​ចិន គឺ​វា​អត់ អ៊ីចឹង​គេ​ត្រូវធ្វើ​ផលិតផល​ដើម្បី​ឆ្លើយតប​ទីផ្សារ​ចិន​»​។​

​អ្វីដែល​សំខាន់ គឺ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​ចាប់យក​ឱកាស​ការងារ​ឲ្យ​បាន​ច្រើន​ពី​ការវិនិយោគ និង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ​នៅ​ទីនោះ​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន ។​

​ទោះយ៉ាងណា​វត្តមាន​អ្នករកស៊ី​ចិន​នៅ​ខេត្ត​ព្រះសីហនុ  មិន​ទទួលបាន​ការពេញចិត្ត​ពី​ពលរដ្ឋ​មួយចំនួន​នៅ​តំបន់​នោះឡើយ​។ ព្រោះ​ចិន​កំពុង​ច្បាម​យក​ផលប្រយោជន៍​ផ្សេងៗ​ពី​កំណើន​ទេសចរ​ចិន​នៅ​ទីនោះ​។ លើសពីនេះ ពលរដ្ឋ​ខ្មែរ​ដែល​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ ថែមទាំង​អះអាងថា ទេសចរ​អឺរ៉ុប ដែល​ធ្លាប់តែ​មក​ហាង​របស់ខ្លួន​ច្រើនៗ បាន​ធ្លាក់ចុះ ក្នុងពេល​ទេចរ​ចិន​បាន​គំហុក​ចូល​ខេត្ត​ឆ្នេរ​មួយ​នេះ​។​

​តែ​ការ​ចូលមក​ដណ្ដើម​ផលប្រយោជន៍​អាជីវកម្ម​ដោយ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​នេះ  ត្រូវបាន​លោក ថោង ខុន អះអាងថា ជា​រឿង​ធម្មតា​ក្នុង​ទីផ្សារសេរី​។​
​ក្រៅពី​បញ្ហា​មុខរបរ​អាជីវកម្ម ការប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ​ពី​ជន​ជាតិចិន​នៅ​ខេត្ត​ព្រះសីហនុ ក៏​កំពុង​បង្កើត​ក្ដីកង្វល់​ដល់​អាជ្ញាធរ​នៅ​ទីនោះ​ផងដែរ​៕


Tag:
 ចិន​
  ព្រះសីហនុ​
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com