ជាតិ
យុវជនវ័យក្មេងក្នុងតំបន់អាស៊ាន ចូលរួមសិក្ខាសាលាថ្នាក់តំបន់មុខវិជ្ជា STEM នៅកម្ពុជា
× ភ្នំពេញៈ យុវជនវ័យក្មេងក្នុងតំបន់អាស៊ាន ចំនួន៥០នាក់ នឹងចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីការសិក្សាមុខវិជ្ជា STEM នៃគំរោងមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។
មុខវិជ្ជា STEM គឺផ្ដោតលើការសិក្សា ជំនាញវិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM)នៃគំរោងផ្តួចផ្តើមស្តីពី «មេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI)។ គម្រោងនេះស្ថិតក្រោមកិច្ចសហការគ្នារវាងស្ថានទូតអាមេរិក និងមូលនិធិអាស៊ី រួមទាំងគំរោង STEM Cambodia ។
សេចក្ដីប្រកាសព័ត៌មានស្ថានទូតអាមេរិក ថ្ងៃទី២៧ ខែកុម្ភៈ បានបញ្ជាក់ដូច្នេះថា៖«សិក្ខាសាលានេះ នឹងផ្តោតទៅលើសារសំខាន់នៃការសិក្សាមុខវិជ្ជា STEM និងភាពខ្វះចន្លោះក្នុងជំនាញមុខវិជ្ជា STEM។ ហើយនារីដែលសិក្សាមុខវិជ្ជា STEM និងទទួលគំនិតថ្មីៗទាក់ទងនឹងមុខវិជ្ជា STEM »។
គំរោង YSEALI ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ គឺជាកម្មវិធីសំខាន់មួយនៃក្រសួងការបរទេសអាមេរិក សម្រាប់ពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការចងក្រងគ្នាជាបណ្តាញនៅតំបន់អាស៊ីអាគ្នេយ៍។ គំរោង YSEALI មានបំណងកសាងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំរបស់យុវជននៅក្នុងតំបន់ ដោយពង្រឹងទំនាក់ទំនងរវាងអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ថានទូតអាមេរិកប្រចាំកម្ពុជា ៕
© រក្សាសិទ្ធិដោយ thmeythmey.com