ជាតិ
សម្ដេច ហ៊ុន សែន ចំអកឲ្យអ្នកដុតរូបទីងមោងសម្ដេច ប្ដូរទៅដុតរូបនាគវិញ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំអកឲ្យអ្នកដុតរូបទីងមោងសម្ដេចថា ជាទង្វើរគ្មានប្រយោជន៍ និងគ្មានប្រសិទ្ធិភាពអ្វីប៉ះពាល់ដល់រាសីសម្ដេចឡើយ។ សម្ដេច ហ៊ុន សែន បាននិយាយថា ការដុតរូបទីងមោងនេះ «មិនអាចឲ្យសម្ដេចស្លាប់»នោះទេ ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ ១៧,៨២៨នាក់ មកពីរោងចក្រសហគ្រាសចំនួន៨ នៅខេត្តកំពង់ស្ពឺ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖««ប៉ុន្មានថ្ងៃនេះ សុំផ្ដាំទៅអ្នកដុតរូប ហ៊ុន សែន របៀបនេះ ដុតអត់ត្រូវសោះ គឺដុតខុសហើយ។ បើចង់ដុតរូប ហ៊ុន សែន ដើម្បីឲ្យ ហ៊ុន សែន ស្លាប់ មានវិធីតែមួយទេ សុំប្រាប់ដោយសារ ហ៊ុន សែន កើតឆ្នាំរោង គឺសត្វនាគ ដូច្នេះត្រូវដុតរូបនាគទាំងអស់ គឺងាប់ ហ៊ុន សែន ហើយ។ ដុតត្រឹមរូបថតនេះ អត់មានបញ្ហាដល់ ហ៊ុន សែន ទេ ហើយដុតរូបនាគទៀតសោត គឺដុតរូបនាគនៅតាមវត្ត»។
ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមួយចំនួន រួមមាន អាមេរិក កាណាដា និងអូស្ត្រាលី បាននាំគ្នាដុតរូបទីងមោងសម្ដេច ហ៊ុន សែន ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល។ សកម្មភាពរបស់ពលរដ្ឋខ្មែរទាំងនោះ ធ្វើឡើងក្រោយពីសម្ដេច ហ៊ុន សែន ប្រកាសហាមពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ដុតរូបទីងមោងសម្ដេច នៅពេលចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី ខាងមុខនេះ។
ទាក់ទងនឹងបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងចរចាការទូតជាមួយប្រទេសអូស្ត្រាលី ដើម្បីឲ្យមានការធានាកិត្តិយសសម្ដេច ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com