ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​អត់ថា ហេតុអ្វី​បានជា​រាងកាយ​ត្រូវការ​ជាតិ​ស័​ង្គ​សី​?
28, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាតិ​ស័​ង្គ​សី​គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​កោសិកា​ក្នុង​រាងកាយ​ត្រូវការ​ដើម្បី​ប្រឆាំងនឹង​បាក់តេរី និង​វីរុស និង​សម្រាប់​បង្កើតជា​ហ្សែ​ន ឬ​ហៅថា DNA​។ វា​ជួយ​ដល់​របួស​ឲ្យ​ឆាប់​ជា ជួយ​ដល់​ការបង្កើន​ញាណ​របស់​ក្លិន និង​រសជាតិ ព្រមទាំង​សំខាន់​សម្រាប់​ទារក​ទើបនឹង​កើត និង​ក្មេង​លូតលាស់​។



​មនុស្ស​ធំ​ប្រុស​ត្រូវការ​ជាតិ​ស័​ង្គ​សី ១១​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ និង​ស្ត្រី​ត្រូវការ ៨​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ បើសិនជា​អ្នកមាន​ផ្ទៃពោះ ឬ​កំពុងតែ​បំបៅ​ដោះ​កូន អ្នកនឹង​ត្រូវការ​ច្រើនជាង​នេះ​ប្រហែល ១២​មី​លី​ក្រាម​ឯណោះ​។ សម្រាប់​ក្មេងៗ​ត្រូវការ​ពី ២ ទៅ​១១​មី​លី​ក្រាម​អាស្រ័យ​ទៅតាម​អាយុ និង​ភេទ​របស់​ពួកគេ​ដែរ​។

​តើ​ខ្ញុំ​ទទួលបាន​ជាតិ​ស័​ង្គ​សី​គ្រប់គ្រាន់​ដែរ​ទេ​?
​សម្រាប់​ប្រជាជន​អាមេរិក​ប្រហែលជា​គ្រប់គ្រាន់​។ ប៉ុន្តែ​មានរឿង​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​រាងកាយ​ពិបាក​នឹង​ប្រើប្រាស់​វា​ដូចជា ការវះកាត់​នៅ​ក្រពះ ឬ​ពោះវៀន ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​និង​មាន​ជំងឺ​ទាក់ទង​នឹង​ការរំលាយ​អាហារ​ដូចជា ការ​រលាក​ពោះវៀនធំ​ជាដើម​។ អ្នក​ដែល​មិនបាន​ញ៉ាំ​សាច់ ឬ​ផលិតផល​ធ្វើ​ពី​សាច់សត្វ​អាច​នឹង​ពិបាក​ទទួលបាន​ជាតិ​ស័​ង្គ​សី​គ្រប់គ្រាន់​ណាស់​។

​តើ​មាន​អ្វី​កើត​ឡើងទៅ​បើសិនជា​មិន​ទទួលបាន​ជាតិ​ស័​ង្គ​សី​គ្រប់គ្រាន់​?
​វា​អាចធ្វើ​ឲ្យ​ការលូតលាស់​របស់​ក្មេង​យឺត​ពេល និង​ពន្យា​ពេល​ការ​ពេញវ័យ​របស់​យុវវ័យ​។ សម្រាប់​មនុស្ស​ធំ​ដែលមាន​ជាតិ​ស័​ង្គ​សី​ក្នុង​ឈាម​ទាប​អាច​ជ្រុះ​សក់ រាករូស មាន​ដំបៅ​នៅ​ភ្នែក និង​ភ្នែក ហើយក៏​បាត់បង់​ចំណង់​អាហារ​ថែម​ទៀតផង​។ វា​ក៏​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​របស់​បុរស​ថែមទៀត​ដែរ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុននឹង​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​ស័​ង្គ​សី​នេះ ។

​ស្បែក​មាន​សុខ​ភាពល្អ​
​ជាតិ​ស័​ង្គ​សី​អាចជួយ​ដល់​ស្បែក​ធ្វើ​អ្វី​ទៅតាម​វា​គួរតែ​ធ្វើ​ដូចជា ការពារ​អ្នក​ពី​ភាព​ក្តៅ និង​ត្រជាក់ បាក់តេរី និង​វីរុស​ផងដែរ​។ គ្រូពេទ្យ​អាច​នឹង​ចេញ​ជា​ថ្នាំ​បំប៉ន​ជាតិ​ស័​ង្គ​សី ឬ​ក្រែ​ម​លាប​ដើម្បី​ព្យាបាល​បញ្ហា​លើ​ស្បែក​ដូចជា​ជំងឺ​មុន​ជាដើម​។

​តើ​វា​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​បានទេ​?

​ការសិក្សា​ខ្លះ​បាន​ឲ្យ​ដឹងថា បើសិនជា​អ្នក​លេបថ្នាំ​សេ​រ៉ូ​ជាតិ​ស័​ង្គ​សី តែ​មិនមែនជា​ថ្នាំ​គ្រាប់ ក្នុង​រយៈពេល ២៤​ម៉ោង​នៃ​ការ​មាន​អារម្មណ៍​ថា​មាន​ជំងឺ​ផ្តាសាយ រោគសញ្ញា​អ្នកនឹង​មិន​ធ្ងន់ធ្ងរ ឬ​មាន​រយៈពេល​យូរ​ឡើយ​។

​ប្រហែលជា​ជួយ​បង្ការ​ជំងឺ​ភ្នែក​ដែល​ទាក់ទង​នឹង​ការ​ចាស់​ទៅតាម​អាយុ​ដែរ​
​ជំងឺ​ភ្នែក Age-related Macular Degeneration (AMD) គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​ភ្នែក​មើលមិនឃើញ​កាលណា​កើត​វា​រយៈពេល​យូរ​។ ការសិក្សា​ដ៏​ធំ​មួយ​ទៅលើ​មនុស្ស​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះ​បាន​បង្ហាញថា ការ​ញ៉ាំ​ថ្នាំ​វីតាមីន​ចម្រុះ​ជាមួយនឹង​ជាតិ​ស័​ង្គ​សី​រាល់ថ្ងៃ ព្រមទាំង​វីតាមីន C, A, Beta-carotene និង​ទង​ដែង អាចជួយ​អ្នក​ចៀសវាង​ការកើត​ជំងឺ​នេះ​បាន​។ ប៉ុន្តែ​ការសិក្សា​ផ្សេងៗ​ទៀត​មិនបាន​ទទួលលទ្ធផល​ដូចគ្នា​ឡើយ​។ បើសិនជា​អ្នក​ដឹងថា​ខ្លួនឯង​ប្រឈម​ខ្ពស់​ហើយ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​ទៅ​។

​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ស័​ង្គ​សី​មានដូចជា​៖
•    អយ​ស្ទើ​
•    ស្តេច​ក្តាម​អា​ឡា​ស្កា​
•    សាច់មាន់​
•    គ្រាប់ស្វាយចន្ទី​
•    ថ្នាំ​បំប៉ន​ជាតិ​ស័​ង្គ​សី​

​ជាតិ​ស័​ង្គ​សី​ក្នុង​ឈាម​ច្រើនពេក​ល្អ​ដែរ​ទេ​?
​វា​អាចធ្វើ​ឲ្យ​រាករូស ឈឺក្រពះ ឈឺក្បាល និង​ចង្អោ​។ ហើយ​បើសិនជា​អ្នក​លេប​ច្រើនៗ​រយៈពេល​យូរ​ទៀត​នោះ អ្នក​ប្រហែល​ជាមាន​ចំនួន​ជាតិ​ទង​ដែង​ចុះ​ទាប ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ចុះ​ទាប​។ អ្នក​មិនគួរណា​ញ៉ាំ​ជាតិ​ស័​ង្គ​សី​ច្រើនជាង ៤០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ឡើយ​បើសិនជា​មិនមាន​ការណែនាំ​ពី​គ្រូពេទ្យ​ទេនោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com