អន្តរជាតិ
លោក ប្រាយុទ្ធ សន្យារៀបចំការបោះឆ្នោតមិនឲ្យលើសខែកុម្ភៈ ឆ្នាំ២០១៩ រូបភាព៖ AFP
× ក្រោយការលើកពេលការបោះឆ្នោតម្ដងហើយម្ដងទៀត មេដឹកនាំរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា បានកំណត់កាលបរិច្ឆេទថ្មីមួយទៀត។ នៅថ្ងៃទី២៧ ខែកុម្ភៈ លោក ប្រាយុទ្ធ បានសន្យារៀបចំការបោះឆ្នោតមិនឲ្យលើសពីខែកុម្ភៈ ឆ្នាំ២០១៩ ឡើយ។ ការពន្យារបោះឆ្នោតជាច្រើនពីសំណាក់របបសឹក បានរងការរិះគន់យ៉ាងខ្លាំងទាំងពីសកម្មជនសិទ្ធិមនុស្ស បក្សនយោបាយក្នុងស្រុក និងសហគមន៍អន្តរជាតិផង។
ការពន្យារពេលអនុវត្តច្បាប់ស្ដីពីការជ្រើសរើសសមាជិកសភាពីសំណាក់សភានីតិបញ្ញត្តិរហូតដល់ទៅ៩០ថ្ងៃ ធ្វើឲ្យការបោះឆ្នោតដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវបានពន្យារ។ របបសឹកថៃដែលកំពុងដឹកនាំប្រទេស បានរងការរិះគន់កាន់តែខ្លាំងឡើងៗ ដោយសារការពន្យារពេលរៀបចំការបោះឆ្នោតឥតឈប់ឈរបែបនេះ។
ជុំវិញការពន្យារពេលការបោះឆ្នោតខែវិច្ឆិកា មូលហេតុសំខាន់ គឺការលើកពេលអនុវត្តច្បាប់ស្ដីពីការជ្រើសរើសសមាជិកសភាតែម្ដង។ ការពន្យារពេលអនុវត្តច្បាប់នេះ បានរុញកាលបរិច្ឆេទបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៨ ទៅដល់ខែកុម្ភៈ ឆ្នាំ២០១៩ វិញ។ នេះក៏ព្រោះច្បាប់រដ្ឋធម្មនុញ្ញថៃឆ្នាំ២០១៧ ចែងថា ការបោះឆ្នោតត្រូវរៀបចំនៅរយៈពេល១៥០ថ្ងៃ ក្រោយច្បាប់សំខាន់ទាំង៤ ដែលបម្រើឲ្យការបោះឆ្នោត ចូលជាធរមាន។
នៅថ្ងៃទី២៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ក៏ចេញមុខប្រកាសថា ការបោះឆ្នោតទូទៅ នឹងត្រូវរៀបចំនៅឆ្នាំក្រោយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងបាងកក មេដឹកនាំរបបយោធារូបនេះបញ្ជាក់ច្បាស់ៗថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងមិនយូរជាងខែកុម្ភៈ ឆ្នាំ២០១៩ នោះឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
តាំងពីឡើងកាន់អំណាចឆ្នាំ២០១៤ មក របបដឹកនាំយោធារបស់លោក ប្រាយុទ្ធ បានពន្យារពេលបោះឆ្នោតជាច្រើនលើកមកហើយ។ ក្រុមអ្នករិះគន់របបសឹកថៃ បានចោទថា ក្រុមយោធាកំពុងប៉ុនប៉ងពន្យារពេលកាន់អំណាចរបស់ខ្លួនឲ្យបានយូរបានតែអាចធ្វើទៅបាន ខណៈបានក្បត់សម្ដីសន្យាជាច្រើនដង។ ប៉ុន្តែរបបសឹកអះអាងថា ខ្លួនធ្វើទៅតាមផែនទីចង្អុលផ្លូវដើម្បីឆ្ពោះទៅកាន់ប្រជាធិបតេយ្យប៉ុណ្ណោះ។
ការមិនពេញចិត្តចំពោះរបបយោធាថៃបានកើនឡើងជាលំដាប់ ជាពិសេសក្នុងចំណោមសកម្មជនសិទ្ធិមនុស្ស និងអ្នកប្រជាធិបតេយ្យ។ ការប្រមូលផ្ដុំគ្នាបានកើតឡើងជារឿយៗក្នុងទីក្រុងបាងកក ដើម្បីតវ៉ាឲ្យរដ្ឋាភិបាលយោធារក្សាពាក្យសម្ដី និងរៀបចំការបោះឆ្នោតនៅត្រឹមខែវិច្ឆិកាដដែល៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com