ជាតិ
រដ្ឋាភិបាល បង្ហើប​ថា​កម្ពុជា​នាំចូល​អាវុធ​រាប់​តោន ដើម្បី​ពង្រឹងសមត្ថភាព​យោធា
28, Feb 2018 , 3:51 pm        
រូបភាព
​ភ្នំពេញ​៖ សព្វាវុធ​រាប់​តោន ត្រូវបាន​ដឹកជញ្ជូន​មកដល់​កម្ពុជា កាលពី​យប់​ថ្ងៃទី​២៧ កុម្ភៈ​។ ព័ត៌មាន​នេះ​ត្រូវបាន​បង្ហើប​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ នៅក្នុង​ខេត្តកំពង់ស្ពឺ​។​



​សម្ដេច ហ៊ុន សែន បាន​និយាយ​ដោយ​ប្រយោល​ថា ទំនិញ​ពិសេស​(​សព្វាវុធ​)​ទាំងនោះ ត្រូវបាន​រក្សាទុក​នៅក្នុង​ក្រសួងការពារជាតិ ដោយ​សម្ដេច ទៀ បាញ់ ជា​អ្នកទទួលខុសត្រូវ​។ បើតាម​សម្ដេច ហ៊ុន សែន សព្វាវុធ​នោះ គឺ​យកមក​ពង្រឹងសមត្ថភាព​យោធា​ប៉ុណ្ណោះ​។​

​ប្រមុខ​រដ្ឋាភិបាល បាន​ព្រលយ​យ៉ាង​ដូច្នេះ​ថា​៖«​យប់មិញ (២៧ កុម្ភៈ​) ទំនិញ​ពិសេស​(​សព្វាវុធ​)​របស់​យើង​បានមក​ដល់​។ ទំនិញ​ពិសេស​នេះ មិនអាច​ឲ្យ​អ្នកណា​ដឹងថា ជា​អ្វី​ទេ តែ​ក៏​មិនមែន​គ្រឿងញៀន​ទេ ព្រោះ​ដឹក​សុទ្ធតែ​កុងតឺន័រ ប៉ុន្មាន​ពាន់​តោន ចូលដល់​ម៉ឺន​តោន​នោះ​។ ប៉ុន្តែ​ប្រទេសមួយ​ត្រូវមាន​មធ្យោបាយ​ការពារជាតិ​របស់ខ្លួន ហើយ​សម្ដេច ទៀ បាញ់ បានធ្វើ​លើ​កិច្ចការងារ​នេះ (​អ្នកទទួលខុសត្រូវ​)​។ ខ្ញុំ​និយាយ​ប៉ុណ្ណេះ​ប្រហែល​អាចមាន​អ្នកដឹង ព្រោះ​រដ្ឋមន្ត្រី​ការពារជាតិ គាត់​មិនដែល​ទៅ​ដឹក​ផ្កា ចូល​កម្ពុជា​ទេ​»​។

​តែ​យ៉ាងណា​សម្ដេច ហ៊ុន សែន មិនបាន​បញ្ជាក់ថា តើ​សព្វាវុធ​ទាំងនោះ មាន​ប្រភេទ​អ្វីខ្លះ ហើយ​នាំចូល​មកពី​ប្រទេស​ណា​នោះទេ​។​

 ជាការកត់សម្គាល់ កម្ពុជា -​ចិន នឹងធ្វើ​សមយុទ្ធ​«​លំ​ហាត់​យោធា​នាគ​មាស​» រួមគ្នានៅ​ខែមីនា​ខាងមុខ ដើម្បី​អបអរ​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នោះ ភាគច្រើន​ផ្តោតទៅលើ​ការប្រឆាំង​ភេរវកម្ម និង​សង្គ្រោះបន្ទាន់ ។

​សមយុទ្ធ​«​លំ​ហាត់​យោធា​នាគ​មាស​» នឹង​ផ្ដោតលើ​វិញ្ញាសារ​រាវ​មីន និង​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការ​ដោះ​គ្រាប់បែក​សារធាតុ​គីមី​ពុល ការ​បន្សាប​ជាតិគីមី​ពុល ការប្រយុទ្ធ​របស់​កង​អនុ​សេនា​ធំ​រថក្រោះ សហការ​ជាមួយ​វរ​សេនា​តូច​ថ្មើរជើង ការរំដោះ​ចំណាប់ខ្មាំង និង​ការងារ​មនុស្សធម៌ និង​បាញ់​គ្រាប់​ពិតជា​ដើម​។ នេះ​បើតាម​លោក ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ​៕


Tag:
 ហ៊ុន សែន​
  អាវុធ​
© រក្សាសិទ្ធិដោយ thmeythmey.com