អន្តរជាតិ
Forbes ៖ ឌូទើតេ បំបែកសំណុំរឿងគ្រឿងញៀន តែអំពើពុករលួយនៅតែដុះដាល
× សង្គ្រាមប្រឆាំងគ្រឿងញៀន គឺជាគោលនយោបាយអាទិភាពមួយ របស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងអាណតិ្តដឹកនាំរយៈពេលប្រាំមួយឆ្នាំ ។ គោលនយោបាយនេះ បានប្រែក្លាយបុរសរដ្ឋរូបនេះទៅជាបុរសខ្លាំងក្នុងចំណោមមេដឹកនាំពិភពលោកផ្សេងទៀតក្នុងប្រតិបត្តិការកម្ចាត់គ្រឿងញៀន ប៉ុន្តែការដឹកនាំនេះមិនបានបោសសម្អាត់អំពើពុករលួយក្នុងជួររដ្ឋាភិបាលឡើយ ។
ទស្សនាវដ្តី Forbes កាលពីសប្តាហ៍មុន បានចេញអត្ថបទបែបអត្ថាធិប្បាយមួយពាក់ព័ន្ធការដឹកនាំរបស់បុរសខ្លាំងហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ក្រោមចំណងថា «អំពើពុករលួយ នៅតែជាបញ្ហាធំនៅប្រព័ន្ធដឹកនាំហ្វីលីពីន » ។
« ចំណាត់ការស្ម័គ្រស្លាប់ (សង្គ្រាមគ្រឿងញៀន) របស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានសម្លាប់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅហ្វីលីពីន ក៏ប៉ុន្តែកម្ចាត់អំពើពុករលួយក្នុងប្រព័ន្ធដឹកនាំឡើយ» ។ នេះគឺជាការលើកឡើងរបស់ទស្សនាវត្តី Forbes ដែលបានបន្តរិះគន់រដ្ឋាភិបាលរបស់លោក ឌូទើតេ ថា ជាការដឹកនាំមួយធ្វើឲ្យអំពើពុករលួយនៅហ្វីលីពីន កាន់តែរីកដុះដាល ។
អត្ថបទរបស់ Forbes ត្រូវបានចេញផ្សាយបន្ទាប់ពី អង្គការតម្លាភាពអន្តរជាតិ បានចេញផ្សាយរបាយការណ៍សន្ទស្សន៍នៃអំពើពុករលួយរបស់ប្រទេសនានាទូទាំងពិភពលោកប្រចាំឆ្នាំ២០១៧ ។ តាមរបាយណ៍របស់តម្លាភាពអន្តរជាតិសម្រាប់ឆ្នាំ ២០១៧ ហ្វីលីពីន ស្ថិតនៅក្នុងចំណាត់លេខ ១១១ ក្នុងចំណោមរដ្ឋ ១៨០ ។ នៅឆ្នាំ២០១៦ ហ្វីលីពីន ជាប់ចំណាត់លេខ ១០១ ក្នុងចំណោមរដ្ឋ ១៦៨ ។
យ៉ាងណាក៏ដោយ ចំណាត់នេះ បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសអាស៊ានវិញ ហ្វីលីពីន មិនអាក្រក់ពេកឡើយ ពោលគឺតាមរបាយការណ៍តម្លាភាពអន្តរជាតិឆ្នាំ២០១៧ អត្រាអំពើពុករលួយរបស់ហ្វីលីពីន ល្អប្រសើរជាង មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់ ១៣០, ឡាវ ជាប់ចំណាត់ថ្នាក់ ១៣៥ ខណៈកម្ពុជា កម្ពុជា ជាប់ចំណាត់ថ្នាក់ ១៦១ ៕
Tag:
ហ្វីលីពីន
អាស៊ាន
អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com