អន្តរជាតិ
​រុស្ស៊ី​៖«​ប្រជាជន​ស៊ី​រី រស់​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​ដែល​អាមេរិក​គាំទ្រ​រស់​លំបាក​វេទនាណាស់​»
28, Feb 2018 , 4:38 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​អាមេរិក​ចោទថា រុស្ស៊ី​ដើរតួនាទី​ជា​អ្នក​ដុត​ភ្លើង និង​ជា​អ្នក​ពន្លត់ភ្លើង​នៅក្នុង​សង្គ្រាម​ស៊ី​រី រុស្ស៊ី​បានចេញ​មុខ​ច្រានចោល​ការចោទប្រកាន់​នេះ​។ ក្រសួងការបរទេស​រុស្ស៊ី​អះអាងថា ប្រជាជន​ស៊ី​រី​ដែល​រស់នៅ​ក្រោម​ក្រុម​ឧទ្ទាម និង​សម្ព័ន្ធ​អន្តរជាតិ​ដែល​រស់នៅ​លំបាក​វេទនា និង​គ្រោះថ្នាក់​ខ្លាំង​ជាង​នោះ​ទៀត​។​



​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Igor Konashenkov បាន​អះអាងថា ប្រជាជន​ស៊ី​រី​ដែល​បានរស់នៅ​ក្នុង​តំបន់​ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​អាមេរិក ឬ​ក្រោម​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ស្គាល់​ការលំបាក​វេទនា និង​ឈឺចាប់​ខ្លាំងណាស់​។

​សារព័ត៌មាន​រុស្ស៊ី Sputnik បាន​ស្រង់​សម្តី​តំណាង​ក្រសួងការពារជាតិ​រុស្ស៊ី​ដូច្នេះ​ថា​៖ «​នៅពេល​បច្ចុប្បន្ននេះ ស្ថានភាព​លំបាក​ជាងគេ​សម្រាប់​ប្រជាជន​ស៊ី​រី​គឺ​កើតឡើង​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​សម្ព័ន្ធ​អន្តរ​ចា​តិ និង​ក្រុម​ឧទ្ទាម​ដែល​អាមេរិក​ដឹកនាំ និង​គាំទ្រ​»​។​

​មន្ត្រី​រូបនេះ​បាន​គូសបញ្ជាក់ថា ស្ថានភាព​អាក្រក់ និង​លំបាក​នោះ​កើតឡើង​នៅ​ជំរំ​ជនភៀសខ្លួន Rakban នៅ​តំបន់ At-Tanf ហើយ​ប្រជាជន​ដែល​រស់នៅ​តំបន់ Raqqa ក៏​ស្គាល់​គ្រោះមហន្តរាយ​មនុស្សជាតិ​ធ្ងន់ធ្ងរ​ផងដែរ​កន្លងមក​។ លោក Konashenkov បាន​សង្កត់ធ្ងន់ថា ស្ថានភាព​អាក្រក់​នឹងត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​បាន​ដោយ​ការជួយជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​។​

​ការចេញមុខ​ទាត់ចោល​ការចោទប្រកាន់ និង​រិះគន់​សម្ព័ន្ធមិត្ត​អាមេរិក​តប​វិញ​បែបនេះ​កើតឡើង​ក្រោយ​ពេលដែល​ឧ​ត្ត​ម​សេនីយ៍​អាមេរិក Joseph Votel ចោទប្រកាន់​ត្រង់ៗ​ថា រុស្ស៊ី​កំពុង​ធ្វើជា​អ្នក​ដុត​ផ្ទះ​ផង និង​ជា​អ្នក​ពន្លត់ភ្លើង​ផង​នៅក្នុង​សង្គ្រាម​ស៊ី​រី​។ «​ទាំង​ការទូត និង​យោធា រុស្ស៊ី​ដើរតួនាទី​ជា​អ្នក​ដុត​ភ្លើង​ផង និង​ជា​អ្នក​ពន្លត់ភ្លើង​ផង ហើយ​បន្ទាប់មក​តាំងខ្លួន​ជា​អាជ្ញាកណ្តាល​ដើម្បី​ដោះស្រាយ​ជម្លោះ និង​ព្យាយាម​ធ្វើ​ឲ្យ​ជំហរ​ចរចា​រវាង​ភាគី​ទាំងអស់​ចុះខ្សោយ​»​។ នេះ​ជាការ​អះអាង​របស់លោក Votel​។

​មិន​ត្រឹមតែ​ចោទប្រកាន់​ប៉ុណ្ណោះ​ទេ មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក​រូបនេះ​បាន​បន្ថែមថា រុស្ស៊ី​កំពុង​ប្រើប្រាស់​ជម្លោះ​ស៊ី​រី​ជា​កន្លែង​សម្រាប់​សាកល្បង​អាវុធ​ប្រភេទ​ថ្មី និង​យុទ្ធសាស្ត្រ​យោធា ហើយ​វា​ក៏​បង្ហាញ​ពី​ការពង្រឹង​សមត្ថភាព​មី​ស៊ី​ល​របស់​រុស្ស៊ី​នៅ​មជ្ឈិមបូព៌ា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សមត្ថភាព​អាមេរិក​ក្នុងការ​គ្រប់គ្រង​ដែនអាកាស​ផងដែរ​។​

​ដោយឡែក​ក្រសួងការបរទេស​អាមេរិក​ឯណោះ​វិញ ក៏បាន​ទិតៀន​រុស្ស៊ី​មិន​សំចៃមាត់​ដែរ ក្រោយ​មានការ​ឯកភាពគ្នា​អនុវត្ត​បទ​ឈប់​បាញ់​នៅ​ភាគ​ខាងកើត​តំបន់ Ghouta តាម​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Heather Nauert  បាន​អះអាងថា រុស្ស៊ី​មិន​ព្រម​អនុវត្តតាម​បទ​ឈប់​បាញ់​ឡើយ ដោយ​បន្ត​គាំទ្រ និង​ផ្តល់ជំនួយ​ដល់​របប​ដឹកនាំ​ស៊ី​រី​ទៀត​។​

​មុន​មានការ​ទិតៀន​រុស្ស៊ី​នេះ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu បានប្រកាស​ពី​ការផ្អាក​យុទ្ធនា​ការទម្លាក់​គ្រាប់បែក​ក្នុងន័យ​មនុស្ស​ធ៌​ម​រៀងរាល់ថ្ងៃ​នៅ​ភាគ​ខាងជើង​តំបន់ Ghouta និង​បង្កើត​ច្រករបៀង​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​ដើម្បី​ជម្លៀស​ប្រជាជាតិ​ទៅកាន់​ទីកន្លែង​សុវត្ថិភាព​៕


Tag:
 ស៊ី​រី​
  ​រុស្ស៊ី​
  អាមេរិក​
  Igor Konashenkov
© រក្សាសិទ្ធិដោយ thmeythmey.com