អន្តរជាតិ
រដ្ឋបាល ត្រាំ អាច​នឹង​ជួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ផលិត​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​អ៊ីរ៉ង់​?
28, Feb 2018 , 10:39 pm        
រូបភាព
​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់ បង្ហាញ​ក្តីបារម្ភ​ចំពោះ​គម្រោង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សម្ព័ន្ធមិត្ត​អាមេរិក អា​រ៉ា​ប៊ី​សា​អូឌីត​។ ក្តីបារម្ភ​នោះ​គឺថា អា​រ៉ា​ប៊ី​សា​អូឌីត អាច​នឹង​ប្រើប្រាស់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ដែល​បម្រើ​ប្រយោជន៍​ស៊ីវិល​នោះ ទៅ​ផលិត​សព្វាវុធ​វិញ ព្រោះ​សេដ្ឋី​ប្រេង​នេះ មិនបាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក ដើម្បី​ធានា​ទប់ស្កាត់​ការ​រាលដាល នៃ​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។



​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ គ្រោង​ប្រកាស​ពី​គម្រោង​សាសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​រប​ស់​ខ្លួន ចំនួន​ពីរ​នៅក្នុង​ខែមីនា​ខាងមុខ​។ រដ្ឋ​អារ៉ាប់​នេះ មាន​គម្រោង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​សរុប​ទាំង ១៦ ឯណោះ ហើយ​សេដ្ឋី​ប្រេង​មួយ​នេះ នឹង​ស្វែងរក​ជំនួយ​បច្ចេកវិទ្យា​ពី​សហរដ្ឋអាមេរិក​ផង ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​។ គម្រោង​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ចំនួន ១៦ នេះ នឹងត្រូវ​ធ្វើឡើង​ចន្លោះ​ពី ២០ ដល់ ២៥ ឆ្នាំ​ខាងមុខ ហើយ​រដ្ឋបាល​អាមេរិក កំពុង​ពិចារណា​ដក​ការ​រឹតបន្តឹងការចែក  រម្លែក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ផងដែរ​។

​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា គម្រោង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​សហការ​ជាមួយ​រដ្ឋបាល​អាមេរិក​នេះ បានធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់​ព្រួយបារម្ភ​ខ្លាំង ដ្បិត​គម្រោង​នេះ​អាច​នឹងធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធំ កើតឡើង​នៅ​មជ្ឈិមបូព៌ា​។ សមាជិក​ព្រឹទ្ធសភា​រូបនេះ គឺ លោក Ed Markey ដែល​មកពី​បក្ស​ប្រជាធិបតេយ្យ​។​

​អា​រ៉ា​ប៊ី​សា​អូឌីត​អាច​នឹង​ប្រើ​នុយក្លេអ៊ែរ​ស៊ីវិល​ដើម្បី​ផលិត​អាវុធ​
​ក្នុង​លិខិត​មួយច្បាប់ ផ្ញើ​ជូនទៅ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធី​ល័​រ​សិន និង​រដ្ឋមន្ត្រី​ថាមពល Rick Perry លោក Ed Markey បាន​លើកឡើងថា រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កំពុង​ចរចា​ជាមួយ      រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​អាមេរិក អាច​នឹង​ជួយផ្តល់​បច្ចេកវិទ្យា សម្រាប់​ដំណើរការ​សាងសង់​រោង​ចក្រ​រ៉េ​អា​ក់ទ័រ​នេះ​។ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា កិច្ចសហប្រតិបត្តិការ​នេះ តម្រូវ​ឲ្យ​មាន​ការចុះ​កិច្ចព្រមព្រៀង​រួមគ្នា​មួយ សំដៅ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​អាវុធ​នុយក្លេអ៊ែរ ឬ​កិច្ចព្រមព្រៀង ១២៣ (123 Agreement)​ផង​។

​រដ្ឋមន្ត្រី Rick Perry នឹង​ជួបពិភាក្សា​ជាមួយ​មន្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ទីក្រុង​ឡុង​ដ៍ ជុំវិញ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​នេះ​ផងដែរ នៅ​ថ្ងៃ​សុក្រ​ទី ២ កុម្ភៈ​ខាងមុខ​។ បើសិនជា​មានការ​ព្រម​ព្រៀង​គ្នា​មែន អាមេរិក នឹង​អនុញ្ញាត​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម និង​ប្រើប្រាស់​ឡើង​សារធាតុ​នេះ​វិញ​ផងដែរ ហើយ​ក្រុមហ៊ុន​អាមេរិក នឹង​ជួយ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​នោះ​។​

​សមាជិក​ព្រឹទ្ធសភា Ed Markey បាន​កត់សម្គាល់ថា កន្លងមកនេះ អាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត បរាជ័យ​រួចហើយ ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​នេះ ដោយសារ​អា​រ៉ា​ប៊ី​សា​អូឌីត នៅតែ​បដិសេធ​ប្តេជ្ញាចិត្ត គោរព​តាម​ស្តង់ដារ ក្នុងការ​ចម្រាញ់​អ៊ុយ​រ៉ា​ញ៉ូ​ម ដែលមាន​កំណត់​ក្នុង​កិច្ចព្រមព្រៀង​នោះ​។

«​សភា​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា អ្វីដែល​គេ​កំពុង​ពិចារណា​ពិតប្រាកដ​នៅពេលនេះ ហើយ​ហេតុអ្វី​បានជា​យើង ចាំបាច់​ត្រូវ​វាយតម្លៃ​ឡើងវិញ ពី​កម្មវត្ថុ​នៃ​ការទប់ស្កាត់ ក៏ដូចជា​ស្តង់ដារ ដើម្បី​ហាមឃាត់​ការរីក​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ​នេះ​។ យើង​ក៏​មិនដឹងថា តើ​ព័ត៌មាន​នេះ ផ្តល់​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត និង​ប្រទេស​ផ្សេងទៀត​ទូទាំង​ពិភពលោក ដោយ​របៀប​ណា​ឡើយ​»​។ នេះ​ជាការ​ចោទសួរ​របស់លោក Markey ក្នុង​លិខិត​របស់ខ្លួន​។​

​ខណៈដែល​ស្ថានការណ៍​តំបន់​តានតឹង​ស្រាប់​ផង ដោយសារ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គេ​ក៏​ពិបាក​ប៉ាន់ស្មាន​ពី​ចេតនា​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ដូចគ្នា​ដែរ ហើយ​រដ្ឋ​មួយ​នេះ អាច​នឹង​យក​លេស​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ បម្រើ​ប្រយោជន៍​ស៊ីវិល ដើម្បី​ផលិត​អាវុធ​ផង​ក៏​មិនដឹង​។ លោក Markey បាន​រម្លឹក​ផងដែរ​ថា កន្លងមក​មន្ត្រី និង​សមាជិក​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ព្រលយ​ពាក្យ​ថា កម្មវិធី​នុយក្លេអ៊ែរ​កាន់តែ​ចាំបាច់ ដោយសារ​ហេតុផល​ភូមិសាស្ត្រ​នយោបាយ ដូចជា​គេ​ត្រូវ​ការផលិត​ថាមពល​អគ្គិសនី​ដូច្នេះ​ដែរ​។ វា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់ ពី​មហិច្ឆតា​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុងការ​ស្វែងរក​ឱកាស ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ​។

​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កន្លងមក​បាន​គំរាម​បំផ្លាញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ ២០១៥ ដោយ​លោក​សង្ស័យថា អ៊ីរ៉ង់​កំពុង​សម្ងំ​ផលិត​ថាមពលនុយក្លេអ៊ែរ ដើម្បី​ក្លាយខ្លួនជា​មហាអំណាច​នុយក្លេអ៊ែរ​ផង​។ ក្រោម​អំណាច​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥  អ៊ីរ៉ង់​បាន​ប្តេជ្ញាចិត្ត កម្រិត​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ដើម្បី​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ផងដែរ​។

​ត្រឡប់មកវិញ បញ្ហាសំខាន់​ក្នុងការ​បង្កើត​កិច្ចសហប្រតិបត្តិការ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​នោះ គឺថា​តើ​ការចរចា​រវាង​អាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​ឈានទៅដល់​ការកំណត់​លក្ខខណ្ឌ​កម្រិតណា ដែល​ហាមឃាត់​អា​រ៉ា​ប៊ី​សា​អូឌីត ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ​។ ជាការ​ពិតណាស់ បើសិន​អាមេរិក រឹងទទឹង និង​មិន​ព្រម​ផ្តល់​បច្ចេកវិទ្យា​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ អា​រ៉ា​ប៊ី​សា​អូឌីត នៅតែ​អាចរ​ត់ទៅ​ពឹងពាក់​រុស្ស៊ី ឬ​ចិន ឬក៏​អាច​បារាំង ឬ​កូរ៉េខាងត្បូង​ផង ដែល​មិន​ដាក់​កំណត់​លក្ខខណ្ឌ​ខ្ពស់​វិញ​។​

​ដូច្នេះហើយ ទោះជា​ចង់​មិន​ចង់ អាមេរិក​ត្រូវ​ពិចារណា និង​ថ្លឹងថ្លែង​ខ្លាំង​ណាស់ដែរ​។ សម្រាប់​ប្រធានាធិបតី បច្ចុប្បន្ន ដែល​ផ្តល់​តម្លៃ​លើ​ផលប្រយោជន៍ ដែល​អាមេរិក​អាច​ទាញ​បាន​នោះ វារឹតតែ​ច្បាស់​ណាស់​ថា អាមេរិក នឹង​លះបង់​លក្ខខណ្ឌ​កម្រិត​សិទ្ធិ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ​មិន​ខាន​។​

​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman នឹង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក ដែលមាន​មុខមាត់​លេចធ្លោរ និង​ជា​អ្នក​ឡើង​គ្រងរាជ្យ​នៅពេល​ខាងមុខ​នោះ ឮ​នឹង​ជួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផងដែរ ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី​។ ទំនាក់ទំនង​អាមេរិក អា​រ៉ា​ប៊ី​សា​អូឌីត កាន់តែ​ស្និទ្ធស្នាល ក្រោយ​លោក ដូ​ណា​ល់ ត្រាំ​ឡើងកាន់តំណែង ហើយ​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​កន្លងមក​ដែរ ដោយ​លោក​បានសម្រេច​កិច្ចព្រមព្រៀង​លក់​សព្វាវុធ​មានតម្លៃ ១១០ ពាន់​លាន​ដុល្លារ ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ថែម​ទៀតផង​៕


Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com