អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី រម្លឹក​ប្រវត្តិ​ទំនាក់ទំនង​ជាមួយ​ចិន ដើម្បី​ចែចូវ​វិនិយោគ​ចិន​ឲ្យ​កាន់តែច្រើន
01, Mar 2018 , 7:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ម៉ាឡេស៊ី បានផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រដ្ឋាភិបាល​ចិន ជាពិសេស​ក្រុមហ៊ុន​វិនិយោគ​ចិន​នៅក្នុង​ប្រទេស​របស់ខ្លួន ។ ក្រុង​កូ​ឡា​ឡាំ​ពួរ បានចាត់ទុក​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ក្រុង​ប៉េកាំង គឺជា​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ។



​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​ម៉ាឡេស៊ី​-​ចិន នៅ​ថ្ងៃ​២៧ កុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ថ្លែង​ស្វាគមន៍​ការវិនិយោគ​ពី​ប្រទេស​ចិន​នៅ​ម៉ាឡេស៊ី​។ មេដឹកនាំ​រូបនេះ ថែមទាំង​ពណ៌នា និង​ប្រៀបធៀប​សហគមន៍​ធុរកិច្ច​ចិន​នៅ​ម៉ាឡេស៊ី គឺជា​ដៃគូ​មួយ​ដ៏​សំខាន់ ដែល​ចូលរួម​បង្កើត​ចំណូល និង​ជំនាញ​កាន់​ខ្ពស់​សម្រាប់​អនាគត​របស់​ម៉ាឡេស៊ី ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ។

​នា​វេទិកា ដែលមាន​អ្នកវិនិយោគ​ចិន​រាប់រយ​នាក់​នោះ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ម៉ាឡេស៊ី និង​ចិន នៅ​ឆ្នាំ​២០១៧​កន្លងទៅ​នៅតែ​បន្ត​រឹងមាំ ដោយ​ភាគី​ទាំងពីរ សម្រេចបាន ៩៦.៣ ពាន់​លាន​ដុល្លារ ។

​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖« វា គឺជា​រឿង​ដ៏​ត្រឹមត្រូវ​បំផុត​សម្រាប់​ម៉ាឡេស៊ី​ក្នុងនាម​ជា​ប្រទេស​អាស៊ាន ដែល​បាន​កសាង​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​នៅ​ឆ្នាំ ១៩៧៤ ហើយ យើង​ក៏​កំពុងតែ​ធ្វើ​រឿង​ដ៏​ត្រឹម​បន្តទៀត​ក្នុងការ​ស្វាគមន៍​វិនិយោគ​ចិន​មកកាន់​ម៉ាឡេស៊ី » ។

​ខណៈ​ថ្លែង​ពី​សមិទ្ធផល និង​ការពេញចិត្ត​ក្នុង​ទំនាក់ទំនង​ជាមួយនឹង​មហាអំណាច​សេដ្ឋកិច្ច​ទី​២​របស់​ពិភពលោក លោកនាយក​រដ្ឋមន្ត្រី ណា​ជីប ក៏បាន​ប្រកាស​ស្វាគមន៍​រាល់​បណ្តា​អ្នកវិនិយោគ​ប្រទេស​នានា​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ម៉ាឡេស៊ី​រួមមាន​ជប៉ុន អា​រ៉ា​ប៊ី សា​អូឌីត និង​ឥណ្ឌា ជាដើម ។

​គួរ​ជម្រាប​ផងដែរ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ ចិន បាន​ក្លាយជា​ដៃគូ​វិនិយោគ​ធំ​បំផុត​របស់​អាស៊ាន ។ តាម​របាយការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម​ចិន នៅក្នុង​ឆ្នាំ​២០១៧ វៀ​ណា​ម ថៃ និង​ម៉ាឡេស៊ី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន ក្នុងចំណោម​បណ្តា​ដៃគូ​សមាជិក​អាស៊ាន ៕


Tag:
 ចិន​
  ម៉ាឡេស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com