អន្តរជាតិ
ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដាក់ចេញ​ផែនការ​ស្វែងរក​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់​
01, Mar 2018 , 8:59 am        
រូបភាព
ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani (រូបភាព៖ AFP)
ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani (រូបភាព៖ AFP)
​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani បាន​បញ្ចេញ​ផែនការ​ស្វែងរក​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​តា​លី​បង់ ដើម្បី​ឈានទៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​ច្រើនជាង​១៦​ឆ្នាំ​។ ក្រោម​ផែនការ​នេះ ក្រុម​តា​លី​បង់​អាចបង្កើត​បក្សនយោបាយ​ដើម្បី​ចូលរួម​ការបោះឆ្នោតជាតិ ហើយ​បណ្ដា​មេដឹកនាំ​ក្រុម​នេះ​អាច​ត្រូវបាន​ដក​ឈ្មោះ​ពី​បញ្ជី​ទណ្ឌកម្ម​អន្តរជាតិ​ផង​។ ប៉ុន្តែ​ក្រុម​ឧទ្ទាម​នេះ​មិន​ចង់​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ឡើយ តែ​ចង់​ជជែក​ផ្ទាល់​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​វិញ​។



​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani បានស្នើ​បទ​ឈប់​បាញ់​និង​ការចចា​សន្តិភាព​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមួយ​ក្រុម​ឧទ្ទាម​តា​លី​បង់ ដើម្បី​ស្វែងរក​សន្តិភាព​ក្នុងប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​តាំងពី​ឆ្នាំ​២០០១ មក​។ លោក Ashraf Ghani បានស្នើ​បែបនេះ​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ស្ដីពី​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ដែលមាន​គោលដៅ​បញ្ចប់​ជម្លោះ​ជាង​១៦​ឆ្នាំ និង​ការកសាង​សន្តិភាព​ឡើងវិញ​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​អន្តរជាតិ​នេះ លោក Ashraf Ghani និយាយថា ការឈប់​បាញ់​គួរ​ធ្វើឡើង ហើយ​ក្រុម​តា​លី​បង់​ត្រូវបាន​ទទួលស្គាល់​ជា​បក្សនយោបាយ ឯ​ដំណើការ​កសាង​ទំនុកចិត្ត​ក៏​គួរ​ចាប់ផ្ដើម​ដែរ​។ លោក​បន្តថា នៅពេលនេះ ការសម្រេចចិត្ត​ធ្លាក់​ទៅក្នុង​ក្រុម​តា​លី​បង់ ហើយ​ក្រុម​នេះ​គួរ​ទទួល​សំណើ​នេះ ដើម្បី​នាំយក​ស្ថិរភាព​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ក្នុង​ផែនការ​ស្វែងរក​សន្តិភាព​នេះ ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​រូបនេះ​ក៏​ស្នើ​ឲ្យ​ក្រុម​តា​លី​បង់​ទទួលស្គាល់​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល និង​រដ្ឋធម្មនុញ្ញ​។ បញ្ហា​នេះ គឺជា​ចំណុច​រាំងស្ទះ​ដល់​ការប៉ុនប៉ង​ការចរចា​សន្តិភាព​កន្ល​ង​មក​។ លើសពីនោះ លោក Ghani បានផ្ដល់​សម្បទាន​មួយចំនួនទៀត​ដូចជា​ការដោះលែង​អ្នកទោស​ក្រុម​តា​លី​បង់ ការបង្កើត​ការិយាល័យ​ក្រុម​នេះ​ក្នុង​រដ្ឋធានី​កា​ប៊ុល ឬ​ទីក្រុង​ផ្សេង​ដើម្បី​ងាយស្រួល​ចរចា និង​ការលុបចោល​មេដឹកនាំ​តា​លី​បង់​ពី​បញ្ជី​ភេរវកម្ម​អន្តរជាតិ​ផងដែរ​។​

​សំណើ​របស់​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន ធ្វើឡើង​ពីរ​ថ្ងៃក្រោយ​ក្រុម​ជ្រុលនិយម​មួយ​នេះ​ប្រកាស​ជំហរ​ចរចា​ជាមួយ​អាមេរិក​។ ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​២៦ ខែកុម្ភៈ ក្រុម​តា​លី​បង់​និយាយថា ខ្លួន​ត្រៀម​រួចស្រេច​ដើម្បី​ជជែក​ជាមួយ​អាមេរិក​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​។ ប៉ុន្តែ​ក្រុម​នេះ​មិនបាន​បញ្ជាក់​ពី​ការចរចា​ជាមួយ​រដ្ឋាភិបាល​កា​ប៊ុល​ឡើយ​។ សម្រាប់​អាមេរិក វត្តមាន​ក្រុង​កា​ប៊ុល គឺជា​រឿង​សំខាន់​ក្នុង​ការចរចា​ទាំងឡាយ​។​

​សូមបញ្ជាក់ថា ក្រុម​ជ្រុលនិយម​មួយ​នេះ​បាន​បង្កើន​ការវាយប្រហារ​ជាច្រើន​លើ​នៅតាម​ទីក្រុង​នានា និង​នៅ​រដ្ឋធានី​កា​ប៊ុល ដើម្បី​ឆ្លើយតប​នឹង​នយោបាយ​យោធា​ថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ជន​ស៊ីវិល​ស្លូតត្រង់​រាប់រយ​នាក់ បាន​ស្លាប់ និង​របួស​ក្នុងការ​វាយប្រហារ​អត្តឃាត​ផង និង​ការវាយប្រហារ​ទីតាំង​យោធា​ផង​។ មកទល់ពេលនេះ គេ​មិនទាន់​ឃើញ​ការឆ្លើយតប​ណាមួយ​របស់​អាមេរិក​ទៅនឹង​សំណើ​របស់​ក្រុម​តា​លី​បង់​ឡើយ​៕


Tag:
 អា​ហ្វ​ហ្គា​នី​ស្ថាន​
  តា​លី​បង់​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com