ជាតិ
ក្រុងសៀមរាបទទួលបានជ័យលាភីផ្ការំដួល៣ទងជាលើកទី២ «លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ឡើងទទួលជ័យលាភី ផ្ការំដួល៣ទង ពីសម្តេច ហ៊ុន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨»
× សៀមរាប៖ ជាថ្មីម្តងទៀត ទីក្រុងសៀមរាបបានបន្តគ្រងតំណែងជ័យលាភីទីក្រុងស្អាត «ផ្ការំដួល៣ទង» ពីរាជរដ្ឋាភិបាល។ នេះជាលើកទី២ហើយ ដែលកាលឆ្នាំ២០១៥ ខេត្តទេសចរណ៍មួយនេះ ជាប់ឈ្មោះជាទីក្រុងស្អាតរំដួល៣ទង។
បន្ទាប់ពីទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០១៨-២០២០ ពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ានកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ក្នុងវេទិកាទេសចរណ៍អាស៊ាន នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃរួចមក នៅថ្ងៃទី២៨ ខែកុម្ភៈ ទីក្រុងសៀមរាបបានទទួលជ័យលាភីទីក្រុងស្អាតពីរាជរដ្ឋាភិបាល «ផ្ការំដួល៣ទង» មួយទៀត ក្នុងទិវាទីក្រុងស្អាតក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ»។ ជ័យលាភីរំដួល៣ទង ដែលក្រុងសៀមរាបទទួលបាននៅឆ្នាំនេះ ស្ថិតក្នុងលំដាប់ពិន្ទុ ៦៣ គឺកើនឡើងជាងលើកទី១ ចំនួន៣ពិន្ទុ។
អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង បានថ្លែងទាំងក្តីមោទនថា ជ័យលាភីនេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងរយៈពេលពេញ៣ឆ្នាំកន្លងមក។ អ្វីដែលលោកអភិបាលមើលឃើញនោះ ដូចជាកំណើនភ្ញៀវទេសចរជាង៥លាននាក់ជារៀងរាល់ឆ្នាំជាដើម។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី១ ខែមីនា ពេលកំពុងចុះរៀបចំសណ្តាប់ធ្លាប់ក្នុងក្រុងផងនោះ លោកអភិបាលថ្លែងថា យើងមិនត្រូវមានមោទនភាពចំពោះជ័យលាភីនេះ ដោយភ្លេចបន្តធ្វើការងារនោះឡើយ។ លោកបញ្ជាក់ថា នឹងមិនទម្លាក់ដៃឡើយ គឺនឹងរក្សាជ័យលាភីខាងលើ និងបង្កើនពិន្ទុឱ្យខ្ពស់ជាងលើកមុនៗទៀត។ លំដាប់ពិន្ទុពេញសម្រាប់ជ័យលាភីទីក្រុងស្អាតរំដួល៣ទង គឺ៧៧ពិន្ទុ។
បែបនេះក្តី បញ្ហាដែលលោក សូរ ប្លាតុង លើកឡើង និងថាកំពុងមមាញឹកធ្វើមិនទម្លាក់ដៃដើម្បីទីក្រុងសៀមរាប ដូចជាពង្រឹងផ្នែកសន្តិសុខ សុវត្ថិភាព បញ្ហាបរិស្ថាន និងសណ្តាប់ធ្នាប់។ លោកថ្លែងថា៖« ដៃម្ខាងយើងទទួលពាន ដៃម្ខាងយើងកំពុងធ្វើ»។ ក្រៅពីបញ្ហាទាំងអស់នេះ លោកអភិបាលបន្ថែមថា ឆ្នាំទៅមុខនេះ ខេត្តមានគោលការណ៍ស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងមួយចំនួន ដូចជាកែលម្អផ្លូវចំនួន ៥០ខ្សែជាផ្លូវកៅស៊ូ និងប៊េតុង។ លោកអភិបាលក៏បានអរគុណដល់ប្រតិបត្តិករណ៍ទេសចរណ៍ និងប្រជាពលរដ្ឋគ្រប់រូប ដែលបានចូលរួមក្នុងការងាររៀបចំក្រុងនាពេលកន្លងមក ដែលធ្វើឱ្យមានលទ្ធផលដូចពេលនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com