ជាតិ
សុវត្តិភាព ចរាចរណ៍
សមត្ថកិច្ច ចាប់ផ្តើមចាត់វិធានការលើអ្នកប្រើប្រាស់ទូរសព្ទ ក្នុងពេលបើកបរ
× ភ្នំពេញ៖ អ្នកដែលប្រើប្រាស់ទូរសព្ទ ក្នុងពេលបើកបររថយន្ត នឹងត្រូវសមត្ថកិច្ចនាំយកទៅអប់រំ ហើយក៏អាចត្រូវបានពិន័យផងដែរ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ក្រសួងការសាធារណការនិងដឹកជញ្ជូន បានចាប់ផ្តើមយុទ្ធនាការ និងផ្សព្វផ្សាយពីបញ្ហានេះហើយ។
AKP បានចុះផ្សាយពីការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកថា អ្នកកាន់ចង្កូតយានយន្តនៅកម្ពុជា មានជាង៥០ភាគរយ ដែលប្រើទូរសព្ទដៃក្នុងពេលបើកបរ។ អ្នកបើកបរខ្លះទៀត កាន់ចំណីទទួលទាន និងប្រឡែងគ្នា ជាដើម ក្នុងពេលពួកគេ កំពុងបើកបរ។ AKP បានបញ្ជាក់យ៉ាងដូច្នេះ៖«ការសិក្សានេះ បានបង្ហាញថា យ៉ាងហោចណាស់ មានមនុស្សម្នាក់ ក្នុងចំណោម៤នាក់ ដែលប្រើប្រាស់ទូរស័ព្ទដៃ ក្នុងពេលបើកបរ បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
AKP បានស្រង់ប្រសាសន៍របស់លោកស្រី មឹន មាណវី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទៅចុះផ្សាយថា ក្រុមសមត្ថកិច្ច បានសហការជាមួយអង្គការសង្គមស៊ីវិល និង យុវជន ដើម្បីចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយតាមផ្លូវសាធារណៈ ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ អំពីការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ដោយសារការប្រើប្រាស់ទូរសព្ទដៃ ក្នុងពេលបើកបរ។ លោកស្រី បន្ថែមថា ការអនុវត្តនេះ អាចនឹងឈានដល់ចាប់ពិន័យតាមច្បាប់កំណត់ ចំពោះអ្នកដែលប្រើប្រាស់ទូរសព្ទ ក្នុងពេលបើកបរ។
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក កំណត់ថា អ្នកបើកបរយានយន្ត ដែលប្រើប្រាស់ទូរសព្ទដៃ ត្រូវមានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង (កាសទូរស័ព្ទ) នៅពេលកំពុងបើកបរ៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
អ្នកបើកបរ
© រក្សាសិទ្ធិដោយ thmeythmey.com