អន្តរជាតិ
UN មិនអាចចូលផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ Ghouta ទោះមានបទឈប់បាញ់ រូបភាព៖ OCHA
× ទោះបីមានបទឈប់បាញ់ក៏ដោយ ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិមិនត្រូវបានគេអនុញ្ញាតឲ្យចូលភាគខាងកើតតំបន់ Ghouta ដែលក្រុមឧទ្ទាមកាន់កាប់ឡើយ។ តំណាងអង្គការសហប្រជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បានទទូចឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខចាត់វិធានការបន្ទាន់។
ជនស៊ីវិលស៊ីរីបន្តរងគ្រោះ និងប្រឈមកង្វះខាតស្បៀងអាហារ និងថ្នាំសង្កូវ ដោយសារការប្រយុទ្ធគ្នា និងការទម្លាក់គ្រាប់បែកនៅបន្តនៅតំបន់ Ghouta ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម។ បញ្ហានេះនៅតែកើតឡើង បើទោះជាភាគីបានសម្រេចទទួលយកបទឈប់បាញ់ដែលសម្រេចដោយក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសៅរ៍សប្តាហ៍មុនក្តី។
ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ដោយសារបញ្ហានេះ ខាងក្រុមកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិនៅតែមិនមានលទ្ធភាពចូលផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋស៊ីរីដែលរងគ្រោះដដែល។ ជំនួយមនុស្សប្រហែល ៤០ ឡាននៅជាប់គាំងចូលទៅតំបន់ស្ថិតក្រោមការហ៊ុមព័ទ្ធមិនបាននោះឡើយ។
លោក Mark Lowcock មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានអះអាងថា វាមិនមានការផ្លាស់ប្តូរសូម្បីតែបន្តិចនៅតំបន់ជម្លោះ បើទោះបីជាមានបទឈប់បាញ់ក៏ដោយចុះ។
ក្នុងពេលប្រជុំផ្តោតលើបញ្ហាស៊ីរីប្រចាំខែនាថ្ងៃពុធទី ២៨ ខែកុម្ភៈ លោក Lowcock បានចោទសួរទៅកាន់អង្គប្រជុំក្រុមប្រឹក្សាសន្តិសុខដូច្នេះ៖« តើដំណោះស្រាយរបស់អស់លោកអ្នកនឹងត្រូវអនុវត្តពេលណា?»
លោក Lowcock បានបញ្ជាក់បន្ថែមថា គ្មានឡើយការបើកផ្លូវឲ្យក្បួនរថយន្តជំនួយមនុស្សធម៌ចូលផ្តល់ជំនួយ គ្មានការអនុញ្ញាតពីរបបដឹកនាំស៊ីរី និងគ្មានការផ្តល់ជម្លៀសប្រជាជនដែលស៊ីវិលដែលរងគ្រោះឬរបួសចេញពីតំបន់គ្រោះថ្នាក់ឡើយចាប់ពីថ្ងៃអាទិត្យមក។ ផ្ទុយទៅវិញ ការប្រយុទ្ធនិងទម្លាក់គ្រាប់បែកនៅតែបន្តកើតមាន។
ខណៈដែលប្រជាជនស៊ីរីបន្តរងគ្រោះនោះ តំណាងក្រុងវ៉ាស៊ីនតោន និងក្រុងម៉ូស្គូឯណោះវិញបានបន្តចោទប្រកាប់គ្នាទៅវិញទៅមកពាក់ព័ន្ធការបំពានបទឈប់បាញ់។ តំណាងអាមេរិក Kelley Currie និយាយថា របបដឹកនាំក្រុងដាម៉ាសបំពានបទឈប់បាញ់ដោយបន្តទម្លាក់គ្រាប់ ខណៈដែលតំណាងក្រុងម៉ូស្គូលោក Vassily Nebenzia ចោទក្រុមឧទ្ទាមដែលអាមេរិកគាំទ្រវិញ។
មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយលោក Jeffrey Feltman បានបង្ហាញអារម្មណ៍ខកចិត្តដែលក្រុមប្រឹក្សាសន្តិសុខមិនសកម្មដោះស្រាយបញ្ហាវិបត្តិមនុស្សជាតិនោះ។ លោកទាមទារឲ្យមានការអនុវត្តដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលេខ ២៤៤១ ឲ្យបានឆាប់តាមដែលអាចធ្វើបាន។
ពាក់ព័ន្ធការបន្តបំពានបទឈប់បាញ់នេះដែរ ស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សស៊ីរីអះអាងថា គ្រាន់តែថ្ងៃពុធយន្តហោះចម្បាំងរបបដឹកនាំស៊ីរីបានវាយប្រហារលើទីតាំងជាច្រើននៅក្នុងតំបន់ដែលក្រុមឧទ្ទាមកាន់កាប់ ហើយស្ថាប័ននេះសង្កត់ធ្ងន់ថា មនុស្សយ៉ាងហោចណាស់ ៦០០នាក់បានស្លាប់ដោយសារប្រតិបត្តិការយោធានេះចាប់ពីថ្ងៃ ១៨ ខែកុម្ភៈមកក្នុងនោះមួយភាគបួនជាកុមារ៕
Tag:
ស៊ីរី
រុស្ស៊ី
Ghouta
ក្រុមប្រឹក្សាសន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com