ជាតិ
ស្ថានទូត​អាមេរិក​សម្ពោធ​មជ្ឈមណ្ឌល​អប់រំ​ថ្មី​មួយ​សម្រាប់​សាធារណជន​
01, Mar 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ភ្នំពេញ ៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​អាមេរិក​ថ្មី​មួយ ដែលមាន​ឈ្មោះថា American Center ជូន​ដល់​សាធារណជន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែកុម្ភៈ​នេះ ដោយមាន​ការចូលរួម​ពី​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​គឺ​លោក William Heidt​។ មជ្ឈមណ្ឌល​អប់រំ​នេះ​មាន​ទីតាំង​នៅក្នុង​ស្ថានទូត​អាមេរិក​ផ្ទាល់​។​



​មជ្ឈមណ្ឌល​អាមេរិក​នេះ ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ឈ្មោះ​ចាស់​ថា «​មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន​» (Information Resource Center) របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នោះ មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០៦​។ នេះ​បើ​យោងតាម​លោក Arend Zwartjes មន្ត្រី​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំរាជធានី​ភ្នំពេញ​។​



​លោក Arend បានបញ្ជាក់​នៅក្នុង​ពិធី​សម្ពោធ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា មជ្ឈមណ្ឌល​នេះ​ដើរតួនាទី​សំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា ពីព្រោះ​សហរដ្ឋអាមេរិក​ចង់​មាន​«​ទំនាក់ទំនង​ល្អ​»​រវាង​ប្រជាជន និង​ប្រជាជន​នៃ​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​។ បន្ថែម​លើ​នេះ សិស្ស​និស្សិត​ក៏មាន​ឱកាស​ពង្រីក​ចំណេះដឹង​របស់ខ្លួន​អំពី​ពិភពលោក​ខាងក្រៅ​ផងដែរ​។​

​លោក​បាន​មានប្រសាសន៍ថា​៖

«​ផលប្រយោជន៍​គឺថា គាត់​អាច​ស្វែងយល់​ពី​ពិភពលោក​ទូទៅ ពីព្រោះ​ឥឡូវនេះ​គឺ​យើង​ដឹង​ហើយ​ថា ពិភពលោក​មានការ​ប្រកួត​ប្រជែង​ខ្លាំងក្លា​ខាង​ផ្នែក​សេដ្ឋកិច្ច ដូច្នេះ​ពេលដែល​គាត់​អាចមក​សិក្សា​ស្វែងយល់​អំពី​បញ្ហា​ពិភពលោក​ទូទៅ វា​ក៏​អាចជួយ​ឲ្យ​គាត់​ផ្តោតលើ​ការងារ​ផ្សេងៗ​ទូទៅ​ជុំវិញ​ពិភពលោក​ផងដែរ​»​។​



​មជ្ឈមណ្ឌល ដែលជា​បណ្ណាគារ​សាធារណៈ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ មានកម្ម​វិធី​ថ្មីៗ​មួយចំនួនទៀត ដូចជា​ក្លិប​រៀន​ភាសា​អង់គ្លេស ក្លិប​បញ្ចាំង​ខ្សែភាពយន្ត ក្លិប​អាន​សៀវភៅ និង​កម្មវិធី​វាគ្មិន​ពិភាក្សា​អំពី​ប្រធានបទ​ផ្សេងៗ ដែល​សុទ្ធតែ​ទាក់ទង​នឹង​សហរដ្ឋអាមេរិក​។​

​មិនតែប៉ុណ្ណោះ សិស្ស​និស្សិត និង​សាធារណជន​ទូទៅ​អាច​អាន និង​ស្រាវជ្រាវ​សៀវភៅ​ចំនួន​១.៥០០​ក្បាល ទស្សនាវដ្ដី ប្រភេទ​សៀវភៅ​ជា​សំឡេង និង​ទស្សនា​ភាពយន្ត​ឯកសារ​ស្តីពី​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ព័ត៌មាន ទស្សន​វិទ្យា និង​ចិត្ត​វិទ្យា សាសនា វិទ្យាសាស្ត្រ​សង្គម ភាសា សិល្បៈ និង​ការកម្សាន្ត ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​ជាដើម ដែលជា​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ការស្រាវជ្រាវ​របស់​ពួកគេ​។​



​លោក Arend Zwartjes ក៏​បញ្ជាក់​បន្ថែមថា ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​និស្សិត​ដែល​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ប្រហែល​៥៣​ភាគរយ​។ ដូច្នេះ មជ្ឈមណ្ឌល​អាមេរិក​ថ្មី​នេះ នឹងមាន​ផ្តល់​សេវាកម្ម​ថ្មី​មួយទៀត​គឺ Education USA ដែលជា​សេវា​ផ្តល់ព័ត៌មាន និង​ការណែនាំ​មិន​គិតថ្លៃ និង​មិន​លម្អៀង​សម្រាប់​និស្សិត​ដែល​ចង់​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​។​

​លោក Arend បាន​និយាយថា​៖

«​យើង​ជា​រដ្ឋាភិបាល​អាមេរិក យើង​អត់​ធ្វើការ​ឲ្យ​សាលា​ណាមួយ​នៅ​អាមេរិក​ទេ​។ អីចឹង សេវាកម្ម​ដែល​យើង​ផ្តល់​មិនមាន​គិតលុយ​គិត​កាក់ គឺ​យើង​ប្រឹក្សា​យោបល់​យ៉ាងម៉េច​ថា ឲ្យ​កូនសិស្ស​ហ្នឹង​ទៅរក​សាលា​ដែលមាន​ភាពសមស្រប​ស​ម្រា​ប់​ខ្លួន​គាត់​»​។​



​សាធារណជន​ទូទៅ​ត្រូវយក​ឯកសារ​សម្គាល់​ខ្លួន ដូចជា​លិខិតឆ្លងដែន ប័ណ្ណបើកបរ ឬ​អត្តសញ្ញាណប័ណ្ណ ដើម្បី​អាច​ចូល​ប្រើប្រាស់​ធនធាន​អប់រំ​នៅក្នុង​មជ្ឈមណ្ឌល​អាមេរិក​នេះ ដែល​ស្ថិតក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំរាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ​។​

​មជ្ឈមណ្ឌល​អាមេរិក​នេះ​គឺជា​មជ្ឈមណ្ឌល​ទី​ពីរ ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី American Spaces ដែល​ត្រូវបាន​ផ្តួចផ្តើម​ដោយ​សហរដ្ឋអាមេរិក និង​មាន​ទីតាំង​ចំនួន​៧០០​កន្លែង នៅក្នុង​ប្រទេស​ចំនួន​១៦៩​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​មាន​ប្រទេស​ភូមា ឬ​មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាដើម ដើម្បី​ជំរុញ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដោយ​ផ្តល់នូវ​បរិយាកាស​ក្នុងការ​ទាក់ទង​គ្នា និង​ស្វែងយល់​អំពី​សហរដ្ឋអាមេរិក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com