អន្តរជាតិ
អ៊ុយ​ក្រែ​ន​អួតថា ខ្លួន​ឈ្នះក្តី​រុស្ស៊ី​ក្នុង​បញ្ហា​ជម្លោះ​ឧស្ម័ន​តាំងពី​ឆ្នាំ ២០១៤
01, Mar 2018 , 9:19 pm        
រូបភាព
រូបភាព៖ Euro Maidan Press
រូបភាព៖ Euro Maidan Press
ដោយ: ថ្មីៗ
​ចុងក្រោយ​ក្រុមហ៊ុន​ថាមពល​រុស្ស៊ី Gazprom ចាញ់ក្តី​ក្នុង​សំណុំរឿង​ជម្លោះ​ក្នុងការ​បញ្ជូន​ឧស្ម័ន​ឆ្លងកាត់​អ៊ុយ​ក្រែ​ន​ដែល​កើតឡើង​តាំងពី​ឆ្នាំ ២០១៤​មក​នោះ​។ ម​ជ្ឈ​ត្ត​ការ​ស៊ុយអែត បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​នេះ បង់លុយ​សំណង​ទៅ​អ៊ុយ​ក្រែ​ន ក្នុង​ទំហំ​ប្រហែល ៤​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។

 


​ក្រុមហ៊ុន​ឧស្ម័ន Naftogaz របស់​ក្រុង​គៀវ បានប្រកាស​ជ័យជម្នះ នៅ​ថ្ងៃ​ពុធ​ទី ២៨ ខែកុម្ភៈ ក្រោយ​ចំណាយ​ពេលវេលា​តតាំង​ក្តី ជាមួយ​រុស្ស៊ី ពាក់​ពាក់ព័ន្ធ​ជម្លោះ​ក្នុងការ​បញ្ជូន​ឧស្ម័ន​ឆ្លងកាត់​អ៊ុយ​ក្រែ​ន​។ តុលាការអន្តរជាតិ បានទាមទារ​ឲ្យ​រុស្ស៊ី​បង់លុយ​ចំនួន ៤,៦៣ ពាន់​លាន​ដុល្លារ ជា​សំណង​ដល់​រដ្ឋា​ភិបាល​អ៊ុយ​ក្រែ​ន​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សំណុំរឿង​ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​នេះ ត្រូវបាន​ដោះស្រាយ​ដោយ​ស្ថាប័ន​ម​ជ្ឈ​ត្ត​ការ​ទីក្រុង​ស្តុក​ខុម ប្រទេស​ស៊ុយអែត ក្រោយ​ក្រុមហ៊ុន​ទាំងពីរ បានដាក់​ពាក្យបណ្តឹង​ប្រ​ឆាំ​គ្នា​ទៅវិញទៅមក ក្នុង​ឆ្នាំ ២០១៤ ក្រោយ​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​។

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមហ៊ុន​ឧស្ម័ន Naftogaz បានបញ្ជាក់ ក្រុមហ៊ុន​ថាមពល​រុស្ស៊ី Gazprom នឹងត្រូវ​បង់លុយ​ចំនួន ៤,៦៣ ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ខ្លួន ដោយសារ​ក្រុមហ៊ុន​រុស្ស៊ី​នេះ បរាជ័យ​ក្នុងការ​ផ្គត់ផ្គង់​ឧស្ម័ន ឆ្លងតាម​ប្រព័ន្ធ​បំពង់​ឧស្ម័ន​អ៊ុយ​ក្រែ​ន ទៅ​ទីផ្សារ​អឺរ៉ុប​តាម​ការសន្យា​។ 

​ចំណែក​ក្រុមហ៊ុន Naftogaz ក៏​ត្រូវមាន​កាតព្វកិច្ច​បង់លុយ ២ ពាន់​លាន​ដុល្លារ ទៅ​ក្រុមហ៊ុន Gazprom រុស្ស៊ី​ផងដែរ ដោយសារ​ខ្លួន​ជំពាក់​ថ្លៃ​ឧស្ម័ន ដែល​រុស្ស៊ី​ផ្គត់ផ្គង់​ឲ្យ​ក្នុង​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៥​។​

​យ៉ាងណាក៏ដោយ ដោយសារ​វា​ជា​សំណុំរឿង​ពាណិជ្ជកម្ម ស្ថាប័ន​យុត្តាធិការ​នេះ មិនបាន​បញ្ចេញ​ព័ត៌មាន​លម្អិត ពាក់ព័ន្ធ​សេចក្តីសម្រេច​របស់ខ្លួន​ឡើយ​។ ចំណែក ក្រុមហ៊ុន Gazprom របស់​រុស្ស៊ី​ចេញមុខ​បញ្ជាក់ថា ខ្លួន​មិន​ទទួលយក​ការសម្រេច​របស់​តុលាការ​ឡើយ​។​

​សូមបញ្ជាក់ថា ជម្លោះ​ពាក់ព័ន្ធ​ឧស្ម័ន​នេះ កើតឡើង​ក្រោយ​ទំនាក់ទំនង​រវាង​ក្រុង​គៀវ និង​ក្រុង​ម៉ូស្គូ ល្អក់កករ​ខ្លាំង ដោយសារ​រុស្ស៊ី ក្រសោប​យក​ទឹកដី​គ្រី​មៀ ពី​អ៊ុយ​ក្រែ​ន និង​គាំទ្រ​ចលនា​ផ្តាច់ខ្លួន នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​ជម្លោះ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ១០០០០ នាក់​ឯណោះ​៕



Tag:
 ​អ៊ុយ​ក្រែ​ន​
  Gazprom
  Naftogaz
  រុស្ស៊ី​
  ឧស្ម័ន
© រក្សាសិទ្ធិដោយ thmeythmey.com