អន្តរជាតិ
សភា​អាហ្វ្រិក​ខាងត្បូង គាំទ្រ​ញត្តិ​ស្នើ​ឲ្យ​រឹបអូស​ដីធ្លី​ពី​ប្រជាជន​ស្បែ​កស ទៅ​ចែក​ឲ្យ​ប្រជាជន​ស្បែក​ខ្មៅ​
01, Mar 2018 , 10:39 pm        
រូបភាព
រូបភាព៖ Defend Europa
រូបភាព៖ Defend Europa
​ដើម្បី​ព​ន្លឿ​ន​ការកែទម្រង់​ដីធ្លី ដែលជា​បញ្ហា​បន្សល់ទុក តាំងពី​ក្រោយ​របប​រើសអើង​ពូជសាសន៍​អាប៉ាថេត (Apartheid)  អ្នកនយោបាយ​អាហ្វ្រិក​ខាងត្បូង​មួយចំនួន បាន​ជំរុញ​ឲ្យ​សភា​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​រឹបអូស​ដីធ្លី​ពី​ក្រុម​ប្រជាជន​ស្បែ​កស ដើម្បី​ចែក​ឲ្យ​ប្រជាជន​ស្បែក​ខ្មៅ​វិញ​។ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ថ្មី ដែល​ទើប​ឡើងកាន់​អំណាច មិនទាន់បាន​មួយខែ​ផង​នោះ ក៏បាន​លើកឡើង​ស្រដៀង​គ្នា ពី​គោលនយោបាយ​រឹបអូស​ដីធ្លី​នេះ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ការ​រឹបអូស​នេះ ត្រូវធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន និង​ធានា​ប៉ះពាល់​ដល់​ដំណើរការ​នៃ​សេដ្ឋកិច្ច​ឡើយ​។​



​ចុងក្រោយ​សភា​អាហ្វ្រិក​ខាងត្បូង បាន​បោះឆ្នោត​គាំទ្រ​ញ្ញត្តិ​ដែល​ស្នើសុំ​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឲ្យ​អាហ្វ្រិក​ខាងត្បូង មាន​សិទ្ធិ​រឹបអូស​យក​ដីធ្លី ពី​ប្រជាជន​ស្បែ​កស ដោយ​មិនចាំបាច់​ផ្តល់​សំណង និង​យកមកចែក​ជូន​ពលរ​ដ្ឋ​ស្បែក​ខ្មៅ​វិញ​បាន​។ ញ្ញត្តិ​នេះ ត្រូវបាន​សមាជិកសភា​បោះឆ្នោត​ទទួលយក​ដោយ​ឡេង​គាំទ្រ ២៤១ ទល់នឹង ៨៣ សំឡេង​។

​ញត្តិ​ទាមទារ​ឲ្យ​មានការ​រឹបអូស​ដីធ្លី ពី​ប្រជាជន​ស្បែ​កស ដែល​ត្រូវបាន​សភា​អនុម័ត​នោះ ត្រូវ​បានដាក់​ស្នើឡើង​ដោយ​លោក  Julius Malema សមាជិកសភា​បក្ស​សក​ម្ម​ប្រយុទ្ធ​ដើម្បី​សេរីភាព​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងត្បូង ដែលជា​បក្សប្រឆាំង មាន​និន្នាការ​លើ​មនោគមន៍វិជ្ជា​ម៉ាកស៊ីស​នោះ​។​

 លោក​បាន​អះអាងថា វិធានការ​នេះ ជាការ​ស្វែងរក​យុត្តិធម៌​ដល់​ប្រជាជន​អាហ្វ្រិក​ខាងត្បូង​ស្បែក​ខ្មៅ ដែល​បាត់បង់​លទ្ធភាព​ធ្វើ​កសិកម្ម ដោយសារ​ដីធ្លី​ភាគច្រើន ស្ថិតក្រោម​កណ្តាប់ដៃ​រប​ស់​ប្រជាជន​ស្បែ​កស​នោះ​។​

«​ពេលវេលា​សម្រាប់​ការផ្សះផ្សារ​ជាតិ​ចប់​ហើយ​។ ឥឡូវនេះ ជា​ពេល​សម្រាប់​ស្វែងរក​យុត្តិធម៌​ម្តង​។ យើង​ត្រូវ​ធានាថា យើង​អាច​ស្តារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូ​របស់​ប្រជាជន​យើង​ឡើងវិញ​ដោយ​គ្មាន​ការបង់​សំណង​ជំងឺ​ចិត្ត ដល់​ឧក្រិដ្ឋជន ដែល​លួច​ដី​របស់​យើង​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់ Julius Malema​។​

​ក្រោយ​ទទួលបាន​ការគាំទ្រ​ពី​សមាជិកសភា សំណើសុំ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​គណៈកម្មការ​ត្រួតពិនិត្យ​រដ្ឋធម្មនុញ្ញ ដើម្បី​សិក្សា​សិន មុននឹង​ត្រឡប់មក​ផ្តល់​ចម្លើយ​វិញ​នៅ​ថ្ងៃ ៣០ ខែសីហា​ខាងមុខ​។

​ដោយឡែក​ប្រធានាធិបតី​ថ្មី Cyril Ramaphosa ដែល​មកពី​បក្ស​កាន់អំណាច​សមាជជាតិ​អាហ្វ្រិក ក៏បាន​លើកឡើង​ផងដែរ ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​លោក ក្នុងការ​ព​ន្លឿ​ន​ការកែទម្រង់​ដីធ្លី ដោយ​ជំរុញ​ការ​រឹបអូស​យក​ដី ដោយ​មិនចាំបាច់​ផ្តល់​សំណង​។

​លោក​បន្ថែមថា ការ​រឹបអូស​នេះ​នឹង​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន និង​ប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​ធានា​និរន្តរភាព​នៃ​ការលូតលាស់​សេដ្ឋកិច្ច និង​ដំណើការ​នៃ​វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង​ផង​។

​តាមពិតទៅ បញ្ហាដីធ្លី​ជា​រឿងចម្រូងចម្រាស និង​ស្មុគស្មាញ​បំផុត​ដែរ​នៅ​អាហ្វ្រិក​ខាងត្បូង​។ បើតាម​ទិន្នន័យ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​ឆ្នាំ ២០១៧ អាហ្វ្រិក​ខាងត្បូង មាន​ប្រជាជន​សរុប​ជាង​៥០ លាន​នាក់ ហើយ​អ្វីដែល​សំខាន់ ប្រជាជន​ស្បែក​ស​កាន់កាប់​ដី​កសិកម្ម សរុប​រហូតដល់ ៧២​ភាគរយ​ឯណោះ​។ ចាប់ពី​របប​ដឹកនាំ​រើសអើង​ពូជសាសន៍ ដែល​ដឹកនាំ​ដោយ​ក្រុម​ជនជាតិភាគតិច​ស្បែក​ស​បញ្ចប់ទៅ កាលពី​ជាង​ពីរ​ទសវត្សរ៍​មុន  ដីធ្លី​ដែល​អាចធ្វើ​កសិកម្ម​បាន និង​អចលនទ្រព្យ​ភាគច្រើន ស្ថិតក្រោម​ការកាន់កាប់​របស់​ប្រជាជន​ស្បែ​កស ហើយ​ទ្រព្យសម្បត្តិ​ប្រហែល ៩៥​ភាគរយ នៃ​ប្រទេស​នេះ ស្ថិតក្នុង​កណ្តាប់​ដី​ប្រជាជន​ប្រហែល ១០​ភាគរយ​ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ គោលនយោបាយ​រឹបអូស​ដីធ្លី ដោយ​មិន​ផ្តល់​សំណង​នេះ មិន​ទទួលបាន​ការគាំទ្រ​ពី​គណបក្ស​មួយចំនួន ដែលមាន​អាសនៈ​ក្នុង​សភា ហើយក៏​ប្រឈម​ការរិះគន់​ខ្លាំង​ដែរ​។ សភា​ធុរកិច្ច​កសិកម្ម​អាហ្វ្រិក​ខាងត្បូង ដែល​តំណាង​ដោយ​វិស័យ​កសិកម្ម​នោះ បាន​ព្រមាន​ថា ការ​រឹបអូស​ដីធ្លី​ពី​ប្រជាជន​ស្បែ​កស ជាការ​បំពាន​សិទ្ធិ​គ្រប់គ្រង​វត្ថុ​របស់​ពលរដ្ឋ ដែលជា​សិទ្ធិ​មូលដ្ឋាន និង​ជាត​ម្លៃ​សកល​មួយ​ពាក់ព័ន្ធ​សេរីភាព​បុគ្គល និង​សេរីភាព​សេដ្ឋកិច្ច​ផង​។  ម្យ៉ាងទៀត ញត្តិ​របស់​អ្នកនយោបាយ​ខាងលើ ក៏ត្រូវ​បាន​គេ​ចាត់ទុកជា​ការរំលោភបំពាន លើ​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៤ ដែល​គណបក្សកាន់អំណាច​បច្ចុប្បន្ន សន្យា​ធ្វើយ៉ាងណា​រក្សា​ប្រយោជន៍​របស់​ក្រុម​ជនជាតិភាគតិច​ស្បែ​កស ក្រោយ​របប​ដឹកនាំ​រើសអើង អាប៉ាថេត ដួលរលំ​ផងដែរ​។​

​អ្នកជំនាញ​មួយចំនួន​ក៏បាន​រិះគន់ និង​ព្រមាន​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​ផងដែរ ចំពោះ​ការប៉ុនប៉ង​រឹបអូស​ដីធ្លី​ពី​ប្រជាជន​ស្បែ​កស​នោះ​។ គេ​បារម្ភ​ថា អាហ្វ្រិក​ខាងត្បូង នឹង​ជាន់​គន្លង​ស៊ីម​ប៉ា​វេ ដែល​រឹបអូស​យក​ដី​ពី​ប្រជាជន​ស្បែ​កស ហើយ​ក្រោយមក​ក៏​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​តែម្តង​៕



Tag:
 អាហ្វ្រិក​ខាងត្បូង​
  ដីធ្លី​
  Julius Malema
© រក្សាសិទ្ធិដោយ thmeythmey.com