អន្តរជាតិ
តារាចម្រៀងអេហ្ស៊ីបម្នាក់ជាប់ទោស៦ខែ ដោយសារនិយាយបង្អាប់ទន្លេនីល តារាចម្រៀង Sherine Abdel Wahab នាពិធីប្រគំតន្ត្រីមួយ។ រូបថត AFP
× តុលាការក្រុងគែរ កាលពីពេលថ្មីៗកន្លងមកនេះ បានកាត់ទោសតារាចម្រៀងអេហ្ស៊ីបឈ្មោះ Sherine Abdel Wahab ដាក់ពន្ធនាគាររយៈពេល៦ខែ ដោយបាននិយាយបន្ទោសបង្អាប់គុណភាពទឹកនៅក្នុងទន្លេនីល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
ទន្លេនីលត្រូវបានចាត់ទុកជាបេះដូងរបស់ប្រជាជនអេហ្ស៊ីប ដូច្នេះគេមិនទទួលយកបាននោះឡើយនូវការបន្ទោសបង្អាប់ណាមួយពីជាតិខ្លួនឯង។ តារាចម្រៀងអេហ្ស៊ីបដែលកំពុងមានឈ្មោះល្បីល្បាញក្នុងពិភពអារ៉ាប់ Sherine Abdel Wahab ត្រូវបានតុលាការក្រុងគែរ កាត់ទោសឲ្យជាប់ពន្ធនាគារ៦ខែ ពីបទ «ផ្សព្វផ្សាយព័ត៌មានមិនពិត» និង «បង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ»។
ទោះបីជាយ៉ាងណាក៏ដោយ ទោសដាក់ពន្ធនាគារត្រូវបានព្យូរ នាដំណាក់កាលដែលតារាចម្រៀងរូបនេះ បន្តប្តឹងទៅឧទ្ធរណ៍ និងក្រោយការដាក់ប្រាក់តម្កល់ប្រមាណ៥០០០ផោនអេហ្ស៊ីប (ជាង២៨០ដុល្លារអាមេរិក)។
រយៈពេលជាច្រើនខែមកហើយ អ្នកប្រើប្រាស់បណ្តាញអ៊ីនធ័រណិត បានចែករំលែកវីដេអូមួយស្តីពីការប្រគំតន្ត្រីនៅប្រទេសអារ៉ាប់រួមអេមីរ៉ាត ដោយអ្នកគាំទ្រម្នាក់ ស្នើសុំទៅនាង Sherine ឲ្យច្រៀងបទ «តើអ្នកផឹកទឹកទន្លេនីលដែរឬទេ?» ដែលជាបទល្បីមួយរបស់នាង។
តារាចម្រៀងរូបនោះ បានឆ្លើយថា «អ្នកអាចឆ្លង Schistosomiasis» ដែលក្នុងន័យសំដៅលើជំងឺឆ្លងពីពពួកប៉ារ៉ាសិតដែលមានវត្តមាននៅក្នុងទឹក។ នាងបានបន្តនិយាយលេងសើចថា៖ «ផឹកទឹក Evian វិញទៅ ប្រសើរជាង»។
គុណភាពទឹកទន្លេនីល ក្លាយជាប្រធានបទយ៉ាងក្តៅមួយ បន្ទាប់ពីមានការសាងសង់ទំនប់ពីប្រទេសអេត្យូពី ប៉ុន្តែមិនមានអ្នកណាហ៊ានរិះគន់ចំៗនោះឡើយ។ សមាគមតន្ត្រីនៅអេហ្ស៊ីប បានហាមឃាត់វត្តមានរបស់នាង Sherine នៅលើឆាកតន្ត្រី។
ជាមួយគ្នានេះ តារាចម្រៀងដ៏ល្បី និងជាចៅក្រមកម្មវិធី The Voice អេហ្ស៊ីបផងដែរនោះ បានសុំការអភ័យទោសពីសាធារណជន ចំពោះការនិយាយលេងសើចជ្រុលរបស់នាង៕
Tag:
អេហ្ស៊ីប
ទន្លេនីល
© រក្សាសិទ្ធិដោយ thmeythmey.com