ជាតិ
សម្ដេច ហ៊ុន សែន ហាម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មាន​និន្នាការ​នយោបាយ​
02, Mar 2018 , 9:35 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ហាម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល​ទាំងអស់ ប្រកាន់​និន្នាការ​នយោបាយ ក្នុងការ​ព្យាបាល​ប្រជាពលរដ្ឋ​។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា រាល់​អ្នកជំងឺ​ដែល​ត្រូវការ​ព្យាបាល​នោះ គឺ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ត្រូវ​ព្យាបាល​ពួកគេ​ឲ្យ​អស់ពី​លទ្ធភាព បើទោះជា​ពួកគេ​ជា​អ្នកគាំទ្រ​បក្សប្រឆាំង ធ្លាប់ជេ​ប្រមាថ​រដ្ឋាភិបាល​ក៏ដោយ​។



​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ត្រូវ​ជួយ​ពួកគាត់​ដោយ​ស្ម័គ្រចិត្ត សំខាន់​ជួយ​ព្យាបាល​ឲ្យ​ពួកគាត់​ជា ហាម​សួរ​គាត់​ថា បោះឆ្នោត​ឲ្យ​បក្ស​ណា ហាម​សួរ​បោះឆ្នោត​ឲ្យ​អ្នកណា ហាម​សួរ ហើយ​ត្រូវ​ព្យាបាល​គាត់​ឲ្យ​ជា​សិន ព្រោះ​វា​ជា​រឿង​សំខាន់​…​។ ការងារ​មនុស្សធម៌ មិនត្រូវ​រើសអើង​និន្នាការ​នយោបាយ​ទេ​»​។​

​បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន ផ្ដាំ​ទៅ​គ្រូពេទ្យ​ស្ម័គ្រចិត្ត កុំ​ទុក​ឲ្យ​អ្នកជំងឺ​ឈឺធ្ងន់ធ្ងរ​ចោល បើទោះជា​មិនអាច​ព្យាបាល​ពួកគាត់​ក្តី ពោលគឺ​ត្រូវ​ទទួលខុសត្រូវ​លើ​អ្នកជំងឺ ដោយ​រដ្ឋាភិបាល​ជា​អ្នកចំណាយ​ថវិកា សម្រាប់​ព្យាបាល​ពួកគាត់​។ «​សូមកុំ​ទុក​អ្នកជំងឺ ដែល​យើង​ព្យាបាល​មិនកើត ទៅរក​គ្រូពេទ្យ​ផ្សេង ត្រូវ​រក​វិធីសាស្ត្រ​បញ្ជូន​គាត់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ណាមួយ​ជាក់លាក់ យើង​ចេញ​លុយ ព្យាបាល​ឲ្យ​គាត់ ។ សូមកុំ​បោះបង់ចោល អ្នកជំងឺ​ណា​ម្នាក់​។ បញ្ហា​នេះ​តម្រូវ​ឲ្យ​យើង ទទួលខុសត្រូវ​គ្រប់បែបយ៉ាង»។ នេះ​ការបញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ជំរុញ​ឲ្យ​គ្រូពេទ្យ​ពង្រឹង​ជំនាញ និង​សីលធម៌​គ្រូពេទ្យ​។​

​សម្ដេច ហ៊ុន សែន ក៏​ច្រានចោល​ពាក្យសម្តី​អ្នក​បន្ទោស​បង្អាប់​គ្រូពេទ្យ​ថា អាក្រក់​៩០​ភាគរយ និង​មាន​គ្រូពេទ្យ​ល្អ តែ​១០​ភាគរយ​ផងដែរ​។ សម្ដេច ចាត់ទុក​ពាក្យសម្តី​នេះ គ្រាន់តែ​ជាការ​វាយប្រហារ​ផ្នែក​នយោបាយ និង​ខ្វះ​ភាព​សុច្ច​រិ​ក មកលើ​គ្រូពេទ្យ និង​ការដឹកនាំ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​៕


Tag:
 ហ៊ុន សែន​
 ​ គ្រូពេទ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com