ជាតិ
សម្ដេច ហ៊ុន សែន ចំអក​ថា ពានរង្វាន់​ណូបែល​សន្តិភាព សម្រាប់តែ​អ្នក​ជាប់គុក​
02, Mar 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំអក​ឲ្យ​ការប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព ធ្វើឡើង​សម្រាប់តែ​អ្នកប្រឆាំង និង​អ្នក​ជាប់គុក​ប៉ុណ្ណោះ​។ ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន បាន​លើកយក​ករណី​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា មក​ធ្វើជា​ឧទាហរណ៍​ថា លោកស្រី ស៊ូ​ជី ជា​មេដឹកនាំ​ម្នាក់ ដែល​ត្រូវបាន​ពិភពលោក​ឲ្យ​តម្លៃ នៅពេល​ជា​អ្នកនយោបាយ​គណបក្សប្រឆាំង និង​ហ៊ាន​ជាប់គុក ហើយ​មានការ​ផ្ដល់​ពានរង្វាន់​លើក​ចិត្ត​ដល់​លោកស្រី ស៊ូ​ជី ផងដែរ​។​



​តែ​អ្វីៗ​មានការ​ប្រែប្រួល​វិញ នៅពេល​គណបក្ស​លោកស្រី ស៊ូ​ជី ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។ ភាពប្រែប្រួល​នោះ ដោយសារតែ​ការដឹកនាំ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មានការ​លំបាក​ជាង​ការដើរ​តួ​ជា​មេដឹកនាំ​គណបក្សប្រឆាំង ពោលគឺ​ការដឹកនាំ​កិច្ចការងារ​ប្រទេស មិន​ងាយស្រួល​ដូច​ការប្រឆាំង​ឡើយ​។ នេះ​ជាការ​លើកឡើង​ឧទាហរណ៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បន្ថែមថា លោកស្រី ស៊ូ​ជី ត្រូវបាន​គេ​ព្រមាន​ដកយក​ពានរង្វាន់​ណូបែល​សន្តិភាព​វិញ ដោយសារ​បញ្ហា​សិទ្ធិមនុស្ស ក្នុងករណី​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ។​

​បើទោះជា​មិនទាន់​ដក​ពាន់រង្វាន់​ណូបែល​សន្តិភាព​ពី​លោកស្រី ស៊ូ​ជី ក្តី ប៉ុន្តែ​សម្ដេច ហ៊ុន សែន បាន​ថ្លែង​បែប​ចំអក​ឲ្យ​កម្មវិធី​ពានរង្វាន់​ណូបែល​សន្តិភាព​ថា ៖«​ពានរង្វាន់​ណូបែល​សន្តិភាព ផ្ដល់​សម្រាប់តែ​អ្នក​ជាប់គុក​។ នៅពេល​លោកជំទាវ អ៊ុង​សាន ស៊ូ​ជី ជាប់គុក គាត់​បាន​ពាន​នេះ​។ ដល់​នៅពេលនេះ​គាត់​កាន់អំណាច គេ​ជេរ​គាត់​ពេញ​ទឹក​ពេញ​ដី ថា​គាត់​លែង​គោរព​ពាក្យសន្យា​។ ធ្វើជា​គណបក្សប្រឆាំង និង​ធ្វើជា​គណបក្សកាន់អំណាច វា​ខុសគ្នា​»​។​

​សូម​ស្ដាប់​ប្រសាសន៍ សម្ដេច ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត នៅ​ព្រឹក​ថ្ងៃទី​២ មីនា​នេះ ៖




​គួរ​បញ្ជាក់ថា លោកស្រី អ៊ុង​សាន សូ​ជី បានទទួល​ពានរង្វាន់​ណូបែល​សន្តិភាព កាលពី​ឆ្នាំ​១៩៩១ នៅពេលដែល​លោកស្រី ជា​អ្នកនយោបាយ​គណបក្សប្រឆាំង ទាមទារ​លទ្ធិប្រជាធិបតេយ្យ ហើយ​ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ​ជាច្រើន​ឆ្នាំ​។ ប៉ុន្តែ​ពានរង្វាន់​នេះ ត្រូវបាន​សមាជិក​គណ​ក​ម្មា​ធិ​ការ​ពានរង្វាន់​ណូបែល ព្រមាន​ដកយក​ពាន​នេះ​វិញ​ពី​លោកស្រី ស៊ូ​ជី កាលពីពេល​ថ្មីៗ​នេះ ដោយសារ​វិបត្តិ​នយោបាយ​រ៉ូ​ហ៊ីង​យ៉ា​។​

​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងមក ប្រធាន​ក្រុមប្រឹក្សារដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​គេ​ដកហូត «​ពាន​សេរីភាព​នៃ​ទីក្រុង​អុក​ហ្វ​ដ (Oxford) របស់​ចក្រភព​អង់គ្លេស​» ដោយសារ​បញ្ហា​វិបត្តិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ សមាជិក​ក្រុមប្រឹក្សា​ក្រុង​លោកស្រី Mary Clarkson ធ្លាប់បាន​បញ្ជាក់ថា មូលហេតុ​ដក​ពាន​សេរីភាព​ពី​លោកស្រី ស៊ូ​ជី នេះ ដោយសារ​លោកស្រី ស៊ូ​ជី អសកម្ម​ចំពោះ​ការដោះស្រាយ​បញ្ហា​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​រង​ការគាបសង្កត់ ពី​សំណាក់​កងកម្លាំង​យោធា​។ ពាន​កិត្តិយស Freedom of Oxford ត្រូវបាន​ប្រគល់ជូន លោកស្រី អ៊ុង​សាន ស៊ូ​ជី កាលពី​ឆ្នាំ​១៩៩៧ ដើម្បី​ជាការ​ទទួលស្គាល់​ចំពោះ ភាព​តស៊ូ​លំបាក​របស់​លោកស្រី សម្រាប់​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​


Tag:
 ហ៊ុន សែន​
 ​ ណូបែល​សន្តិភាព​
© រក្សាសិទ្ធិដោយ thmeythmey.com