អន្តរជាតិ
សិង្ហបុរីមិនបង្កើនប្រាក់ខែឲ្យរដ្ឋមន្ត្រី ព្រោះប្រាក់ខែខ្ពស់ស្រាប់ហើយ គណៈរដ្ឋមន្រ្តីសិង្ហបុរី-(រូបភាពពីគេហទំព័រការិយាល័យនាយករដ្ឋមន្រ្តីសិង្ហបុរី)
× រដ្ឋាភិបាលសិង្ហបុរី នៅថ្ងៃទី ខែមីនា បានទាត់ចោលសំណើបង្កើនប្រាក់ខែសម្រាប់រដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត។ លោកឧបនាយករដ្ឋមន្ត្រី Teo Chee Hean បានថ្លែងក្នុងកិច្ចប្រជុំសភាថា ប្រាក់ខែរបស់រដ្ឋមន្ត្រីដែលផ្លាស់ប្ដូរតាំងពីឆ្នាំ២០១១ មក នឹងនៅតែរក្សាដដែល ឯលក្ខខណ្ឌដែលប្រើប្រាស់សម្រាប់វាយតម្លៃក្នុងការបង្កើនប្រាក់ខែ ក៏មិនផ្លាស់ប្ដូរដែរ។ ទោះជាមិនត្រូវបានបង្កើនប្រាក់ខែក្ដី រដ្ឋមន្ត្រីនៅសិង្ហបុរី ក៏ដូចជាមន្ត្រីផ្សេងទៀត មានប្រាក់ខែដ៏ខ្ពស់រួចស្រេចហើយ។
ក្នុងកិច្ចប្រជុំសភានៅថ្ងៃទី១ ខែមីនា សមាជិកសភាសិង្ហបុរីបានចោទសួរលោកឧបនាយករដ្ឋមន្ត្រី Teo Chee Hean ពីការវាយតម្លៃលើប្រាក់ខែរបស់រដ្ឋមន្ត្រី ដែលធ្វើឡើងដោយគណៈកម្មាធិការឯករាជ្យ។ គណៈកម្មាធិការ ដែលបង្កើតក្នុងឆ្នាំ២០១៧ បានស្នើឲ្យមានការបង្កើនប្រាក់បៀវត្សរ៍សម្រាប់រដ្ឋមន្ត្រី និងមន្ត្រីនានាចំនួន៩ភាគរយ ដ្បិតទំហំប្រាក់បៀវត្សរ៍បច្ចុប្បន្ននេះ ត្រូវបានកំណត់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។
យ៉ាងណាមិញ រដ្ឋាភិបាលសិង្ហបុរី មិនបានទទួលយកសំណើឲ្យបង្កើនប្រាក់បៀវត្សរ៍រដ្ឋមន្ត្រីចំនួន៩ភាគរយឡើយ។ លោក Teo Chee Hean និយាយថា ចំនួនប្រាក់បៀវត្សរ៍របស់រដ្ឋមន្ត្រីនឹងរក្សាដដែល ហើយការវាយតម្លៃលើការដំឡើងប្រាក់បៀវត្សរ៍នេះនឹងត្រូវធ្វើនៅ៥ឆ្នាំក្រោយ ឬនៅពេលចាំបាច់។ បើតាមសារព័ត៌មាន Strait Times លោក Teo បន្តថា រដ្ឋាភិបាលសម្រេចចិត្តបែបនេះ ព្រោះផែនការសម្រាប់កំណត់ប្រាក់បៀវត្សរ៍មិនបានផ្លាស់ប្ដូរ ខណៈសេដ្ឋកិច្ចស្ថិតនៅដំណាក់កាលអន្តរកាល។
រដ្ឋមន្ត្រីនៅសិង្ហបុរី ត្រូវបានដឹងជាទូទៅថា ជាមន្ត្រីដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុត បើប្រៀបធៀបទៅនឹងតំណែងដូចគ្នានៅប្រទេសផ្សេង។ ក្នុងការវាយតម្លៃឆ្នាំ២០១៧ រដ្ឋមន្ត្រីសិង្ហបុរីទទួលបានប្រាក់ខែប្រចាំឆ្នាំចំនួន៨៣ម៉ឺនដុល្លារ ខណៈដែលលោកនាយករដ្ឋមន្ត្រី លី សៀនឡុង ទទួលបានប្រាក់ខែប្រចាំឆ្នាំចំនួន១,៧លានដុល្លារឯណោះ។ ប្រាក់បៀវត្សរ៍របស់លោក លី គឺខ្ពស់ជាងប្រាក់បៀវត្សរ៍របស់ប្រធានាធិបតីអាមេរិក ដែលមានប្រហែល៤០ម៉ឺនដុល្លារប៉ុណ្ណោះ។
តាមពិតទៅ ប្រាក់ខែរបស់រដ្ឋមន្ត្រីសិង្ហបុរី ចែកជាបួនផ្នែក គឺ MR1, MR2, MR3, MR4 ហើយប្រាក់បៀវត្សរ៍ចំនួន៨៣ម៉ឺនដុល្លារនេះ គឺជាប្រាក់ខែនៅកម្រិត MR4 ប៉ុណ្ណោះ ដែលជាកម្រិតទាបជាងគេ។ រដ្ឋមន្ត្រីនៅកម្រិតខ្ពស់ជាងគេ គឺMR1 ទទួលបានប្រាក់បៀវត្សរ៍ចំនួន១,៣លានដុល្លារ, នៅកម្រិតMR2 ទទួលបាន១,១លានដុល្លារ ឯកម្រិតMR3 ទទួលបាន៩៩ម៉ឺនដុល្លារ។
ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីរបស់សិង្ហបុរីបានមកពីប្រភពមួយចំនួនដូចជាប្រាក់ខែចំនួន១២ខែ, ប្រាក់លើកទឹកចិត្តខែទី១៣, ប្រាក់លើកទឹកចិត្តសម្រាប់ការបំពេញការងារបីខែ និងប្រាក់បន្ថែមជាតិ។ ការទទួលប្រាក់បៀវត្សរ៍ច្រើនសន្ធឹកសន្ធាប់ដូចនេះ ត្រូវបានរដ្ឋាភិបាលសិង្ហបុរីអះអាងថា ជាការទប់ស្កាត់អំពើពុករលួយ ក៏ដូចជាទាក់ទាញ និងរក្សាទុកអ្នកជំនាញដើម្បីបម្រើការក្នុងរដ្ឋាភិបាល។
ក្នុងរបាយការណ៍ស្ដីពីអំពើពុករលួយឆ្នាំ២០១៧ សិង្ហបុរីឈរនៅលេខទី៦ គឺស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអំពើពុករលួយតិចតួចបំផុត។ សិង្ហបុរីមានលេខរៀងល្អជាងគេក្នុងចំណោមប្រទេសទាំង១០ នៃសមាជិកអាស៊ាន។
សម្រាប់តំណែងផ្សេងទៀតក្រៅពីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក៏ទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំខ្ពស់ដែរ។ ប្រធានាធិបតីសិង្ហបុរីទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន១,១លានដុល្លារ ឯប្រធានសភាវិញទទួលបាន៤១ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ចំណែកឯតំណែងឧបនាយករដ្ឋមន្ត្រីទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន១,៤លានដុល្លារក្នុងមួយឆ្នាំ៕
Tag:
សិង្ហបុរី
លី សៀនឡុង
© រក្សាសិទ្ធិដោយ thmeythmey.com