ជាតិ
កម្ពុជា​នឹង​ចាត់វិធានការ​លើ​ជនបរទេស​ដែល​គេចវេះ​ការបង់ពន្ធ​
02, Mar 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ដែលមាន​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អះអាង​ពី​វិធានការ​ទៅលើ​ជនបរទេស​ដែល​មក​ធ្វើការ​នៅ​កម្ពុជា ប៉ុន្តែ​គេចវេះ មិន​ធ្វើ​បណ្ណ​ការងារ ដើម្បី​បង់ពន្ធ​ចូល​រដ្ឋ​។​



«​កម្ពុជា នឹង​ចាត់វិធានការ ក៏ដូចជា​ការ​អនុវត្ដ​ច្បាប់​គ្មាន​កា​រក​លើកលែង ចំពោះ​ជនបរទេស​ណា ដែល​មក​ធ្វើការ​នៅ​កម្ពុជា ដោយ​មិន​ធ្វើ​ប័ណ្ណ​ការងារ ដើម្បី​បង់ពន្ធ​ចូល​រដ្ឋ​»​។ នេះ​បើតាម​សំដី​របស់លោក លោក សុខ ផល ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AKP ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង កាលពី​ថ្ងៃទី​១ ខែមីនា នេះ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

 អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រូបនេះ បាន​បញ្ជាក់ថា នគរបាល​អន្តោប្រវេសន៍ នឹង​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ប័ណ្ណ​ការងារ​របស់​ជនបរទេស ដែល​កំពុងធ្វើការ​តាម​បណ្តា​រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​កាស៊ីណូ​ទូទាំងប្រទេស នៅ​ពាក់កណ្ដាល​ខែមេសា ក្រោយ​ចូលឆ្នាំ​ខ្មែរ​។

«​ការចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ ដើម្បី​ធានាថា រាល់​ជនបរទេស​ទាំងនោះ​បាន​គោរព​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា ហើយ​និង​បង់ពន្ធ​ចូល​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​»​។ នេះ​ជាការ​បញ្ជាក់ លោក សុខ ផល ហើយ​បន្ថែមទៀតថា ការបង់ពន្ធ​លើ​ប័ណ្ណ​ការងារ​ជនបរទេស ដែល​ធ្វើការ​នៅ​កម្ពុជា មានតម្លៃ ៤០​ម៉ឺន​រៀល ដែល​ស្មើនឹង ១០០​ដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​ម្យ៉ាងទៀត​វិញ​ជនបរទេស ទាំងអស់​ត្រូវមាន​កាត​ព្វ​កិច្ច​ក្នុងការ​បង់ពន្ធ​នេះ​។​

​បន្ថែម​ពីលើ​នេះ សម្ដេច ស ខេង ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​បន្ដ​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ កាលពី​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ កន្លងទៅ បាន​លើកឡើងថា កម្ពុជា​មិន​បណ្តោយ​ឲ្យ​ស្ថានភាព​បែបនេះ​បន្តទៀត​នោះឡើយ​។ សម្តេច​បាន​បញ្ជាក់ថា​៖ «​ក្នុង​មួយឆ្នាំៗ កម្ពុជា បាន​បាត់​ចំណូល​ជាង ២០​លាន​ដុល្លារ ពី​ការ​គេចវេះ​បង់ពន្ធ​របស់​ពលករ​បរទេស ដែល​មក​ធ្វើការ​នៅ​កម្ពុជា​»​។

​ក្នុងចំណោម​ជនបរទេស​អន្តោប្រវេសន៍​ជាង ១៦​ម៉ឺន​នាក់ ដែល​មក​ស្នាក់នៅ និង​ធ្វើការ​នៅ​កម្ពុជា គឺ​មានតែ​ប្រមាណ ៥​ម៉ឺន​៧​ពាន់​នាក់​ប៉ុណ្ណោះ ដែលមាន​បណ្ណ​ការងារ​ស្របច្បាប់​។ សម្តេច​ស ខេង បានបញ្ជាក់​បន្ថែមថា «​ជនបរទេស​អន្តោប្រវេសន៍ និង​ពលករ​បរទេស ដែល​មក​ស្នាក់នៅ ហើយ​បម្រើការ​នៅ​កម្ពុជា ត្រូវតែ​អនុវត្ត ទៅតាម​គោលការណ៍​ច្បាប់ ដែល​បានកំណត់​បើ​ពុំ​ដូច្នោះ​ទេ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ទ្វេគុណ ឬ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​តែម្តង​»៕


Tag:
 ជនបរទេស​
 ​ពន្ធ​
 ​ប័ណ្ណ​ការងារ​
 ​សុខ ផល​
 ​ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com