ជាតិ
សង្គមជាតិ
ខែមករា សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ទទួលបានភ្ញៀវជាង ៣០០នាក់
× សៀមរាប៖ ក្នុងខែមករា ឆ្នាំ២០១៨ មានភ្ញៀវទេសចរជាង ២០០នាក់ ដែលបានចូលទស្សនាសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ។ នេះបើតាមការបញ្ជាក់របស់នាយិកាសារមន្ទីរ។
កញ្ញា ឆោម គន្ធា លើកឡើងថា ក្នុងចំណោមជាង២០០នាក់នោះ មានបរទេសប្រមាណ ១៣០នាក់ និងភ្ញៀវខ្មែរ ជិត១០០នាក់។ កញ្ញាបន្ថែមថា សម្រាប់សំបុត្រចូលទស្សនាសារមន្ទីរ ភ្ញៀវបរទេសតម្លៃ ៣ដុល្លារ និងខ្មែរ មួយពាន់រៀល។
តាមកញ្ញានាយិកាសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ជាមធ្យមក្នុងមួយថ្ងៃមានភ្ញៀវចន្លោះពី៣ទៅ៤នាក់ ដែលចូលមកសារមន្ទីរ ប៉ុន្តែក្នុងខែសម្បូរ ចំនួននេះអាចកើនក្នុងមួយថ្ងៃ ១០នាក់។ បន្ថែមពីលើនេះ កញ្ញាបានកត់សម្គាល់ឃើញថា ចំនួនភ្ញៀវខ្មែរមានការកើនឡើងខ្លាំងក្រោយសារមន្ទីរបានជួសជុលរួចកាលពីខែកក្កដា ឆ្នាំ២០១៧ និងក្រោយពេលមានការផ្សព្វផ្សាយទូលំទូលាយពីបណ្តាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន។
កញ្ញានាយិកាលើកឡើងទៀតថា ក្នុងឆ្នាំ២០១៨នេះ សារមន្ទីរមានផែនការដើម្បីផ្សព្វផ្សាយអោយប្រជាជននៅក្នុងខេត្ត ពិសេសអ្នកបម្រើការលើវិស័យទេសចរណ៍ ដូចជារ៉ឺម៉កកង់បី ជាដើម ឱ្យពួកគាត់ស្គាល់ពីសារមន្ទីរ ងាយស្រួលដល់ពួកគេនាំភ្ញៀវមកដល់សារមន្ទីរ ព្រោះកន្លងមក អ្នកខេត្តខ្លះមិនទាន់ធ្លាប់ស្គាល់ពីសារមន្ទីរនេះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com