ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​កៅអី​ព្រឹទ្ធសភា​ទាំង​៥៨ ក្នុង​នីតិកាលទី​៤
03, Mar 2018 , 11:31 am        
រូបភាព
សម្តេច ហ៊ុន សែន ប្រធាន​គណ​បក្សប្រ​ជាជន​កម្ពុជា បាន​ទៅ​បោះ​ឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាល​ពីថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ២0១៨​។ រូប​ពីទំព័រ​ហ្វេសបុក​របស់​សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ប្រធាន​គណ​បក្សប្រ​ជាជន​កម្ពុជា បាន​ទៅ​បោះ​ឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាល​ពីថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ២0១៨​។ រូប​ពីទំព័រ​ហ្វេសបុក​របស់​សម្តេច ហ៊ុន សែន
 ​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​អាសនៈ​ព្រឹទ្ធសភា​ទាំង​៥៨ ក្នុង​នីតិកាល​ទី​៤​នេះ ។ នេះ​បើតាម​លទ្ធផល​ផ្លូវការ​របស់​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃទី​៣ មីនា​។​


​លទ្ធផល​ផ្លូវការ​បានបង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​ជ័យជម្នះ​គ្រប់​ភូមិភាគ​ទាំង​៨ លើ​គណបក្ស​៣​ផ្សេងទៀត ។ ក្នុងនោះ​ភូមិភាគ​១ គណបក្ស​ប្រជាជន​ទទួលបាន ៦​អាសនៈ​, ភូមិភាគ​ទី​២ ទទួល ៨​អាសនៈ​, ភូមិភាគ​ទី​៣ ទទួល ៥​អាសនៈ​, ភូមិភាគ​ទី​៤ ទទួល ១០​អាសនៈ​, ភូមិភាគ​ទី​៥ ទទួល ៧​អាសនៈ​, ភូមិភាគ​ទី​៦ ទទួល ៧​អាសនៈ​, ភូមិភាគ​ទី​៧ ទទួល ៩​អាសនៈ និង​ភូមិភាគ​ទី​៨ ទទួល ៦​អាសនៈ​។​
 
​សេចក្តីសម្រេច​របស់​គ​ណ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានបញ្ជាក់​ដូច្នេះ​ថា​៖«​លទ្ធផល​បោះឆ្នោត​នៃ​ការជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដូច​មានចែង​ក្នុង​ប្រការ​១ ខាងលើ មាន​អនុភាព​គតិយុត្ត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​ចាប់ពី​ថ្ងៃនេះ​តទៅ​»​។​
​កន្លងមក​គណបក្សនយោបាយ​ចំនួន​២ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដែល​បាន​ចូលរួម​ការបោះឆ្នោត បានបង្ហាញ​ជំហ​គាំទ្រ និង​ទទួលយក​លទ្ធផល​បោះឆ្នោត​នាពេលខាងមុខ ដោយ​ឥត​ប្រកែក​ឡើយ​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ទាំងពីរ​នេះ បាន​វាយតម្លៃ​ខ្ពស់​លើ​ដំណើការ​រៀបចំ​ការបោះឆ្នោត ដោយ​ចាត់ទុកថា ការបោះឆ្នោត​ព្រឹទ្ធសភា ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ហិង្សា ហើយ​មាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ គណបក្ស​ទាំងពីរ​ព្រម​ទទួលស្គាល់​ទាំង​លទ្ធផល​ជាបឋម និង​លទ្ធផល​ជា​ផ្លូវការ​។​
​ប៉ុន្តែ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហាក់​មិនទាន់មាន​សេចក្តីថ្លែងការណ៍​គាំទ្រ​ការបោះឆ្នោត​នេះ​ទេ ស្រប​ពេលដែល​គណបក្ស​សញ្ជាតិ​ខ្មែរ ដែល​មិនបាន​ចូលរួម​ការបោះឆ្នោត​ចេញមុខ​សាទរ​ការបោះឆ្នោត​ព្រឹទ្ធសភា​កន្លងមក​ដែរ​។​
 
​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ មាន​អាសនៈ​៦២ ដោយ​សមាជិក​ព្រឹទ្ធសភា​៥៨ គឺ​កើត​ចេះ​ពី​ការបោះឆ្នោត​អសកល​។ ចំណែក​សមាជិក​ព្រឹទ្ធសភា​៤​រូប​ទៀត កើតចេញពី​ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ ២​រូប និង​រដ្ឋសភា​ជ្រើសតាំង​២​រូប​៕

Tag:
 CPP
  ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com