ជាតិ
នយោបាយជាតិ
អ្នកនាំពាក្យ បដិសេធព័ត៌មានបែកបាក់ផ្ទៃក្នុងជួរទ័ព បន្ទាប់ពីមានការផ្ទេរភារកិច្ចឲ្យលោក ហ៊ុន ម៉ាណែត រូបពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
× ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធថា គ្មានការបែកបាក់ផ្ទៃក្នុងជួរកងទ័ពឡើយ។ ការបដិសេធរបស់អ្នកនាំពាក្យក្រសួងការពារជាតិនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមអវិជ្ជមានជុំវិញការផ្ទេរភារកិច្ចសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទពីលោក គន់ គីម ទៅលោក ហ៊ុន ម៉ាណែត កូនប្រុសសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ឈុំ សុជាតិ ចាត់ទុកព័ត៌មាននៃការបែកបាក់ផ្ទៃក្នុងកងទ័ពនេះ គ្រាន់តែជាការបំភ្លៃព្រឹត្តិការណ៍របស់ក្រុមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលប៉ុណ្ណោះ។ លោក ឈុំ សុជាតិ បានបញ្ជាក់ថា ការផ្ទេរសិទ្ធិដឹកនាំសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទពីលោក គន់ គីម ជូនដល់នាយរងសេនាធិការចម្រុះនោះ មិនមានអ្វីបែកបាក់ផ្ទៃក្នុងនោះទេ ពោលគឺវាគ្រាន់តែជាការចែករំលែកការទទួលខុសត្រូវពីលោក គន់ គីម ប៉ុណ្ណោះ ។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួន ឆ្លើយតបយ៉ាងដូច្នេះថា៖«ការប្រគល់សិទ្ធិដឹកនាំនាយសេនាធិការចម្រុះនេះ គឺគ្រាន់តែជាការប្រគល់ការងារទទួលខុសត្រូវជូនមន្ត្រីជាន់ខ្ពស់ណាមួយ នៅពេលដែល នាយឧត្តមសេនីយ៍ គន់ គីម អវត្តមាន ឬជាប់រវល់នៅកិច្ចការងារមូលដ្ឋានតែប៉ុណ្ណោះ ដោយសារតែមួយរយៈនេះ នាយឧត្តមសេនីយ៍ គន់ គីម មានការមមាញឹក នៅកិច្ចការមូលដ្ឋាន»។
ដោយសារតែការមមាញឹកនឹងការងារមូលដ្ឋាននេះហើយ ទើបកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានផ្ទេរសិទ្ធិដឹកនាំ បញ្ជាការងារ សេនាធិការចម្រុះជូនដល់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ ទទួលដឹកនាំ និងចាត់ចែងការងារនេះ។ នេះបើតាមលោក ឈុំ សុជាតិ៕
Tag:
ឈុំ សុជាតិ
ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com