ជាតិ
សេដ្ឋកិច្ច
ក្រសួង​ព្យាករ​ថា ទេសចរ​នឹង​សម្រុក​ទៅ​តំបន់ឆ្នេរ ច្រើនជាង​អង្គរ​ក្នុងពេល​ជាង​១០​ឆ្នាំ​ទៀត​
04, Mar 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ព្យាករ​ថា តំបន់ឆ្នេរ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដល់​ទៅ​ប្រមាណ ១៤​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ខណៈ​តំបន់​សៀមរាប​អង្គរ​ទទួលបាន ១២​លាន​នាក់​។ នេះ​បើតាម​របាយការណ៍​ដែល​លើកឡើង​ដោយ​លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នា​សន្និបាត​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង នៅ​ថ្ងៃទី​២៧​ខែកុម្ភៈ​។​



​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ តំបន់​អង្គរ​ទទួលបាន​ទេសច​រ​ជាតិ​-​អន្តរជាតិ​ចំនួន ៥,៥​លាន​នាក់ ហើយ​ត្រូវបាន​ព្យាករ​ថា​ចំនួន​នេះ​នឹង​កើន​ដល់ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង ១២​លាន​នាក់​សម្រាប់​ឆ្នាំ​២០៣០​។ 
 
​រីឯ​តំបន់ឆ្នេរ ដែលមាន​ទេសចរ​សរុប ៤​លាន​នាក់​នៅ​ឆ្នាំ​២០១៧ ក្រសួង​ថា​នឹង​កើន​ដល់ ៦​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង ១៤​លាន​នាក់​នៅ​ឆ្នាំ​២០៣០​។​
 
​គម្រោង​ធំៗ​ជាច្រើន​នៅ​តំបន់ឆ្នេរ ដែលមាន​បួន​ខេត្ត គឺ កោះកុង ព្រះសីហនុ កំពត និង​ខេត្ត​កែប នឹង​គាំទ្រ​កំណើន​ទេសចរ​នៅ​តំបន់​នេះ​។ បើតាម​ការ​ឲ្យ​ដឹង​របស់លោក ទិ​ត ចន្ថា គម្រោង​ទាំងនោះ​រួមមាន គម្រោង​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​នៅ​តំបន់​តារា​សាគរ​ខេត្តកោះកុង​, កំពង់ផែ​ទេសចរណ៍​នៅ​ខេត្តកំពត​ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ឆ្នាំ​២០១៩ និង​គម្រោង​អភិវឌ្ឍន៍​កំពត​ថ្មី​។​
 
​គម្រោង​ផ្សេងទៀត ដូចជា​គម្រោង​និវេសនដ្ឋាន​ទេសចរណ៍​របស់​ផ្នែក​ឯកជន​នៅ​តំបន់ឆ្នេរ និង​គម្រោង​ដ៏​ធំ​ដែល​រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រសួងទេសចរណ៍​សិក្សា​ស្រាវជ្រាវ នោះ​គឺ គម្រោង​ទេសចរណ៍​នាគរាជ ដែល​ត​ភ្ជាប់​ពី​អាកាសយានដ្ឋាន​ក្រុងព្រះសីហនុ ទៅ​ឆ្នេរសមុទ្រ​។ នេះ​បើតាម​ប្រសាសន៍​របស់លោក ទិ​ត ចន្ថា ។​
 
​ក្រៅពី​គម្រោង​ដែល​លើកឡើង​ដោយ​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងទេសចរណ៍​ខាងលើនេះ គេ​ក៏​អាច​ដឹងបាន​ពី​គម្រោង​ធំៗ​នៅ​ឆ្នេរ និង​កោះ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បោះទុន​ដោយ​វិនិយោគិន​បរទេស និង​សេដ្ឋី​ក្នុងស្រុក ដូចជា​គម្រោង​នៅ​កោះពស់ កោះរ៉ុង ជាដើម​។ ហើយ​ថ្មីៗ​នេះ មានការ​ចាប់អារម្មណ៍​ពី​ការវិនិយោគ​យ៉ាង​ផុសផុល​របស់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ដែល​រាប់​ចាប់ពី​អាជីវកម្ម​តូចៗ រហូតដល់​ការសាងសង់​សណ្ឋាគារ កាស៊ីណូ​។​
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ថ្លែងថា រដ្ឋាភិបាល​មាន​គោលការណ៍​ណែនាំ​ស្ដីពី​ការគ្រប់គ្រង​តំបន់ឆ្នេរ សម្រាប់​ខេត្ត​ទាំង​បួន ដែល​គ្មាន​បុគ្គល​ណា​អាចធ្វើ​រំលោភ​គោលការណ៍​ទាំងនោះ​បានឡើយ​។ លោក​បន្ថែមថា រដ្ឋាភិបាល​បានកំណត់​ខេត្ត​កែប ជា​កន្លែង​សម្រាកលំហែ​កម្រិត​ខ្ពស់​, ខេត្តកំពត​ជា​តំបន់ ទេសចរណ៍​វប្ប​ធ​ម៍ និង​ក​សិ​-​ទេសចរណ៍​, ខេត្ត​ព្រះសីហនុ​ជាង​បណ្ដុំ​ទេសចរណ៍ (Hub) ដែលមាន​ភាពងាយស្រួល​ផ្នែក​ធ្វើដំណើរ​ទាំង​ផ្លូវ​សមុទ្រ អាកាស ផ្លូវថ្នល់ និង​ផ្លូវដែក​។ លោក​បន្ត រដ្ឋាភិបាល​បានចេញ​គោល​ការណែនាំ​ពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​នីមួយៗ​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​៕ 
 

Tag:
 ទិ​ត ចន្ថា​
  ព្រះសីហនុ​
  តំបន់ឆ្នេរ​
© រក្សាសិទ្ធិដោយ thmeythmey.com