បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ក្រៅពី​ផ្សាយ​ទម្រង់​សិល្បៈ​ខ្មែរ ឆាក​សម្ដែង​ក្នុង​សារមន្ទីរ​ជាតិ បាន​ជួយ​ទ្រទ្រង់​ជីវភាព​សិល្បករ​
04, Mar 2018 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ឆាក​សម្ដែង​សិល្បៈ​នៅក្នុង​បរិវេណ​សារមន្ទីរ​ជាតិ មានការ​សម្ដែង​សិល្បៈ​ជា​ញឹកញាប់ ក្នុង​ទម្រង់​ផ្សេងៗ​គ្នា ទាំង​ទម្រង់​របាំ​បុរាណ របាំ​ប្រពៃណី និង​របាំ​ប្រជាប្រិយ​ជាដើម​។ ត្រឹម​ជា​ឆាក​សម្រាប់​សម្ដែង​សិល្ប​មែន ប៉ុន្តែ​ឆាក​មួយ​នេះ ជា​ផ្នែក​មួយ ជួយ​ថែរក្សា និង​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ ឆាក​សម្ដែង​នេះ ក៏បាន​ជួយ​ឱ្យ​សិល្បករ​មានការ​ងារ​ធ្វើ ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ផងដែរ​។​

 
​លោក ឈិន វ៉ាន់​នឿន អ្នកសម្របសម្រួល​ជាន់ខ្ពស់​ផ្នែក​លក់ និង​ទីផ្សារ នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បានឱ្យដឹងថា ឆាក​សម្ដែង​នេះ បាន​ជួយ​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​ខ្មែរ ច្រើន​ទម្រង់​ទាំង​បុរាណ ប្រពៃណី និង​ប្រជាប្រិយ​ជាដើម​។ ឆាក​នេះ​ក៏បាន​ជួយ​ដល់​សិល្បករ​ដែល​បានមក​សម្ដែង ឱ្យមាន​ការងារ​ធ្វើ និង​អាច​រកប្រាក់​ចំនូល​បន្ថែ​ម​។ លោក វ៉ាន់​នឿន បញ្ជាក់​៖«​ឆាក​សម្ដែង​នេះ ជា​កន្លែង​សម្ដែង ហ្វឹកហាត់ ធ្វើ​បទ​បង្ហាញ​ពី​សិល្បៈ​ខ្មែរ​ស្ទើរ​គ្រប់​ទម្រង់​។ កន្លែង​នេះ ក៏​ជា​កន្លែង​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​របស់​ខ្មែរ ឱ្យ​ភ្ញៀវ​បរទេស​បាន​ស្វែងយល់​ផងដែរ​»​។​

 
​ទោះជា​ឆាក​សម្ដែង​នេះ បាន​ជួយ​ដល់​ទម្រង់​សិល្បៈ​បាន​ច្រើនក្ដី តែ​លោក វ៉ាន់​នឿន សោកស្ដាយ​ត្រង់​ថា  រាល់​ការសម្ដែង មិនសូវមាន​ខ្មែរ​មក​មើល​។ លោក​ថា​ការគាំទ្រ​របស់​ជនជាតិ​ខ្មែរ គឺជា​កម្លាំងចិត្ត​ដ៏​ខ្លាំង​សម្រាប់​សិល្បករ​។ លោក វ៉ាន់​នឿន​បន្ថែម​ដូច្នេះ​៖« របាំ​សម្ដែង​នៅទីនេះ​ថ្មី​រហូត តែ​ខ្មែរ​យើង​មិនសូវ​មក​មើល ខ្ញុំ​មិនដឹងថា​មូលហេតុ​អ្វី​? បើតាម​ការសង្កេត​ជារួម ភ្ញៀវ​ខ្មែរ​ចូល​មើល​ប្រហែល​៥ ទៅ​១០​ភាគរយ​ប៉ុណ្ណោះ​។ ទាំង​ខ្ញុំ និង​សិល្បករ ចង់ឱ្យ​ខ្មែរ​មក​មើល​ឱ្យបាន​ច្រើន ព្រោះ​ដើម្បីឱ្យ​គាត់​ដឹងថា របាំ​របស់ខ្លួន​មាន​អ្វីខ្លះ​? ហើយ​គាត់​អាចជួយ​ផ្សព្វផ្សាយ​បន្ត​»​។​

 
​កញ្ញា អៀង ស្រី​ពេញ ជា​សិល្បករ​សម្ដែង​របាំ​មួយរូប បានឱ្យដឹងថា ឆាក​សម្ដែង​នេះ​ជួយ​ឱ្យ​នាង​ទទួលបាន​ចំណូល​មួយចំនួន សម្រាប់​ផ្គត់ផ្គង់​ការរៀនសូត្រ និង​ជីវភាព ព្រមទាំង​ជួយ​នាង​មានឱកាស​ទៅ​សម្ដែង នៅក្នុង​កម្មវិធី​ផ្សេងៗ​ទៀត​។ 

 
​លោក ច​ន ប៊ុន​វឌ្ឍន៍ ជា​សិល្បករ​ផ្នែក​ល្ខោនខោល សម្ដែង​នៅ​ឆាក​សម្ដែង​នេះដែរ បាន​និយាយថា ឆាក​នេះ ជួយ​ឱ្យ​លោក​មានឱកាស​រៀន​របាំ​ប្រពៃណី​បន្ថែម​ពី​អ្នកសិល្បៈ​ដូចគ្នា ក្រៅពី​ជំនាញ​ល្ខោនខោល​។ លោក ប៊ុន​វឌ្ឍន៍ ចង់ឱ្យ​ភ្ញៀវ​ខ្មែរ​មក​មើល​ឱ្យបាន​ច្រើន ទោះ​តម្លៃ​សំបុត្រ​ភ្ញៀវ​ខ្មែរ ទាប​ជាង​ភ្ញៀវ​បរទេស​ក្ដី​។  លោក​ថាបើ​ភ្ញៀវ​ខ្មែរ​មក​មើល​ការសម្ដែង​ច្រើន លោក​សប្បាយចិត្ត ព្រោះ​លោក​ចង់ឱ្យ​ខ្មែរ​យល់​តម្លៃ​របស់​សិល្បៈ​ខ្លួន ជាង​ជាតិ​សាសន៍​ផ្សេង​។ «​បើសិនជា​ពួកគាត់​(​ខ្មែរ​)​បាន​ចេញទៅ​ក្រៅប្រទេស គាត់​ដឹងថា​របាំ​ខ្មែរ​មាន​អ្វីខ្លះ​? គាត់​អាច​និយាយប្រាប់​គេ​ពិតជា​ល្អ ព្រោះ​សិល្បៈ​នេះ តំណាងឱ្យ​ខ្មែរ​។ តែបើ​យើង​ឮ​បរទេស​និយាយ​ពី​សិល្បៈ​ខ្មែរ ហើយ​យើង​មិន​ដឹងអី​សោះ ជា​រឿង​គួរឱ្យ​ខ្មាស​គេ​»​។ នេះ​ជាការ​បន្ថែម​របស់លោក ប៊ុន​វឌ្ឍន៍​។​

 
​នា​រដូវ​ភ្ញៀវ​ច្រើន នៅ​ឆាក​សម្តែង​ក្នុង​សារមន្ទីរ​ជាតិ​នេះ មានការ​សម្ដែង​របាំ​មួយ​សប្ដាហ៍​ពេញ នៅ​ម៉ោង​៧​ដល់ ៨​យប់​។ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ មានការ​សម្តែង​របាំ និង​ល្ខោន​ស្រមោល​ស្បែក​ធំ និង​ពីថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃអាទិត្យ មានការ​សម្តែង​របាំ​ចម្រុះ​។ តម្លៃ​សំបុត្រ​ចូល​ទស្សនា សម្រាប់​ភ្ញៀវ​ខ្មែរ​តម្លៃ ១៥​ដុល្លារ ១០​ដុល្លារ និង ៥​ដុល្លារ បើ​សិស្ស​ចុះ​តម្លៃ​ឱ្យ​៥០​ភាគរយ គ្រប់​កៅអី​។ តម្លៃ​សម្រាប់​ភ្ញៀវ​បរទេស​មាន ២៥​ដុល្លារ ២០​ដុល្លារ និង ១៥​ដុល្លារ​៕
 

 

 

 

 

Tag:
 របាំ​
 ​ សិល្បៈ​
  ​សិល្បករ​
 ​ សារមន្ទីរ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com