ជាតិ
ស្ថានទូត​បារាំង រៀបចំ​ព្រឹត្តិការណ៍ «​សបា្តហ៍​បារាំង​»​លើក​ទី​១ នៅ​សៀមរាប
05, Mar 2018 , 9:59 pm        
រូបភាព
រូបថត AKP
រូបថត AKP
ដោយ:
​ភ្នំពេញៈ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សបា្តហ៍​បារាំង​» លើក​ទី​១ នៅ​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែមីនា នេះ​។ នៅក្នុង​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន និង​អង្គការ​បារាំង​ប្រមាណ ៥០ នឹងធ្វើ​បទ​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ និង​ភ្ញៀវទេសចរ អំពី​ចំណេះធ្វើ​របស់​សហគ្រិន​បារាំង គួបផ្សំ​ជាមួយនឹង​ប្រពៃណី ព្រមទាំង​មាន​វត្ថុធាតុដើម​របស់​ខ្មែរ​ដែរ ហើយ​និង​មានកម្ម​វិធី​ផ្សេងៗ​ជាច្រើន​ទៀត​។​



​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា នឹងចូលរួម​បើកសម្ពោធ​ព្រឹត្តិការណ៍ «​សបា្តហ៍​បារាំង​» លើក​ទី​១ នៅ​ក្រុង​សៀមរាប​នេះ​។ លោក ហ្ស​ង់ អ៊ីវ ឡឺ​កុង​ត៍ សមាជិក​ព្រឹទ្ធសភា​តំណាង​ជនជាតិ​បារាំង​នៅ​បរទេស បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍​នេះ កាលពីពេល​កន្លងទៅ ថា​នឹង​ការសាងសង់​«​ភូមិ​បារាំង​មួយ​» នៅក្នុង​សួនច្បារ​ព្រះរាជដំណាក់ ខាងមុខ​សណ្ឋាគារ​អង្គរ​។​



​ក្រៅពីនេះ នឹងមាន​កម្មវិធី​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ដល់​សាធារណជន​ផងដែរ ដូចជា​ពិព័រណ៍​រូបថត​នៃ​សាលា​បារាំង​ចុង​បូព៌ា សន្និសីទ​ស្តីពី​វប្បធម៌ ការបង្ហាញ​អំពី​របៀប​ឆ្លាក់​នៅលើ​ផ្ទាំង​ថ្ម ស្តង់​ភោជនីយដ្ឋាន​បារាំង ការជ្រើសរើស​បុគ្គលិក និង​អ្នកធ្វើ​កម្មសិក្សា ការប្រកួត​ប៉េតង់ ការ​បញ្ចាំងភាពយន្ត ការសម្តែង​របាំ​សហ​សម័យ​ដោយ​ក្រុម​សិល្ប​:​ខ្មែរ និង​ការដើរ​បង្ហាញ​ម៉ូដ​ចៃ្ន​ដោយ​ផលិតករ​ក្នុងស្រុក​ជាដើម ក៏​នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះដែរ​។ នេះ​បើតាម​ការបន្ថែម របស់លោក ហ្ស​ង់ អ៊ីវ ឡឺ​កុង​ត៍​។

​លោកស្រី អេ​ឡែ​ន កុន​វ៉េ មូ​រ៉េ សមាជិក​ព្រឹទ្ធសភា​តំណាង​ជនជាតិ​បារាំង​នៅ​បរទេស​ម្នាក់ទៀត ក៏​បញ្ជាក់ដែរថា លោកស្រី នឹងធ្វើ​បទ​បង្ហាញ​មួយ​ស្តីពី «​ស្ត្រី​» នៅក្នុង​ព្រឹត្តិការណ៍​ដែរ ពោលគឺ​នៅ​ថ្ងៃទី​៨ មីនា ដើម្បី​លើ​កម្ពស់​សិទ្ធិនារី​ក្នុង​ពិភពលោក ជាពិសេស​នារី​កម្ពុជា ពាក់ព័ន្ធ​នឹង​ស្ត្រី​ក្នុង​ការធ្វើ​អាជីវកម្ម និង​ការងារ​ផ្សេងៗ​៕

​ប្រភព​៖AKP


Tag:
 បារាំង​
 ​ ព្រឹត្តិការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com