ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបាក់​ទឹកចិត្ត​បង្ហាញ​អាកា​រៈលើ​រាងកាយ​ដូច្នេះ​ឯង​
06, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ


​មាន​បញ្ហា​នៃ​ការ​គេង​
​ការបាក់​ទឹកចិត្ត​អាច​ប៉ះពាល់​ដល់​រាងកាយ​ព្រមទាំង​អារម្មណ៍​មនុស្ស​។ ការ​ដែលមាន​បញ្ហា​ក្នុងការ​គេង គឺជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់​លើ​អ្នក​ដែល​បាក់​ទឹកចិត្ត​។ ប៉ុន្តែ​អ្នកខ្លះ​អាចមាន​មធ្យោបាយ​ច្រើន​ក្នុង​ការជួយ​ឲ្យ​គេង​បាន​កាន់តែ​ស្រួល​។

​ឈឺទ្រូង​
​វា​អាចជា​សញ្ញា​មួយ​នៃ​បញ្ហា​បេះដូង សួត ឬ​ក្រពះ ដូច្នេះ​ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទាត់ចោល​មូលហេតុ​ទាំងនេះ​។ ពេលខ្លះ វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រោគសញ្ញា​មួយ​នៃ​ការបាក់​ទឹកចិត្ត​ដេរ​។ ការបាក់​ទឹកចិត្ត​ក៏​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ដែរ​។ ជាមួយគ្នានេះដែរ អ្នក​ដែល​ធ្លាប់មាន​ជំងឺ​គាំង​បេះ​ដូង​ទំនងជា​ធ្លាប់មាន​ការបាក់​ទឹកចិត្ត​ផង​។

​អស់កម្លាំង​
​បើសិនជា​អ្នកមាន​អារម្មណ៍​ថា​នឿយហត់ ហើយ​គ្មាន​កម្លាំងកំហែង​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ទេ ទោះបីជា​នៅពេល​គេង ឬ​សម្រាក​ច្រើន​ក៏ដោយ​នោះ វា​ប្រហែលជា​សញ្ញា​មួយ​ដែល​អ្នក​កំពុងតែ​បាក់​ទឹកចិត្ត​ហើយ​។ ការបាក់​ទឹកចិត្ត និង​អស់កម្លាំង​ជាមួយគ្នា​ងាយ​នឹង​បង្ក​ឲ្យ​បញ្ហា​ទាំងពីរ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បាន​ណាស់​។

​ការឈឺ​សាច់ដុំ និង​សន្លាក់​
​នៅពេល​អ្នករស់នៅ​ជាមួយនឹង​ការឈឺចាប់ វា​អាច​បង្កើន​ការ​ប្រឈម​នឹង​ការបាក់​ទឹកចិត្ត​បាន​។ ការបាក់​ទឹកចិត្ត​ក៏​ប្រហែលជា​នាំ​ឲ្យ​មានការ​ឈឺចាប់​បានដែរ​ដោយសារតែ​បញ្ហា​ទាំងពីរ​នេះ​ប្រើប្រាស់​សារ​ធា​តិ​គីមី​បញ្ជូន​សញ្ញា​ជាមួយគ្នា​ក្នុង​ខួរក្បាល​។ អ្នក​ដែល​បាក់​ទឹកចិត្ត​ទំនងជា​មានការ​ឈឺចាប់​ជា​ទៀងទាត់​រហូតដល់​បី​ដង​ឯណោះ​។

​បញ្ហា​នៃ​ការរំលាយ​អាហារ​

​ខួរក្បាល និង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​យើង​មាន​ទំនាក់ទំនង​គ្នា​យ៉ាងខ្លាំង ដែល​នេះ​គឺជា​មូល​ហេតុថា មនុស្ស​ភាគច្រើន​មានការ​ឈឺក្រពះ ឬ​ចង្អោ​នៅពេល​ស្ត្រេ​ស ឬ​បារម្ភ​ច្រើន​។ ការបាក់​ទឹកចិត្ត​អាចធ្វើ​ឲ្យ​ក្រពះ​មាន​បញ្ហា​ដែរ​ដូចជា ចង្អោ ក្រពះ​មិន​កិន រាករូស ឬ​ទល់លាមក​។

​ការឈឺ​ក្បាល​
​ការសិក្សា​មួយ​បាន​បង្ហាញថា អ្នក​ដែលមាន​ការបាក់​ទឹកចិត្ត​ខ្លាំង​គឺ​ទំនងជា​មានការ​ឈឺក្បាល​បែប​ប្រកាំង​រហូតដល់​បី​ដង ហើយ​អ្នក​ដែល​ឈឺក្បាល​បែប​ប្រកាំ​ទំនងជា​មានការ​បាក់​ទឹកចិត្ត​រហូតដល់ ៧​ដង​ឯណោះ​។

​ចំណង់​អាហារ ឬ​ទម្ងន់​ប្រែប្រួល
​អ្នកខ្លះ​មាន​អារម្មណ៍​ថា​មិនសូវ​ឃ្លាន​អាហារ​នៅពេល​ពួកគេ​បាក់​ទឹកចិត្ត​។ អ្នកផ្សេងៗ​ទៀត​មិនអាច​ឈប់​ញ៉ាំ​អាហារ​បានតែ​ម្តង​។ លទ្ធផល​អាចជា​ការឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់​ជាមួយគ្នា​នឹង​ការ​អស់កម្លាំង​ថែមទៀត​។ ការបាក់​ទឹកចិត្ត​មាន​ជាប់ទាក់ទង​គ្នា​នឹង​ការ​ញ៉ាំ​អាហារ​ខុសធម្មតា ឬ​មិន​ឃ្លាន​អាហារ​ដែរ​។

​ឈឺ​ខ្នង​
​នៅពេល​វា​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ជាប្រចាំ វា​ប្រហែលជា​នាំ​ឲ្យ​កើត​ការបាក់​ទឹកចិត្ត​ដែរ​។ ហើយ​អ្នក​ដែល​បាក់​ទឹកចិត្ត​ប្រហែលជា​មានការ​ឈឺចាប់​នៅ​ខ្នង ឬ​កញ្ចឹងករ​រហូតដល់ ៤​ដង​ឯណោះ​។

​បញ្ហា​ផ្លូវភេទ​
​បើសិនជា​អ្នក​បាក់​ទឹកចិត្ត អ្នក​ប្រហែលជា​បាត់បង់​ចំណង់​ផ្លូវភេទ​។ ថ្នាំ​តាម​វេជ្ជបញ្ជា​ខ្លះ​ដែល​ព្យាបាល​ការបាក់​ទឹកចិត្ត​ក៏​អាចធ្វើ​ឲ្យ​ចំណង់​ផ្លូវភេទ​ខ្សត់ខ្សោយ​បានដែរ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ជម្រើស​នៃ​ការប្រើ​ថ្នាំ​របស់​អ្នកផង​ទៅ​។

​ការហាត់​ប្រាណ​
​អ្នកស្រាវជ្រាវ​បាន​និយាយថា បើសិនជា​អ្នក​ហាត់ប្រាណ​ជាប្រចាំ វា​នឹង​បញ្ចេញ​សារធាតុ​គីមី​ជាច្រើន​ទៅក្នុង​ខួរក្បាល​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ និង​បន្ថយ​ការឈឺចាប់​។ ថ្វីបើ​សកម្មភាព​រាងកាយ​តែឯង​មិនអាច​ព្យាបាល​ការបាក់​ទឹកចិត្ត​ក៏ដោយ តែ​វា​អាចជួយ​បំបាត់​បញ្ហា​នេះ​បាន​រយៈពេល​យូរ​ដែរ​។ បើសិនជា​អ្នក​បាក់​ទឹកចិត្ត ពេលខ្លះ​វា​អាច​ពិបាក​នឹងមាន​កម្លាំង​ហាត់ប្រាណ​ដែរ​។ ប៉ុន្តែ​ចូរ​ចងចាំ​ថា វា​អាច​បំបាត់​ការ​អស់កម្លាំង និង​ជួយ​ឲ្យ​គេង​លក់​កាន់តែ​ស្រួល​ជាង​មុន​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com