ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ដឹង​ទេ​ថា តើ​ការ​លើស​សម្ពាធ​ឈាម​ប៉ះពាល់​រាងកាយ​ដូចម្តេចខ្លះ​ទេ​?
07, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ហេតុអ្វី​បានជា​ការ​លើស​សម្ពាធ​ឈាម​គឺជា​បញ្ហា​ដ៏​ធំ​? ដោយសារតែ​វា​នឹងដាក់​សម្ពាធ​ទៅលើ​បេះដូង និង​សរសៃឈាម ទោះបីជា​អ្នក​មិនមាន​អារម្មណ៍​ប្លែក​អ្វី​ក៏ដោយ​។ រឿងនេះ​នឹង​បង្កើន​ឱកាស​នៃ​ការកើត​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។



​រយៈពេល​យូរៗ​ទៅ បញ្ហា​ក្នុង​សរសៃឈាម​អាក់ទែ​អាច​នឹង​កាត់បន្ថយ​លំហូរ​ឈាម ធ្វើ​ឲ្យ​ជាលិកា​ប្រើប្រាស់​ឈាម​មិនបាន​គ្រប់គ្រាន់ មានន័យថា ខួរក្បាល តម្រងនោម ភ្នែក និង​ជីវិត​ផ្លូវភេទ​នឹងរង​ការប៉ះពាល់​ជាមិនខាន​។ ការរស់នៅ​ក្នុង​ទម្លាប់​ផ្តល់​សុខភាព និង​លេបថ្នាំ​ត្រឹមត្រូវ​ដើម្បី​ថែរក្សា​សម្ពាធ​ឈាម​នៅ​ធម្មតា អាចជួយ​បង្ការ​បញ្ហា​រយៈពេល​វែង​បាន​។

​សរសៃឈាម​អាក់ទែ​
​ជាធម្មតា សរសៃឈាម​ដែល​ដឹកនាំ​ឈាម​ចេញពី​បេះដូង​ទៅ​រាងកាយ​គឺមាន​ភ្នាស​ខាងក្នុងរ​លោត​។ វា​មាន​ភាពរឹងមាំ និង​អាច​បត់បែន​គ្រប់គ្រាន់​ក្នុងការ​បញ្ជូន​ឈាម​។ ការដែល​លើស​សម្ពាធ​ឈាម នឹងធ្វើ​ឲ្យ​សមត្ថភាព​របស់​សរសៃ​ឈាម​ខាងលើនេះ​ប្រែប្រួល ហើយក៏​អាច​បំផ្លាញ​កោសិកា​ជញ្ជាំង​សរសៃឈាម​អាក់ទែ​បាន​ទៀត​។ បើសិនជា​មានការ​ខូចខាត វា​អាច​នាំ​ឲ្យ​កក​ជាតិ​ខ្លាញ់​រហូត​ទៅជា​កំណក ដែល​យូរៗ​ទៅនឹង​ទៅជា​ស្ទះ​ដល់​សរសៃឈាម​មួយ​នេះ​បាន​។

​បេះដូង​
​បេះដូង​គឺជា​សាច់ដុំ ហើយក៏​ត្រូវការ​ឈាម​ទៅ​ចិញ្ចឹម​ដែរ​។ នៅពេល​ការផ្គត់ផ្គង់​ឈាម​មិនមាន​គ្រប់គ្រាន់ អ្នក​អាច​នឹងមាន​បញ្ហា​ដូចជា​៖
•    បេះដូង​លោត​ខុស​ប្រក្រតី​
•    ឈឺទ្រូង​
•    គាំងបេះដូង​

​ដើម្បី​រុញ​ឈាម​ត្ល​ង​សរសៃឈាម​ដែលមាន​កំណក ឬ​គាំង បេះដូង​ត្រូវការ​ធ្វើការ​ខ្លាំង​ជាង​មុន​។ ហើយ​ការដែល​ធ្វើការ​បែបនេះ​កាន់តែច្រើន វា​នឹងធ្វើ​ឲ្យ​សាច់ដុំ​កាន់តែ​ខ្សោយ រហូតដល់​មិនអាច​ច្របាច់​ឈាម​បាន​គ្រប់គ្រាន់ ទៅជា​ខ្សោយបេះដូង ឬ​គាំងបេះដូង​បាន​ថែមទៀត​។

​ខួរក្បាល​
​ការ​លើស​សម្ពាថ​ឈាម​គឺជា​ដើមហេតុ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ នៅពេល​សរសៃឈាម​អាក់ទែ​ក្នុង​ខួរក្បាល​រហែក ឬ​លេច​ឈាម ឬ​ស្ទះ វា​អាច​បញ្ឈប់​លំហូរ​ឈាម​ទៅ​ខួរក្បាល​បាន​។ ដោយ​អាស្រ័យ​ទោ​តាម​ការបាត់បង់​ឈាម​ចិញ្ចឹម​ខួរក្បាល អ្នក​អាចមាន​បញ្ហា​ច្រើន​ជាមួយនឹង​ការនិយាយ មើលឃើញ ធ្វើ​ចលនា ឬអ្វី​ផ្សេងៗ​ទៀត​ដែល​ខួរក្បាល​គ្រប់គ្រង​។ វា​អាចជា​រឿង​បណ្តោះអាសន្ន​បើសិនជា​លំហូរ​ឈាម​ស្រួលបួល​វិញ ឬ​អាច​កើតឡើង​រហូត​បើសិនជា​កោសិកា​បាន​ស្លាប់​អស់​។

​តម្រងនោម​
​ប្រហែល​ម្នាក់​ក្នុងចំណោម ៥​នាក់​ដែល​លើស​សម្ពាធ​ឈាម​ក៏មាន​ជំងឺ​តម្រងនោម​ដែរ​។ តម្រងនោម​គឺ​ផ្អែកទៅលើ​រចនាសម្ព័ន្ធ​សរសៃឈាម​តូចៗ​ដើម្បី​ផ្គង់​ផ្គង់​អុកស៊ីសែណ និង​ជីវជាតិ ព្រមទាំង​ច្រោះ​ជាតិពុល​ចេញពី​រាងកាយ​។ នៅពេល​សរសៃឈាម​រង​ការស្ទះ តម្រងនោម​ពិតជា​មិនអាច​ធ្វើការ​របស់​វា​បានល្អ​ឡើយ​។ តម្រងនោម​មាន​សុខ​ភាពល្អ​គឺ​ថែរក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ល្អ​ដែរ ដូច្នេះ​នៅពេល​វា​ខូច សម្ពាធ​ឈាម​អាច​នឹង​ឡើង​ខ្ពស់ ដែល​គ្រប់គ្រាន់​នឹង​បង្កបញ្ហា​កាន់តែច្រើន​ថែមទៀត ឬ​ទៅជា​ខ្សោយតម្រងនោម​បាន​។

​ភ្នែក​
​ការដែល​លើស​សម្ពាធ​ឈាម​រយៈពេល​យូរ​អាច​កាត់ផ្តាច់​លំហូរ​ឈាម​នៅ​បាត់​ភ្នែក ដែល​រឿងនេះ​នឹងធ្វើ​ឲ្យ​ភ្នែក​ព្រឹល ឬ​មើលមិនឃើញ​បាន​។ អ្នក​ក៏​អាច​មើលលែងឃើញ​ដែរ​នៅពេល​សរសៃប្រសាទ​នៅ​ភ្នែក​មិន​ទទួលបាន​ឈាម​គ្រប់គ្រាន់​។

​ប្រដាប់ភេទ​
​ការដែល​ឈាម​ទៅ​ចិញ្ចឹម​សរ​សី​រា​ង្គ​ប្រដាប់ភេទ​កាន់តែ​តិច​អាចធ្វើ​ឲ្យ​លិង្គ​មិនអាច​ឡើង​រឹង​បាន និង​ធ្វើ​ឲ្យ​ស្ត្រី​ថយចុះ​ចំណង់​ផ្លូវភេទ​ដែរ​។

​ជើង សន្លាក់​ត្រគាក និង​ក្រពះ​
​ការស្ទះ និង​រួម​តូច​សរសៃឈាម​នៅ​ផ្នែក​ខាងក្រោម​នៃ​រាងកាយ ជាពិសេស​ជើង អាចធ្វើ​ឲ្យ​មានការ​ឈឺចាប់ និង​ឈឺចាប់​បែប​រមួល​បាន​។ ដោយសារតែ​វា​នឹង​ប៉ះពាល់​ដល់​សរសៃឈាម​ដែល​មិន​នៅ​ជិត​បេះដូង គ្រូពេទ្យ​អាច​ហៅ​វា​ថា ជា​ជំងឺ​សរសៃឈាម​ចុងដៃចុងជើង​។ វា​អាចធ្វើ​ឲ្យ​សាច់ដុំ​នៅ​ជើង និង​សន្លាក់​ត្រគាក​ឈឺ និង​អស់កម្លាំង​នៅពេល​អ្នកដើរ ឬ​ឡើងជណ្តើរ​។

​ឆ្អឹង​
​ការ​លើស​សម្ពាធ​ឈាម​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​នោម​មក​មាន​ជាតិ​កាលស្យូម​តាមច្រើន​។ បើសិនជា​រាងកាយ​ទាញ​ជាតិ​កាលស្យូម​ចេញពី​ឆ្អឹង​ច្រើន នោះ​អ្នក​អាចមាន​ជំងឺ​ពុក​ឆ្អឹង​ហើយ​។ សម្រាប់​ស្ត្រី​វ័យ​ចំណាស់ ហើយ​លើស​សម្ពាធ​ឈាម​ទៀត​ទំនងជា​ងាយ​មាន​បញ្ហា​ខ្សោយ​ឆ្អឹង រហូតដល់​ងាយ​បាក់ឆ្អឹង​ទៀតផង​។

​គេង​បាត់​ដង្ហើម​
​ប្រហែលជា​ពាក់កណ្តាល​នៃ​អ្នក​លើស​សម្ពាធ​ឈាម​ក៏មាន​បញ្ហា​នេះដែរ​។ ការ​លើស​សម្ពាធ​ឈាម​អាចធ្វើ​ឲ្យ​រឿងនេះ​កើតឡើង ឬ​ធ្វើ​ឲ្យ​អាកា​រៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។ ឱកាស​កើត​បញ្ហា​នេះ​នឹង​កាន់តែ​ខ្ពស់​បើសិនជា​អ្នក​ពិបាក​ក្នុងការ​គ្រប់គ្រង​សម្ពាធ​ឈាម​។ ជា​អ​កុស​ល្យ ការ​គេង​ដែល​មិន​គ្រប់គ្រាន់​ដែល​កើតចេញពី​ការ​គេង​បាត់​ដង្ហើម អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com