ជាតិ
សេដ្ឋកិច្ច
លោក ហ៊ុន ម៉ា​ណែ​ត​៖ ខេត្ត​ព្រះសីហនុ​មិនអាច​អភិវឌ្ឍន៍​ទៅជា​ម៉ា​កាវ ឬ​បាលី នោះទេ​
07, Mar 2018 , 10:19 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេវា​ធិ​ការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក មានប្រសាសន៍ថា ទន្ទឹមនឹង​បង្កើន​សក្ដានុពល​អភិវឌ្ឍ​ន៍ ខេត្ត​ព្រះសីហនុ​មិនអាច​បាត់បង់​អត្តសញ្ញាណ​របស់ខ្លួន​ជាដាច់ខាត​។



​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សណ្ឋាគារ ជី​ង​កាន ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៥​ខែមីនា លោក ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹងថា ការជំរុញ​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ អាច​ទាញយក​ឧទាហរណ៍​ពី​តំបន់​ល្បីៗ​របស់​ប្រទេស​មួយចំនួន តែ​ត្រូវ​រក្សា​តម្លៃ​របស់ខ្លួន​ដើម្បី​ផលប្រយោជន៍​រយៈពេល​វែង​។

«​ខ្ញុំ​ឯកភាព​ថា ម៉ា​កាវ បាលី ឬ​ឡាំង​កា​វី​ក្ដី គឺជា​ឧទាហរណ៍​ដ៏​ល្អ ដែល​អាច​ទាញ​សក្ដានុពល​មូលដ្ឋាន ដើម្បី​ទាញយក​ផលប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​រយៈពេល​វែង តែ​ខ្ញុំ​មិន​ឯកភាព​ឲ្យ​កម្ពុជា​ក្លាយជា បាលី ឡាំង​កា​វី ឬ​ម៉ា​កាវ​ទេ​។ ក្រុងព្រះសីហនុ ត្រូវ​ក្លាយជា​ក្រុងព្រះសីហនុ ដែលមាន​សក្ដានុពល និង​លក្ខណៈពិសេស​របស់ខ្លួន​»​។ នេះ​ជាការ​ថ្លែង​របស់លោក ហ៊ុន ម៉ា​ណែ​ត ។​



​ខេត្ត​ព្រះសីហនុ មាន​លក្ខណៈពិសេស ដែលមាន​កោះ និង​ឆ្នេរ​មួយចំនួន​ស្រស់ស្អាត ដែល​ធ្វើ​ឲ្យ​ខេត្ត​នេះ​ខុសប្លែក​ពី​ទីកន្លែង​ល្បីៗ​ខាងលើ​ទាំងនោះ​។  នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ម៉ា​ណែ​ត ។ លោក​បន្ថែមថា ខេត្ត​ព្រះសីហនុ ត្រូវ​ទាញយក​សក្ដានុពល​ក្នុងការ​អភិវឌ្ឍ ហើយក៏​ត្រូវ​រក្សា​អត្តសញ្ញាណ​របស់ខ្លួន​ផងដែរ​។​

​លោក​បន្ថែមថា ការរក្សា​តម្លៃ​អត្តសញ្ញាណ​របស់​ខេត្ត​ព្រះសីហនុ ពិតជា​មាន​សារសំខាន់​សម្រាប់​ផលប្រយោជន៍​រយៈពេល​វែង ដែល​នឹងមិន​ធ្វើ​ឲ្យ​ខេត្ត​ឆ្នេរ​របស់​កម្ពុ​ជាមួយនេះ មាន​អនាគត​ដូច​ទីកន្លែង​នៅលើ​ពិភពលោក​ខ្លះ​ផ្សេងទៀត ដែល​បាត់បង់​តម្លៃ​របស់ខ្លួន ហើយ​ថមថយ​ភ្ញៀវទេសចរ​។​

​លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដូចខាងលើ​នេះ ទន្ទឹមនឹង​លោក​បាន​កត់សម្គាល់ថា​មានមតិ​របស់​មហាជន​មួយចំនួន​ថា អនាគត​របស់​ខេត្ត​ព្រះសីហនុ អាច​ក្លាយជា​ក្រុង​ម៉ា​កាវ​របស់​ចិន ឬ​កោះ​បាលី​របស់​ឥណ្ឌូនេស៊ី ឬ​ឡាំង​កា​វីរ​បស់​ម៉ាឡេស៊ី​។​

​ការវិនិយោគ​យ៉ាង​ផុលផុស​របស់​ចិន ក្នុង​រយៈពេល​ថ្មីៗ​នេះ​នៅ​ខេត្ត​ព្រះសីហនុ បាន​ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណជន ទន្ទឹមនឹង​ការបារម្ភ​ថា​ខេត្ត​ឆ្នេរ​មួយ​នេះ​អាច​ប្រែ​មុខមាត់​ថ្មី​របស់ខ្លួន ទៅតាម​ឥទ្ធិពល​វិនិយោគ​របស់​ចិន នាពេលខាងមុខ​៕


Tag:
 ហ៊ុន ម៉ា​ណែ​ត​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com