អន្តរជាតិ
ចិន​មិន​ចង់​បានសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ឡើយ ប៉ុន្តែ​មិន​ទុក​ឲ្យ​អាមេរិក​បំផ្លាញ​ប្រយោជន៍​ខ្លួន​ឡើយ
08, Mar 2018 , 11:39 am        
រូបភាព
People
People's Daily
ដោយ:
​មហា​យក្ស​ចិន​បានប្រកាស​ហើយ​ថា ខ្លួន​មិន​ចង់បាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ឡើយ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ចាំបាច់ ខ្លួន​មិន​នៅ​ស្ងៀម​ទុក​ឲ្យ​អាមេរិក​បំផ្លាញ​ផលប្រយោជន៍​របស់ខ្លួន​ឡើយ​។  នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ការទូត​ចិន​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំសភា​ប្រជាជន​ចិន​លើក​ទី ១៣ លោក Zhang Yesuie​។​



​ការប្រកាស​របស់​មន្ត្រី​ជាន់ខ្ពស់​ចិន​រូបនេះ​ធ្វើឡើង​ក្រោយពេល​ក្តីបារម្ភ​របស់​សហគម​ន៍​អន្តរជាតិ​កើនឡើង​ដោយសារ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ពី​គម្រោង​ដំឡើង​ពន្ធ​លើ​ដែកថែប និង​ផលិតផល​អាលុយមីញ៉ូម​។​

​លោក Zhang Yesuie បាន​អះអាងថា ចំណង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក ផ្តល់​ប្រយោជន៍​សំខាន់​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​កាលពី​ឆ្នាំមុន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​កើតឡើង​រហូតដល់ ៥៨០ ពាន់​លាន​ដុល្លារ​ឯណោះ​។  លោក​សង្កត់ធ្ងន់ថា វា​នឹងមាន​បញ្ហា​ប្រឈម​ធំ​ក្នុង​ទំនាក់ទំនង​នេះ​បើសិនជា​មានការ​ដាក់ចេញ​វិធានការ​ដូចដែល​អាមេរិក​ប្រកាស​នោះ​។​

​ជម្រើស​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក គឺ​ធ្វើយ៉ាងណា​បើក​ទីផ្សារ​បន្ថែមទៀត និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ធ្វើការ​រួមគ្នា ជាពិសេស​ជជែក ពិភាក្សា និង​ប្រឹក្សា​យោបល់​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​ទាំងសងខាង​ផងដែរ​។​

​មន្ត្រី​ទូត​ជាន់ខ្ពស់​របស់​ចិន​ខាងលើ​បន្ថែមថា ថ្វីបើ​វា​មានការ​ខុសប្លែកគ្នា​នៃ​ប្រព័ន្ធគ្រប់គ្រង​សង្គម ប្រវត្តិសាស្ត្រ វប្បធម៌ និង​ជំហាន​នៃ​ការអភិវឌ្ឍ​ក្តី វា​ជា​រឿង​ធម្មតា​សម្រាប់​ចិន និង​សហរដ្ឋអាមេរិក​ដែល​ត្រូវ​មានគំនិត​ឬ​ការយល់ឃើញ​ខុសគ្នា​លើ​បញ្ហា​ខ្លះ​។ ប៉ុន្តែ​ភាពខុសប្លែក​គ្នា​នោះ​មិនដែល​នាំ​ឲ្យ​ភាគី​ទាំងពីរ​ប្រឈមមុខ​ដាក់គ្នា​ឡើយ​។​
«​ប្រសិនបើ​គោលនយោបាយ​ដែល​ត្រូវ​បង្កើតឡើង​ដោយ​ពឹងផ្អែក​ការវិនិច្ឆ័យ​ខុស ឬ​ការសន្និដ្ឋាន​ខុស វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដែល​កិច្ចសហប្រតិបត្តិការ​យើង​ទាំងពីរ និង​នាំមក​នូវ​លទ្ធផល​អាក្រក់​ដែល​យើង​មិន​ចង់ឃើញ​»​។ លោក Zhang Yesuie បញ្ជាក់​ដូច្នេះ​។​

​ដោយឡែក អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Li Baodong បានបង្ហាញ​ការយល់ឃើញថា ចិន​មិន​ចង់បាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ឡើយ ព្រោះ​គ្មាន​អ្នកណាម្នាក់​ជា​អ្នកឈ្នះ​ក្នុង​សង្គ្រាម​បែបនេះ​ទេ​។ ចិន និង​អាមេរិក​ព្យាយាម​ប្រឹក្សា​យោបល់​រួមគ្នា​លើ​នប​ញ្ហា​នេះ ហើយ​ចិន​យល់ឃើញថា ភាគី​ទាំងពី​អាច​នឹង​គោរព​ច្បាប់ និង​បទបញ្ញត្តិ​អន្តរជាតិ​ជាពិសេស​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោ​ល​នោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com