សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​សប្ដាហ៍​បារាំង​ជា​លើក​ទី​១​នៅ​ខេត្តសៀមរាប​
ជាតិ
សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​សប្ដាហ៍​បារាំង​ជា​លើក​ទី​១​នៅ​ខេត្តសៀមរាប​
08, Mar 2018 , 2:45 pm        
រូបភាព
​សៀមរាប​៖ សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា បានរៀបចំ​ព្រឹត្តិការ​ណ័ «​សប្ដាហ៍​បារាំង​» ជា​លើក​ទី​១​នៅ​ខេត្តសៀមរាប​។ ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ជំនាញ​របស់​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា ឱ្យ​សាធារណជន​បាន​ស្គាល់​។​



«​សប្ដាហ៍​បារាំង​» ជា​ព្រឹត្តិការណ៍​មួយ ដែល​គាំទ្រ​ដោយ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ ធ្វើឡើង​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែមីនា នៅ​ខាង​សណ្ឋាគារ Raffles Grand Hotel Angkor​។ ក្នុង​រយៈពេល​៤​ថ្ងៃនេះ ចាប់ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៩​យប់ ក្រុមហ៊ុន​និង​អង្គការ​បារាំង​នានា​ចំនួន​៥០​នឹង​ធ្វើការ​បង្ហាញជូន​ដល់​ពលរដ្ឋ​ខេត្តសៀមរាប និង​ភ្ញៀវទេសចរ អំពី​ចំណេះធ្វើ របស់​សហគ្រិន​បារាំង លាយ​ផ្សំ​ជាមួយ​ចំណេះធ្វើ ប្រពៃណី និង​វត្ថុធាតុដើម​របស់​ខ្មែរ​។ 



​ក្រៅពីនេះ ក៏មាន​កម្មវិធី​ជាច្រើន​ទៀត​ក៏​នឹងត្រូវ​ដាក់​បង្ហាញ​ដល់​សាធារណជន​ទស្សនា​ផងដែរ ដូចជា ពិព័រណ៍​រូបថត​របស់​សាលា​បារាំង​ចុង​បូព៌ា សន្និសីទ​ស្តីពី​វប្បធម៌ ការបង្ហាញ​អំពី​របៀប​ឆ្លាក់​នៅលើ​ផ្ទាំង​ថ្ម ស្តង់​ភោជនីយដ្ឋាន​បារាំង ការជ្រើសរើស​បុគ្គលិក​និង​អ្នកធ្វើ​កម្មសិក្សា ការប្រកួត​ប៉េតង់ ការ​បញ្ចាំងភាពយន្ត ការសម្តែង​របាំ​សហ​សម័យ​ដោយ​ក្រុម​សិល្ប​:​ខ្មែរ និង​ការដើរ​បង្ហាញ​ម៉ូដ​ចៃ្ន​ដោយ​ផលិតករ​ក្នុងស្រុក​ជាដើម​។ សប្តាហ៍​បារាំង​នេះ​នឹងត្រូវ​បិទ​បញ្ចប់ ដោយ​ការ​រាំ​កម្សាន្ត​ដែលមាន​ការចូលរួម​ពី​សាធារណជន​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​៕










Tag:
 សប្ដាហ៍​បារាំង​
  ស្ថានទូត​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com