លោកស្រី ធី​ដា ឃិះ ជា​ស្ត្រី​ឆ្នើម​ម្នាក់ នៅ​ពីក្រោយ​ស្ត្រី​ទន់ខ្សោយ​រាប់ពាន់នាក់​
ជាតិ
លោកស្រី ធី​ដា ឃិះ ជា​ស្ត្រី​ឆ្នើម​ម្នាក់ នៅ​ពីក្រោយ​ស្ត្រី​ទន់ខ្សោយ​រាប់ពាន់នាក់​
08, Mar 2018 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ​២០០៦​មក លោកស្រី ធី​ដា ឃិះ នាយិកា​អង្គការ​សីល​ការ បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ ឲ្យ​មាន​ភាពក្លាហាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​នយោបាយ​។ លោកស្រី ធី​ដា ឃិះ តែងតែមាន​សុ​ទិ​ដ្ឋ​និយម​ថា ស្ត្រី​គឺជា​មេដឹកនាំ​ដែលមាន​ភាព​ឆ្លាត​វៃ និង​ម៉ត់ចត់ ដែល​គ្រប់គ្រង​កិច្ចការ​ប្រទេសជាតិ ប្រៀបដូចជា​ផ្ទះ​របស់ខ្លួន​។ ក្នុង​កិច្ចការងារ​ជួយ​បណ្ដុះបណ្ដាល​ស្ត្រី​ទន់ខ្សោយ​ជាង​១០​ឆ្នាំនេះ លោកស្រី ធី​ដា ឃិះ ហាក់​មាន​ក្តី​រំពឹង​ខ្ពស់​ថា ស្ត្រី​នឹង​ក្លាយជា​មេដឹកនាំ​នៅក្នុង​ស្ថាប័ន​ធំៗ​របស់​ជាតិ និង​កិច្ចការ​ធំៗ ជំនួស​បុរស​កាន់តែច្រើន នាពេល​អនាគត​។​



«​ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​ហ៊ាន​ចង្អុល​កៅអី និង​ទាមទារ​តំណែង​ធំៗ​របស់​បុរស នៅក្នុង​កិច្ចការ​នយោបាយ និង​នៅក្នុង​កិច្ចការ​សង្គម​»​។ នេះ​ជា​ទស្សនៈ​របស់លោក​ស្រី ធី​ដា ឃិះ ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ស្ត្រី​ខ្មែរ​ដ៏​ឆ្នើម​ម្នាក់ ដែល​បាន​ចូលរួម​ផ្លាស់ប្តូរ​ផ្នត់គំនិត​បុរាណ ដែល​ប្រើពាក្យ «​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​» ឲ្យ​ក្លាយទៅជា​ស្ត្រី​ដែលមាន​ភាពក្លាហាន និង​មានតម្លៃ ដែល​មិន​ខ្វះ​បាន​នៅក្នុង​កិច្ចការ​សង្គមជាតិ​។​

​សម្រាប់​លោកស្រី ធី​ដា ឃិះ ស្ត្រី​គ្រប់រូប​ត្រូវ​លះបង់​ចោល​ភាពភ័យខ្លាច ហើយ​ហ៊ាន​ចូលរួម​នៅក្នុង​កិច្ចការ​សង្គម និង​កិច្ចការ​នយោបាយ​។ តាមរយៈ​ទស្សនៈ​ផ្ទាល់ខ្លួន លោកស្រី ធី​ដា ឃិះ បាន​អះអាង​ដូច្នេះ​ថា​៖«​ចំណុចខ្លាំង​របស់​ស្ត្រី​គឺ​ធ្វើការ​បាន​ម៉ត់ចត់ និង​ច្បាស់លាស់​ជាង​បុរស ហើយក៏​អាច​សម្រេចបាន​កិច្ចការ​ធំ​ដូច​បុរស​ដែរ​»​។​



​នៅ​ពីក្រោយ​ស្ត្រី​ទន់ខ្សោយ ដើម្បី​ជួយ​ឲ្យ​ពួកគេ​រឹងមាំ​ក្នុង​វិស័យ​នយោបាយ​
​គំរូ​ភាព​របស់​ព្រះ​នាង​ជ័យ​រាជទេវី និង​ព្រះ​នាង​ឥន្ទ្រ​ទេវី អគ្គមហេសី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ត្រូវបាន​គេ​ចាត់ទុកជា​និមិត្តរូប​ស្ត្រី​ដ៏​អង់អាច​ក្លាហាន នា​សម័យអង្គរ​រុងរឿង (​ឆ្នាំ​១១៨១ ដល់​ឆ្នាំ​១២១៨)​។ បើ​មើល​ក្នុង​ឯកសារ​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​នោះ គឺ​ក្ស​ត្រី​ទាំង​២​អង្គ​នេះ ជា​ស្ត្រី​ឆ្លាត​វៃ និង​មាន​សមត្ថភាព​ខ្លាំងពូកែ ក្នុងការ​ចូលរួម​សកម្មភាព​នយោបាយ ជួយ​ជ្រោមជ្រែង​កិច្ច​ការដឹកនាំ​ប្រទេសជាតិ ជាមួយ​ស្វាមី​គ្រប់​កាលៈទេសៈ ដែល​មានន័យថា ស្ត្រី​មាន​សមត្ថភាព ដឹកនាំ​ប្រទេស​មិន​ចាញ់​បុរស​នោះទេ​។ រីរ​ភាព​ក្ស​ត្រី​ទាំងពីរ​អង្គនេះ អាចជា​គំរូ​សម្រាប់​ស្ត្រី​គ្រប់រូប នា​សម័យ​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ន​។​

​ប៉ុន្តែ​និយាយ​បែបនេះ ក៏​មិនមែន​មានន័យថា ស្ត្រី​ខ្មែរ​បច្ចុប្បន្ន ទន់ខ្សោយ​ជាង​ស្ត្រី​សម័យមុន​ឡើយ​។ សម្រាប់​លោកស្រី ធី​ដា ឃិះ ស្ត្រី​ខ្មែរ​សព្វថ្ងៃ មានចំណេះដឹង​ខ្ពស់ និង​មាន​ភាព​ហានក្លា ដែល​មនុស្ស​ប្រុស​មិនអាច​មើលងាយ​បានឡើយ​។ នោះ​ក៏​ព្រោះតែ​សង្គម​គ្រួសារ​បច្ចុប្បន្ន បាន​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ឲ្យ​ស្ត្រី រៀនសូត្រ​ជ្រៅជ្រះ និង​ហ៊ាន​បណ្ដោយ​ឲ្យ​កូនស្រី​​ធ្វើ​កិច្ចការ​សង្គម​ដែល​ពួកគេ​ពេញចិត្ត​។ នេះ​ជា​មូលហេតុ​មួយ ដែល​លោកស្រី ធី​ដា ឃិះ មើលឃើញថា ស្ត្រី​ខ្មែរ​ភាគច្រើន កំពុង​រើ​បម្រាស​ខ្លួនកាន់តែ​ឆ្ងាយ​ចេញពី​ពាក្យ «​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​» ដោយ​ពួកគេ បាន​ចូលរួម​សកម្មភាព​នយោបាយ និង​សង្គម​យ៉ាង​ពុះពោរ​។ អ្វីដែល​សំខាន់​ទៀត​នោះ គឺ​អង្គការ​សីល​ការ ដែល​ដឹកនាំ​ដោយ​លោកស្រី ធី​ដា ឃិះ តែងតែ​បណ្ដុះបណ្ដាល​ផ្នែក​គំនិត និង​ស្មារតី ដល់​ស្ត្រី​ទន់ខ្សោយ ឲ្យ​ហ៊ាន​ប្រឡូក​ចូល​កិច្ច​នយោបាយ និង​សង្គម​។​

«​យើង​បានធ្វើ​ឲ្យ​លេចចេញ​ជា​រូបរាង​ឡើង ដោយសារ​ចលនា​ស្ត្រី​វ័យក្មេង​បច្ចុប្បន្ន ហ៊ាន​និយាយ ហ៊ាន​ធ្វើ ហ៊ាន​ចេញ​តស៊ូ​មតិ​។ ពី​ដើម មាន​សុទ្ធតែ​ស្ត្រី​សំពត់​ក្នុង​ផ្នត់ អត់​ហ៊ាន​ធ្វើ​អ្វី អត់​ហ៊ាន​ចេញ​និយាយ​អ្វី​ទេ ប៉ុន្តែ​ឥឡូវ​ហ៊ាន​ចេញ​ធ្វើ​ហើយ​។ គណបក្សនយោបាយ ត្រូវការ​ស្ត្រី ស្ត្រី​ស្ម័គ្រចិត្ត​ចូលធ្វើ ក៏ប៉ុន្តែ​នៅពេល​យើង​ដាក់​ស្ត្រី​ទៅ វា​មាន​បញ្ហា​ត្រង់​ថា តើ​គណបក្សនយោបាយ ឲ្យ​តម្លៃ​ស្ត្រី​កម្រិតណា​វិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ធី​ដា ឃិះ ដែល​បាន​បន្ថែមថា ស្ត្រី​វ័យក្មេង​ប្រមាណ​១៦​ភាគរយ ក្នុងចំណោម​បុរស​ដែល​ទទួលបាន​ការគាំទ្រ​តាមរយៈ​សន្លឹកឆ្នោត កំពុង​បម្រើ​ការងារ​យ៉ាងសកម្ម ក្នុង​សកម្មភាព​នយោបាយ​ថ្នាក់មូលដ្ឋាន (​ថ្នាក់​ក្រុមប្រឹក្សាឃុំ​សង្កាត់​)​។ 

​ចង់ឃើញ​ស្ត្រី​គ្រប់រូប ហ៊ាន​ទាមទារ​តំណែង​ធំៗ​របស់​បុរស​
«​រឿង​ដែល​គេ​និយាយថា​ស្ត្រី​ខ្វះ​ការសម្រេចចិត្ត គ្មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ គឺជា​រឿង​មិន​ពិត​ទេ​។ ធាតុពិត​ស្ត្រី​គឺ មាន​ទស្សនៈ និង​ការគិត​លម្អិត​ច្បាស់លាស់ ចិត្ត​អំណត់​ជាង​បុរស ហើយ​សមត្ថភាព​ដឹកនាំ​របស់​ស្ត្រី ប្រៀបដូចជា​ការរៀបចំ​ផ្ទះសម្បែង ឲ្យ​បាន​ស្អាត​អ៊ីចឹង​ដែរ​»​។ នេះ​ទស្សនៈ​របស់លោក​ស្រី ធី​ដា ឃិះ ដែល​បានផ្ដល់​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ នៅក្នុង​បន្ទប់​ការិយាល័យ នៅ​ទីស្នាក់ការ​អង្គការ​សីល​ការ ដែលមាន​ទីតាំងនៅ​ម្ដុំ​វត្ត​ដំបូក​ខ្ពស់​។​

​ក្នុង​បន្ទប់​ការងារ​លោកស្រី ធី​ដា ឃិះ ពោរពេញ​ទៅដោយ​ការងារ​ដ៏​សែន​មមាញឹក ជុំវិញ​តុ​ដាក់​កុំ​ព្យូ​រ​ទ័​រ​មួយគ្រឿង រួមទាំង​ទូរ និង​តុ​ដាក់​ឯកសារ​ការងារ​ផ្សេងទៀត ដែល​ភាគច្រើន​ជា​ឯកសារ និង​របាយការណ៍ផ្តោតទៅលើ​គោលការណ៍​លើកកម្ពស់​ស្ត្រី នៅក្នុង​កិច្ចការ​នយោបាយ និង​សង្គម​។ ស្ត្រី​ឆ្នើម​ក្នុង​កិច្ចការ​នយោបាយ និង​សង្គម វ័យ​៦៧​រូបនេះ បាន​និយាយថា លោកស្រី​កំពុង​រៀបចំ​ផែនការ​លើកកម្ពស់​សម​ត្ថ​ភាព​ស្ត្រី​វ័យក្មេង ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​មនុស្ស​ដែលមាន​សក្ដានុពល និង​ជា​ធនធាន​សំខាន់ ចំពោះមុខ​គណបក្សនយោបាយ​ទាំងអស់ ដែល​មនុស្ស​ប្រុស​មិនអាច​មើលរំលង​បាន​។​



​លោកស្រី ធី​ដា ឃិះ ដែល​តែងតែ​ហ៊ាន​និយាយ​ពី​បញ្ហានយោបាយ និង​សង្គម​កន្លងមក បាន​ពន្យល់​ដូច្នេះ​ថា​៖«​ផែនការ​របស់​យើង ត្រូវតែ​មុខជា​និច្ច ដោយ​យើង​នឹង​រៀបចំ​តាំងពី​ថ្នាក់មូលដ្ឋាន​មក ដោយ​ធ្វើ​ឲ្យ​ស្ត្រី​មាន​សក្ដានុពល តាមរយៈ​ការងារ និង​ស្នាដៃ​របស់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ចូលកាន់​តែ​ជ្រៅ​ក្នុង​នយោបាយ​។ ហើយ​យើង ក៏​ជំរុញ​ឲ្យ​ស្ត្រី​វ័យក្មេង ក្លាយជា​មនុស្ស​ហ៊ាន​និយាយ ដោយ​កុំ​អៀន ក្នុង​ការចង់​អង្គុយ​លើ​តំណែង​ធំៗ ក្នុង​វិស័យ​នយោបាយ​។ យើង​ជំរុញ​ឲ្យ​ស្ត្រី​វ័យក្មេង ទាមទារ​តំណែង​ដែល​ពួកគេ​ស្រលាញ់ ព្រោះ​បើ​ពួកគាត់​មិន​ហ៊ាន​ទាមទារ គេ​ក៏​មិន​ឲ្យ​ដែរ ដូច្នេះ​យើង​ជួយ​ឲ្យ​ស្ត្រី មាន​សមត្ថភាព​ហ៊ាន​ទាមទារ​»​។​

​បើតាម​លោកស្រី ធី​ដា ឃិះ បច្ចុប្បន្ន​ស្ត្រី​វ័យក្មេង ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ពី​អង្គការ​សីល​ការ​របស់​លោកស្រី មាន​សមត្ថភាព​ច្រើន ក្នុងការ​ចូលរួម​វិស័យ​នយោបាយ និង​កិច្ចការ​សង្គម​។ ប៉ុន្តែ​បញ្ហា​ដែល​នាយិកា​អង្គការ​សីល​ការ​រូបនេះ នៅតែ​មើលឃើញ​នោះ គឺ​ស្ត្រី​នៅ​ទទួលរង​ការរើសអើង ពី​សំណាក់​គណបក្សនយោបាយ ដែល​ដាក់​បេក្ខជន​ជា​បុរស​តាម​ខ្សែបណ្ដោយគណបក្ស ច្រើនជាង​ការផ្ដល់​ឱកាស​ឲ្យ​ស្ត្រី ចូលរួម​សកម្មភាព​នយោបាយ​។ ត្រង់ចំណុច​នេះ លោកស្រី ធី​ដា ឃិះ ស្នើ​ឲ្យ​មេដឹកនាំ​គណបក្សនយោបាយពិចារណា​បន្ថែម ក្នុង​ដាក់​បេក្ខភាព​ស្ត្រីឲ្យឈរ​លំដាប់​លេខ​រៀងស្មើ​បុរស​ឲ្យ​បាន​ច្រើន ដើម្បី​លើកកម្ពស់​ស្ត្រីក្នុងវិស័យ​នយោបាយ​។​

​ផ្ដើម​ពី​ការងារ​មនុស្សធម៌​នៅ​ថៃ និង​អាមេរិក មកជួយ​ស្ត្រី​ខ្មែរ​នៅ​កម្ពុជា

​កើត​នៅ​ឆ្នាំ ១៩៥១ ទារិកា ធីតា ឃិះ ជា​កូនស្រី​ក្នុង​ត្រកូល​គ្រួសារ​ធូ​ធារ​មួយ នៅ​ទីក្រុង​ភ្នំពេញ ដែល​ឪពុក (​ស្លាប់​) ជា​អតីត​មន្ត្រីរាជការ ក្នុង​របប​សង្គមរាស្ត្រនិយម (​បច្ចុប្បន្ន​ម្ដាយ​មាន​វ័យ ៩៩ ឆ្នាំ​កំពុង​រស់នៅ​ជាមួយគ្នា​)​។ នៅ​ឆ្នាំ​១៩៦៨ យុវតី ធី​ដា ឃិះ ដែលមាន​វ័យ​១៧​ឆ្នាំ ហើយ​កំពុង​សិក្សា​នៅ​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ព្រះ​នរោត្តម បាន​រៀបការ​ជាមួយ​ស្វាមី​ឈ្មោះ ឃិះ ជីវ ដែលជា​បណ្ឌិត​ផ្នែក​គណិតសាស្ត្រ មកពី​សហរដ្ឋអាមេរិក​ដំបូង​គេ នាជំនាន់នោះ​។ ក្រោយ​រៀបការ​រួច លោកស្រី ធី​ដា ឃិះ បាន​ទៅ​រស់នៅ​ប្រទេស​ថៃ​ជាមួយ​ស្វាមី ដែល​ទទួលបាន​ការងា​រ​ជា​គ្រូបង្រៀន នៅ​សាលា AIT ប្រទេស​ថៃ ហើយ​លោកស្រី ធី​ដា ឃិះ ក៏​ចាប់ផ្ដើម​រៀន​ភាសា​អង់គ្លេស​បន្ថែម ពីលើ​ភាសា​បារាំង​ដែល​ចេះ​ស្រាប់ មុននឹង​ចូល​បម្រើ​កិច្ចការ​ផ្នែក​សង្គមជាច្រើន​នៅ​ទីនោះ​។​

​ដោយសារតែ​ប្រទេស​កម្ពុជា ធ្លាក់ចុះ​ភ្លើងសង្គ្រាម​នៃ​សម័យ​ប៉ុល ពត នៅ​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ មាន​ប្រជាជន​ខ្មែរ​ជាច្រើន បាន​រត់​ភៀសខ្លួន​ទៅដល់​ទល់ដែន​ថៃ ហើយ​ពេលនោះ​លោកស្រី ធី​ដា ឃិះ និង​ស្វាមី ក៏ត្រូវ​បានស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ថៃ ផ្ដល់​ការងារ​ជា​បុគ្គលិក​សម្ភាស​រៀបចំ​ឯក​សារ និង​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន នៅតាម​ទល់ដែន​ខ្មែរ​-​ថៃ បញ្ជូនទៅ​ប្រទេស​ទី​៣​។​

«​ក្រោយ​ជួប​សម្ភាស​ជាមួយ​ពលរដ្ឋ​ខ្មែរ បញ្ជូនទៅ​ស្រុក​អាមេរិក ខ្ញុំ​និង​កូន​៣​នាក់ ក៏​ទៅ​រស់នៅ​អាមេរិក ជា​ឋានៈ​ជនភៀសខ្លួន​ដែរ នៅ​ឆ្នាំ​១៩៧៩​។ នៅ​ឆ្នាំ​១៩៨០ ខ្ញុំ​ក៏​ចាប់ផ្ដើម​ការងារ​សង្គម រហូតដល់​បង្កើត​សមាគម​ខ្មែរ​នៅ​ទីក្រុង San Antonio ដែល​បាន​សហការគ្នាជាមួយ​ស​មា​គម​វៀតណាម ឡាវ​នៅ​ទីនោះ ដើម្បី​រៀបចំ​សេវា​មួយ​ជួយសង្គ្រោះ​ជនភៀសខ្លួន​ទាំងអស់ នៅ San Antonio មុននឹង​ខ្ញុំ​ចូល​បម្រើ​ការងារ ក្នុង​សហព័ន្ធ​សម្ភាស​ខ្មែរ នៅ​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការរៀបចំ​កិច្ចប្រជុំមួយឆ្នាំម្ដង ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ជួប​ពិភាក្សាគ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ធី​ដា ឃិះ ។​

​ក្រោយ​ប្រទេស​កម្ពុជា ចុះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នោះ លោកស្រី ធី​ដា ឃិះ ក៏បាន​វិល​ចូល​មាតុភូមិ​វិញ ដោយ​ចាប់ផ្ដើម​សហការ​ជាមួយ​អង្គការ​ផាក (១៩៩៣​ដល់​១៩៩៧) បង្កើត​កម្មវិធី​អប់រំ​មួយ ដើម្បី​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុងប្រទេស​កម្ពុជា​។ បន្ទាប់ពី​បញ្ចប់​គម្រោង​នេះ លោកស្រី ធី​ដា ឃិះ ក៏បាន​បង្កើត​អង្គការ​សីល​ការ ដើម្បី​ធ្វើ​កិច្ចការ​បណ្ដុះ​ធនធានមនុស្ស​បន្តទៀត រហូតដល់​ឆ្នាំ​២០០៦ ទើប​អង្គការ​ចាប់ផ្ដើម​បង្វែរ​ទិសដៅ​ការងារ មក​ផ្ដោតលើ​ការលើកស្ទួយ​សមត្ថភាព​ស្ត្រី ក្នុង​វិស័យ​នយោបាយ​មកដល់​បច្ចុប្បន្ន​។​

​គិត​មកដល់ពេលនេះ  នាយិកា​អង្គការ​សីល​ការ ដែលមាន​សក់ស្កូវ​ព្រាតរូបនេះ បាន​ចំណាយ​កម្លាំងកាយ កម្លាំងចិត្ត ទាំងធ្វើ​កិច្ចការ​សង្គម និង​ជួយ​លើកកម្ពស់​សិទ្ធិ​ស្ត្រី ក្នុង​វិស័យ​នយោបាយជាង​២០​ឆ្នាំហើយ​​។ ដោយសារតែ​វ័យ​កាន់តែ​ចាស់ លោកស្រី ធីតា ឃឹះ មាន​គម្រោង​ផ្ទេរ​ចំណេះដឹង​គ្រប់គ្រង​តំណែង​ជា​ប្រធាន​អង្គការ​សីល​ការ ទៅ​ឲ្យ​ស្ត្រី​ជំនាន់​ក្រោយ នាពេល​ខាងមុខនេះ (​កំពុង​រៀបចំ​ផ្ទេរ តែ​មិនទាន់​កំណត់​ពេលវេលា​) ដើម្បី​ឲ្យ​ពួកគេប្រើប្រាស់​សមត្ថភាព គំនិត​ច្នៃប្រឌិតជួយ​លើ​កិច្ចការ​ស្ត្រី​បន្តទៀត​។ «​អ្វី​ជា​គោលបំណង ដែល​ខ្ញុំ​ចង់ឃើញ​គឺ​ស្ត្រី​ដែល​បន្តវេន​ពី​ខ្ញុំ គឺ​គេ​ចេញ​ធ្វើ​ការងារ​មានគំនិត​ច្នៃប្រឌិត ជួយ​ការងារ​ស្ត្រី​វ័យក្មេង​ក្នុងសង្គម​យើង​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ហើយ​ជា​អ្នក​បន្តវេន ក្នុង​កិច្ច​ការដឹកនាំ ដែលមាន​សក្ដានុពល​ជួយ​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព​។ ព្រោះ​ខ្ញុំ​ចង់ឃើញ​សង្គម​យើង មាន​ភាព​សាមគ្គី មាន​សុខដុមរមនា និង​ភាពជឿនលឿន​។ នេះ​ជា​បំណង​ចុងក្រោយរបស់លោក​ស្រី ធី​ដា ឃិះ​៕


Tag:
 ​ធី​ដា ឃិះ
 ​សីល​ការ​
  សិទ្ធិនារី​
  IWD2018
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម