ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ធ្វើការ១៥ឆ្នាំទៅហើយ តែមិនគ្រប់គ្រាន់ឲ្យអ្នកស្រី បញ្ចពិសី ហ៊ានបើកអាជីវកម្មម្នាក់ឯង
× ភ្នំពេញ៖ ចំណុចសំខាន់បំផុត ដែលធ្វើឲ្យអាជីវកម្មរបស់ អ្នកស្រី នាវ នារីបញ្ចពិសី មិនជួបវាសនាបរាជ័យ នោះគឺអ្នកចូលរួមរកស៊ីជាមួយគ្នា ឬសហស្ថាបនិក។ អ្នកស្រី បញ្ចពិសី ដែលជាសហស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន All Dreams Cambodia មានប្រសាសន៍ថា អ្នកស្រីជឿជាក់តាំងពីដំបូងថាអាជីវកម្មខ្លួននឹងដំណើការទៅដោយរលូន ព្រោះអ្នកស្រីបានកៀងគរដៃគូចូលហ៊ុនរកស៊ី ដែលមានជំនាញ បទពិសោធម្យ៉ាងៗម្នាក់។
សូមស្ដាប់បទសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី នាវ នារីបញ្ចពិសី ខាងក្រោមនេះ៖
មុនបើកអាជីវកម្មមួយនេះ អ្នកស្រី នាវ នារីបញ្ចពិសី បានបម្រើការងារអស់រយៈពេល ១៥ឆ្នាំក្នុងវិស័យទេសចរណ៍ ដែលឆ្លងកាត់ពីជីវិតការងារពីបុគ្គលិកធម្មតាម្នាក់ រហូតមានតំណែងគ្រង់គ្រងក្នុងក្រុមហ៊ុនអន្តរជាតិមួយ។
បំណងធ្វើជំនួយនេះ អ្នកស្រី បញ្ចពិសី បានប្រាថ្នាតាំងពីចូលធ្វើការក្នុងពេលដំបូងមកម្លេះ តែពេលនោះអ្នកស្រីគិតថាខ្វះបទពិសោធន៍ ដែលត្រូវចេញធ្វើការឲ្យគេប៉ុន្មានឆ្នាំសិន។ ប៉ុន្តែទោះបីមានពិសោធន៍ការងារ ១៥ឆ្នាំហើយក្ដី តែអ្នកស្រី បញ្ចពិសី នៅតែយល់ថា មិនគ្រប់ជ្រុងជ្រោយ ដើម្បីបើកក្រុមហ៊ុនទេសចរណ៍ ដែលជាអាជីវកម្មធំល្មមមួយ ឲ្យដំណើរការជោគជ័យ។ ហេតុនេះហើយអ្នកស្រីបានស្វែករកដៃគូសហការ ដែលអាចយល់គ្នាយ៉ាងល្អ និងមានសមត្ថភាពកាន់កិច្ចការតាមផ្នែកសំខាន់នីមួយៗ។
អ្នកស្រី បញ្ចពិសី មានជំនាញគ្រប់គ្រង ទន្ទឹមគ្នានឹងដៃគូសហការបីនាក់ទៀត ដែលមានភាពប៉ិនប្រសប់ផ្នែកលក់ ផ្នែកប្រតិបត្តិការជាមួយអតិថិជន និងផ្នែកហិរញ្ញវត្ថុ។ អ្នកជំនួញស្ត្រី ដែលធ្លាប់បានពានរង្វាន់សហគ្រិនស្ត្រីផ្នែកសង្គមរូបនេះ មានប្រសាសន៍ថា សហស្ថាបនិកទាំងបួនរួប ប្រៀបបាននឹងជើងកាំអីទាំងបួនដូច្នោះដែរ ដែលធ្វើឲ្យអាជីវកម្មនេះមិនដួលរលំ។
ជំនួញក្នុងវិស័យទេសចរណ៍ អ្នកស្រី បញ្ចពិសី ឲ្យដឹងថា អ្នកស្រីយកចិត្តទុកដាក់យ៉ាងខ្លាំងលើការផ្ដល់សេវាកម្មជូនអតិថិជនឲ្យបានល្អបំផុត តាមតែអាចធ្វើបាន៕
Tag:
នាវ នារីបញ្ចពិសី
startup
សិទ្ធិនារី
IWD2018
© រក្សាសិទ្ធិដោយ thmeythmey.com