ជាតិ
សង្គមជាតិ
មានអ្នកស្លាប់? គ្មានអ្នកស្លាប់?៖ តុល្យការមិនដូចគ្នា ជុំវិញការប៉ះទង្គិចគ្នានៅក្រចេះ សកម្មភាពតវ៉ាក្នុងទំនាស់ដីធ្លីនៅខេត្តក្រចេះ កាលពីថ្ងៃទី៨ ខែមីនា។ រូបថត ហ្វេសប៊ុក
× ការប៉ះទង្គិចរវាងកងកម្លាំងប្រដាប់អាវុធ និងក្រុមអ្នកតវ៉ាក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយនៅស្រុកស្នួល ខេត្តក្រចេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនា មិនមានតុល្យការត្រូវគ្នាឡើយលើចំនួនអ្នកស្លាប់ និងរបួស។ សារព័ត៌មានមួយចំនួនបានផ្សាយរបាយការណ៍បឋមថា ពលរដ្ឋ៦នាក់ស្លាប់ និងរបួសច្រើននាក់ ប៉ុន្តែអាជ្ញាធរបានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលភ្លាមៗ ដោយអះអាងថា សមត្ថកិច្ចទៅវិញទេ ដែលរងគ្រោះច្រើនជាងគេក្នុងការប៉ះទង្គិចនោះ។
រដ្ឋបាលខេត្តក្រចេះ បានបដិសេធការចេញផ្សាយរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ កោះសន្តិភាព និងបណ្តាញព័ត៌មាននានា ទាក់ទងនឹងការស្លាប់ពលរដ្ឋ៦នាក់ និងរបួស៤០នាក់ ក្នុងការប៉ះទង្គិចគ្នារវាងក្រុមការងារចំរុះថ្នាក់ខេត្ត ជាមួយប្រជាពលរដ្ឋក្នុងជម្លោះដីធ្លីនៅក្រុមហ៊ុនចំការកៅស៊ូមួយ។
រដ្ឋបាលខេត្តក្រចេះ ដែលគ្រប់គ្រងដោយលោក សរ ចំរុង បានអះអាងពីករណីខាងលើថា ក្រុមការងារចំរុះ បានចុះអនុវត្តការការពារសន្តិសុខ សុវត្ថិភាព និងកាយប្រឡាយព្រំដី រួមទាំងទប់ស្កាត់សកម្មភាពកាប់ទន្ទ្រានរំលោភដីធ្លីរបស់ក្រុមហ៊ុនពីសំណាក់ជនមួយក្រុម។ អាជ្ញាធរបានបន្ទោសពលរដ្ឋដែលជាដើមហេតុនាំឲ្យការប៉ះទង្គិច តាមរយៈការបិទផ្លូវជាតិលេខ៧៦ និងការប្រើកាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ កាំភ្លើងកែច្នៃ ព្រួញ ដបសាំង គប់ទៅលើក្រុមការងារចំរុះ ដែលបង្ខំឲ្យមានការផ្ទុះអាវុធដើម្បីការពារខ្លួន។
តួលេខអាជ្ញាធរខេត្តបង្ហាញថា គ្មានទេករណីស្លាប់ មានតែរបួស៩នាក់ ក្នុងនោះ៧នាក់ជាសមត្ថកិច្ច និង២នាក់ទៀត ជាប្រជាពលរដ្ឋ។
ទាក់ទងនឹងតួលេខនៃចំនួនគ្រោះថ្នាក់ កាសែតភ្នំពេញប៉ុស្តិ៍ និងកាសែតមួយចំនួន សរសេរថា បានប្រភពពីលោក ប៊ី វណ្ណី អ្នកអង្កេតការសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តក្រចេះ ប៉ុន្តែក្រោយមក មន្ត្រីសិទ្ធិមនុស្សខាងលើបានបញ្ជាក់ថា ជាតួលេខដែលទទួលបានពីប្រជាពលរដ្ឋ។
ទាក់ទងនឹងករណីនេះ លោក សឺន សែនករុណា អ្នកនាំពាក្យអង្គការអាដហុក បានបញ្ជាក់ប្រាប់ ThmeyThmey តាមទូរសព្ទនៅព្រឹកថ្ងៃសុក្រថា៖ «យើងនឹងប្រមូលព័ត៌មានឲ្យបានច្បាស់ជាមុនសិន មុននឹងចេញរបាយការណ៍ផ្លូវការ»។
លោក សែនករុណា បានលើកឡើងថា នាថ្ងៃទី៨ មីនា ដែលជាទិវាសិទ្ធិនារីអន្តរជាតិ បុគ្គលិករបស់លោក ក៏ដូចជាមន្ត្រីស្ថាប័នរដ្ឋ និងឯកជនជាច្រើន ត្រូវឈប់សម្រាក ដូច្នេះព័ត៌មានបឋមនានា ត្រូវពឹងលើការអះអាងមិនផ្លូវការរបស់ពលរដ្ឋនៅកន្លែងកើតហេតុ។
«វាជាការដកស្រង់សំដីមិនច្បាស់របស់បងប្អូនខាងសារព័ត៌មាន ទាក់ទងនឹងចំនួនអ្នកស្លាប់ និងរបួស ខាងអាដហុកយើង បានប្រាប់ហើយថា ជាប្រភពដែលទទួលបានពីពលរដ្ឋ មិនមែនជាការអះអាងដោយផ្ទាល់របស់យើងនោះឡើយ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យអាដហុក។
ទោះបីជាយ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី បានផ្សាយពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាព្រឹកថ្ងៃសុក្រនេះថា អ្នកស្លាប់បានកើនពី៦នាក់ទៅ៨នាក់ហើយ។ តួលេខនេះ បានពីការបញ្ជាក់របស់អ្នកស្រុក និងសង្គមស៊ីវិលមួយចំនួន ដែលបានអះអាងថា ឃើញហេតុការណ៍ផ្ទាល់ភ្នែក។
ហេតុអ្វីបានជាគ្មានរូបភាពសាកសព ទៅតាមប្រពៃណីដែលចែកចាញតៗគ្នាពេញបណ្តាញសង្គម?។ ជាការគោរពសិទ្ធិឯកជនរបស់ជនរងគ្រោះ? បើតាមប្រភពដែលបញ្ជាក់ប្រាប់អាស៊ីសេរី អាជ្ញាធរបានប្រមូលទូរសព្ទដៃពលរដ្ឋកំទេចចោលអស់។
លោក សរ ចំរុង អភិបាលខេត្តក្រចេះ និង លោក គង់ គឹមនី អភិបាលស្រុកស្នួល បានចោទប្រកាន់ការផ្សាយទាក់ទងនឹងចំនួនអ្នកស្លាប់ ជាការបំប៉ោងព័ត៌មាន។ កាសែតភ្នំពេញ ប៉ុស្តិ៍ ជាភាសាខ្មែរ ក៏បានលុបចេញការផ្សាយព័ត៌មានបឋមរបស់ខ្លួនផងដែរ ដោយផ្សាយព័ត៌មានថ្មីមួយទៀតដោយផ្អែកតាមសំដីរបស់អាជ្ញាធរ។
បើទោះបីជាតួលេខគ្រោះថ្នាក់មិនមានការឯកភាពគ្នាក៏ដោយ ប៉ុន្តែលោក សឺន សែនករុណា បង្ហាញការសោកស្តាយចំពោះហេតុការណ៍ហិង្សាដែលបានកើតឡើងក្នុងទំនាស់ដីធ្លី។ សម្រាប់មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ វាជាបញ្ហាមួយបន្ថែមពីលើបញ្ហាមួយទៀត។
លោកបានលើកឡើងថា៖ «ទំនាស់ដីធ្លី ជារឿងមួយដែលត្រូវការដោះស្រាយដោយអហិង្សា ប៉ុន្តែបែរជាមានការប៉ះទង្គិចគ្នាដោយអាវុធ ដែលបង្កើតទៅជារឿងដ៏ស្មុគ្រស្មាញមួយទៀត»។ ជាមួយនឹងការអំពាវនាវឲ្យពលរដ្ឋរក្សាការអត់ធ្មត់ លោក សែនករុណា បានទាមទារឲ្យអាជ្ញាធរបកស្រាយឲ្យបានច្បាស់ពីមូលហេតុដែលឈានទៅដល់ការប្រើប្រាស់អាវុធ។
លោកបានបន្ថែមថា ភាគីទាំងសងខាងគួរស្វែងរកយុទ្ធសាស្ត្រដោះស្រាយ ក្រោមរូបមន្តឈ្នះ-ឈ្នះដើម្បីសង្គមជាតិទាំងមូលដែលគ្មានហិង្សា មិនគួរបង្កើនបញ្ហាទៅលើបញ្ហានោះឡើយ។ រីឯអ្នកប្រើប្រាស់អាវុធដែលគ្មានហេតុច្បាស់តាមផ្លូវច្បាប់ គួរតែ ទទួលទោស។
ក្នុងការប៉ះទង្គិចនេះដែរ សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋដែលតវ៉ាប្រមាណ១០នាក់ក្នុងចំណោមជាង២០០នាក់ និងរូបអូសម៉ូតូ ជិត៤០គ្រឿង៕
Tag:
ទំនាស់ដីធ្លី
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com