អន្តរជាតិ
ចិន រុស្ស៊ី និង​ជប៉ុន សាទរ​គម្រោង​នៃ​ជំនួប​ប្រវត្តិសាស្ត្រ ត្រាំ​-​គីម​
09, Mar 2018 , 9:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​គម្រោង​នៃ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង ទទួល​បានការ​សាទរ​ជា​បន្ត​បន្ទាប់ពី​ចិន ជប៉ុន និង​រុស្ស៊ី ដែល​សុទ្ធសឹង​ជា​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ​។ គេ​រំពឹងថា ជំនួប​លើកដំបូង​ដែល​គ្រោង​ធ្វើ​នៅ​ពីរ​ខែ​ទៀត នឹង​ជួយ​ដោះស្រាយ​វិបត្តិ​រ៉ាំរ៉ៃ​មួយ​នេះ និង​ឈានដល់​ការរំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ផង​។



​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទទួលយក​សំណើសុំ​ជួបចរចា​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ លោក ត្រាំ និង​លោក គីម ដែល​ធ្លាប់​ប្រើប្រាស់​វោហារសាស្ត្រ​វាយប្រហារ​គ្នា​ចាស់ដៃ​នោះ អាច​ចាប់​រលា​ក់ដៃ​គ្នា​លើកដំបូង​នៅ​ខែឧសភា​ខាងមុខ​។ ទោះជា​ពេលវេលា និង​ទីតាំង​ណាត់ជួប​ជាក់លាក់​មិន​កំណត់​ក្ដី ជំនួប​លើកដំបូង​នេះ គឺជា​ការបើក​ច្រក​ទៅកាន់​ការដោះស្រាយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។​

​ប្រទេស​បី​មាន​ចិន ជប៉ុន និង​រុស្ស៊ី ដែលជា​តួអង្គ​សំខាន់​ក្នុង​បញ្ហា​នុយក្លេអ៊ែរ​នេះ សុទ្ធតែ​បង្ហាញ​ជំហរ​រីករាយ​ទាំងអស់​។ នៅ​ថ្ងៃទី​៩ ខែមីនា ចិន​បានប្រកាស​ស្វាគមន៍​គម្រោង​ជួបគ្នា​ផ្ទាល់​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង និង​ចាត់ទុក​គម្រោង​នេះ​ជា​ការដើរ​លើផ្លូវ​ត្រូវ​ទៅកាន់​ការដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​។ ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Geng Shuang សង្ឃឹមថា ភាគី​ទាំងអស់​អាច​សេចក្ដីក្លាហាន​ផ្នែក​នយោបាយ និង​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​។​

​នៅ​ទីក្រុង​តូ​ក្យូ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​ជជែក​ជាមួយ​លោក​ប្រធានាធិបតី ត្រាំ ជុំវិញ​បញ្ហា​ដែរ​នេះ​។ លោក អា​បេ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅឯ​និវេសនដ្ឋាន​ថា ជប៉ុន និង​អាមេរិក នឹង​បន្ត​នៅ​ជាមួយគ្នា​១០០​ភាគរយ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ នឹង​ហោះ​ទៅកាន់​អាមេរិក​នៅ​ខែមេសា មួយខែ​មុន​ជំនួប​ត្រាំ​-​គីម ដើម្បី​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាមេរិក​ស្ដីពី​សម្ព័ន្ធភាព​ទ្វេភាគី និង​សំណុំរឿង​កូរ៉េខាងជើង​ផង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ពី​ទ្វីបអាហ្វ្រិក ប្រមុខ​ការទូត​រុស្ស៊ី បាន​សាទរ​គម្រោង​ជួបគ្នា​រវាង​លោក ត្រាំ និង​លោក គីម នៅ​ខែឧសភា និង​ហៅ​គម្រោង​នេះ​ជា​ការដើរតាម​ទិសដៅ​ត្រឹមត្រូវ​។ ក្រោយ​កិច្ចប្រជុំ​នៅ​ស្នាក់ការ​សហភាព​អាហ្វ្រិក​នៅ​អេ​ត្យូ​ពី លោក Sergei Lavrov រំពឹងថា មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ពិតជា​ជួបគ្នា​មែន ព្រោះ​ជំនួប​នេះ​ជា​រឿង​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ប្រក្រតី​ឡើងវិញ​។

​ចិន ជប៉ុន រុស្ស៊ី បូក​អាមេរិក កូរ៉េខាងត្បូង និង​កូរ៉េខាងជើង គឺជា​ភាគី​ចូលរួម​ក្នុង​កិច្ចចរចា​៦​ភាគី​។ តុ​ចរចា​៦​ភាគី​នេះ មាន​គោលដៅ​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្តែ​បាន​ជាប់គាំង​នៅ​ចុងឆ្នាំ​២០០៨ ក្រោយ​កូរ៉េខាងជើង​ដើរ​ចេញពី​ការចរចា និង​បង្កើន​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​កាន់តែខ្លាំង​៕


Tag:
 ចិន​
  រុស្ស៊ី​
  ជប៉ុន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com