ភ្នំពេញ៖ តើទីផ្សារអចលនទ្រព្យក្នុងឆ្នាំ២០១៨នេះ ជាពិសេសជាឆ្នាំបោះឆ្នោតផងនោះ នឹងដំណើរការយ៉ាងម្ដេច? អ្នកប្រកបរបរក្នុងវិស័យនេះដ៏លេចធ្លោ បានបង្ហាញការយល់ឃើញរបស់ខ្លួន ដែលឆ្លើយតបនឹងសំនួរមួយនេះ។
លោក ចេង ខេង ប្រធានក្រុមហ៊ុន CPL ឲ្យដឹងថា ការទិញលក់ដីធ្លី នឹងដំណើរការជាធម្មតា ដូចឆ្នាំ២០១៧ ដែរ ហើយតម្លៃដីនឹងមិនធ្លាក់ចុះនោះទេក្នុងឆ្នាំ២០១៨ នេះ។ លោកបន្ថែមដូច្នេះទៀតថា៖«ខ្ញុំជឿជាក់គម្រោងមួយចំនួន ជាអាទិ៍ Golden ៤២ នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៨ ហើយនេះ គឺជាសញ្ញាល្អសម្រាប់ទីផ្សារអចលនទ្រព្យ»។
ទាក់ទងការបារម្ភពីវិស័យនេះ អំឡុងការបោះឆ្នោតខាងមុខនេះ លោក ចេង ខេង លើកឡើងដូច្នេះថា៖« ខ្ញុំជឿជាក់ថា ការណែនាំយ៉ាងត្រឹមត្រូវពីអ្នកជំនាញ នឹងធានាមិនឲ្យវិនិយោគិន រងឥទ្ធិពលណាមួយឡើយ បើទោះបីជាមានការបោះឆ្នោត ឬគ្មាន ក៏ដោយ»។
តែចំពោះ លោក គីម ហ៊ាង ប្រធានសមាគមភ្នាក់ងារ និងអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា (CVEA) វិញ សកម្មភាពទិញលក់អចលនទ្រព្យ នឹងថយចុះ ធៀបនឹងឆ្នាំ២០១៧។ «ខ្ញុំផ្ដល់យោបល់ថា អ្នកដែលមានសាច់ប្រាក់ច្រើន គួរតែទិញអចលនទ្រព្យក្នុងឆ្នាំនេះ ខណៈអចលនវត្ថុជាច្រើននឹងដាក់លក់។ មានន័យថា ការផ្គត់ផ្គង់កាន់តែច្រើន ជាមួយនឹងតម្លៃកាន់តែថោក ដែលអ្នកទិញអាចចាប់យកអត្ថប្រយោជន៍»។ នេះជាការថ្លែងរបស់អគ្គនាយកក្រុមហ៊ុន Khmer Realestate រូបនេះ មុននឹងលោកបន្ថែមថា ទីផ្សារអចលនទ្រព្យអំឡុងពីរបីឆ្នាំមុន ផ្ទុយពីឆ្នាំនេះ ដែលមានតម្រូវការខ្ពស់ហើយបានរុញតម្លៃឲ្យឡើង។
លោក គីម ហ៊ាង បន្តថា ទីផ្សារអចលនទ្រព្យនឹងមានកំណើនម្ដងទៀត នៅឆ្នាំ២០២០ ដោយលោកជឿជាក់ថា នយោបាយនឹងបន្តមានស្ថិរភាព និងមិនជះឥទ្ធិពលដល់វិស័យនេះឡើយ។ លោកអះអាងថា អ្នកទិញអចលនទ្រព្យក្នុងឆ្នាំ២០១៨ នេះ នឹងទទួលផលចំណេញក្នុងរយៈពេលពីរបីឆ្នាំខាងមុខ តែលោកបានរម្លឹកថាគួរចៀសវាងការខ្ចីលុយធនាគារ យកទៅវិនិយោគក្នុងវិស័យនេះ។
ចំណែកលោក សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge group មានប្រសាសន៍ថា ទំនងជាមានការបង្អាក់មួយចំនួនរបស់អ្នកទិញ ព្រោះជាទម្លាប់របស់ពលរដ្ឋកម្ពុជាក្នុងការទិញអចលនទ្រព្យ ពេលមានការបោះឆ្នោតជាតិចូលមកដល់។
ទោះបីលោក សៀ ឫទ្ធី ជឿជាក់ថា ការបោះឆ្នោតខាងមុខនេះ នឹងមិនជះឥទ្ធិពលអ្វីដល់ទីផ្សារវិស័យមួយនេះ តែលោកលើកឡើងដូច្នេះថា៖«ប៉ុន្តែពលរដ្ឋនឹងនៅតែរង់ចាំមើលពីអ្វីដែលកើតឡើងចំពោះទីផ្សារមួយនេះ។ ខ្ញុំជឿជាក់ថា បន្ទាប់ពីការបោះឆ្នោត ពលរដ្ឋនឹងមានសុទិដ្ឋិនិយមក្នុងការទិញអចលនវត្ថុជាសារថ្មី»។
មួយវិញទៀត លោក សៀ ឫទ្ធី សង្កេតឃើញថា អ្នកវិនិយោគចិន ដែលបោះទុនយ៉ាងច្រើនក្នុងវិស័យនេះនៅកម្ពុជា ជាធម្មតា មិនព្រួយបារម្ភពីការបោះឆ្នោត នោះទេ ដែលធ្វើឲ្យលោកជឿជាក់ថាសកម្មភាពបោះទុនរបស់ចិនក្នុងវិស័យនេះនឹងនៅតែបន្ត។