ជាតិ
រកឃើញត្រយ៉ងចង្កំកស ៦សំបុកនៅដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ ត្រយ៉ងចង្កំកស រូបភាពទាំងអស់ពីអង្គការ WCS
× ព្រះវិហារ៖ ត្រយ៉ងចង្កំកស ចំនួន ៦សំបុក ត្រូវបានក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន សហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ និងអង្គការWCS រកឃើញនៅក្បែរភូមិត្មាតប៉ើយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ។ បើតាមអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) ការការពារសំបុកពងកូនត្រយ៉ងចង្កំកសនេះ គឺជាជំហានដ៏សំខាន់មួយ ដើម្បីថែរក្សាប្រភេទសត្វដ៏កម្រនេះកុំឲ្យបាត់បង់។
ត្រយ៉ងចង្កំកស ជាសត្វស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។ ត្រយ៉ងចង្កំកសនេះ មានរស់នៅតែក្នុងប្រទេសកម្ពុជា ឡាវ និងឥណ្ឌូនេស៊ីប៉ុណ្ណោះ ហើយចំនួននៅសេសសល់របស់វាភាគច្រើនរស់នៅកម្ពុជា។ ចំនួនរបស់ត្រយ៉ងចង្កំសនៅលើពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់រយៈពេល១០០ឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នត្រូវបានគេប៉ាន់ប្រមាណថាមានតិចជាង១ពាន់ក្បាលនៅលើពិភពលោក។
ក្នុងសហគមន៍ទេសចរធម្មជាតិត្មាតប៉ើយខេត្តព្រះវិហារ បានគាំទ្រដល់ការរស់នៅរបស់សត្វត្រយ៉ងចង្កំកស ប្រមាណ៥០ក្បាល ស្មើនឹង៥ភាគរយនៃចំនួនរបស់វាទាំងអស់នៅលើពិភពលោក។ បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ ការបាត់បង់ទីជម្រក ការបរបាញ់ និងការរំខាន កំពុងតែគំរាមកំហែងខ្លាំងដល់ការរស់នៅរបស់ត្រយ៉ងចង្កំកសនេះ។
ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ លោក ឌឹប គឹមអោន លើកឡើងថា យើងរីករាយណាស់ចំពោះការរកឃើញសំបុកត្រយ៉ងចង្កំកសនេះ ពីព្រោះពួកវាគឺជាប្រភេទសត្វស្លាបដ៏សំខាន់ដែលភ្ញៀវទេសចរចង់ទស្សនា។ ប្រធានសហគមន៍រូបនេះ បន្តថា ចាប់តាំងពីឆ្នាំ២០១៣មក ភ្ញៀវទេសចរជាមធ្យម២៤០នាក់ បានធ្វើដំណើរមកកាន់ភូមិត្មាតប៉ើយដើម្បីទស្សនាសត្វត្រយ៉ងយក្ស និងត្រយ៉ងចង្កំកសជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ថា នៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព សមាជិកសហគមន៍ចូលរួមត្រួតពិនិត្យ និងការពារសំបុកពងកូនរបស់សត្វត្រយ៉ងយក្ស និងត្រយ៉ងចង្កំកស ទទួលបានប្រាក់លើកទឹកចិត្តតាមរយៈមូលនិធិអភិវឌ្ឍន៍សហគមន៍ត្មាតប៉ើយ សហការជាមួយអង្គការWCS និងមជ្ឈមណ្ឌល សំ វាសនា៕
Tag:
ត្រយ៉ងចង្កំកស
ព្រះវិហារ
ដែនជម្រកសត្វព្រៃគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com