កីឡាជាតិ
ជាតិ
បុណ្យទន្លេ៖ លឹម កែវឧត្តម និង សុខ វរល័ក្ខណ៍ គ្រងជើងឯកហែលឆ្លងទន្លេ
× កីឡាករ លឹម កែវឧត្តម និងកីឡាការិនី សុខ វរល័ក្ខណ៍ មកពីក្លិបក្រសួងមហាផ្ទៃសុទ្ធតែបានបង្ហាញភាពខ្លាំងរៀងៗខ្លួនតាមរយៈការគ្រងជើងឯកវិញ្ញាសាហែលឆ្លងទន្លេ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៤នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងនោះកីឡាករ លឹម កែវឧត្តម គ្រងជើងឯកវិញ្ញាសាផ្នែកបុរស និងកីឡាការិនី សុខ វរល័ក្ខណ៍ ផ្នែកនារី។
នាការប្រកួតកីឡាហែលទឹកឆ្លងទន្លេ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ កីឡាករ លឹម កែវឧត្តម មកពីក្លិបក្រសួងមហាផ្ទៃបានគ្រងជើងឯកលើវិញ្ញាសាហែលចម្ងាយ៨០០ម៉ែត្រផ្នែកបុរស ក្រោយហែលទៅវិញទៅមកក្នុងថេរវេលា ៩:៣៦.១៩នាទី។ រីឯកីឡាករ ហែម ប៉ុច មកពីក្លិបព្រឹទ្ធាចារ្យហែមថុន ទទួលបានចំណាត់ថ្នាក់លេខ២ ជាមួយថេរវេលា ៩:៥១.២៣នាទី ខណៈកីឡាករ ភិន រដ្ឋា មកពីក្លិបជ្រោយចង្វារ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយប្រើពេល១០:១៥.៨១នាទី។
នាការប្រកួតកីឡាហែលទឹកឆ្លងទន្លេចម្ងាយ៨០០ម៉ែត្រនេះដែរ កីឡាការិនីក្រសួងមហាផ្ទៃ សុខ វរល័ក្ខណ៍ គ្រងតំណែងជើងឯកក្រោយប្រើពេល ១១:០៤.២៧នាទី។ ចំណែកកីឡាការិនី ឆោម ស្រីវល័ក្ខណ៍ មកពីក្លិបព្រឹទ្ធាចារ្យថែមថុនទទួលបានចំណាត់ថ្នាក់លេខ២ក្រោយប្រើពេល ១១:០៩.០៤នាទី និងកីឡាការិនីក្រសួងមហាផ្ទៃ សាន បុប្ផា បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្រោយប្រើពេល ១១:៤២.៥៤នាទី។
ការប្រកួតកីឡាហែលទឹកឆ្លងទន្លេ ដើម្បីអបអរពិធីបុណ្យទន្លេលើកទី៤នៅក្រុងតាខ្មៅ ខេត្តកណ្តាលមានកីឡាករកីឡាការិនីចំនួន១៦រូបចូលរួម ដោយវិញ្ញាសានីមួយៗមានអត្តពលិក៨រូប។ ពិធីបុណ្យទន្លេនៅឆ្នាំនេះ ធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨៕
Tag:
បុណ្យទន្លេ
លឹម កែវឧត្តម
សុខ វរល័ក្ខ
© រក្សាសិទ្ធិដោយ thmeythmey.com