ជាតិ
សេដ្ឋកិច្ច
កាណូតដឹកអ្នកដំណើរពីភ្នំពេញ ទៅក្រុងតាខ្មៅ នឹងដំណើរការនៅដើមខែមេសា រូភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ កាណូតដឹកអ្នកដំណើរពីព្រែកព្នៅ ទៅកាន់ក្រុងតាខ្មៅ ចំនួន៤គ្រឿង នឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី៦ ដើមខែមេសាខាងមុខ។ ចំណតកាណូតដឹកអ្នកដំណើរនេះ មាន៥ចំណត គឺចំណតព្រែកព្នៅ ទីលានប្រជាធិបតេយ្យថ្មី ផ្សាររាត្រី កោះពេជ្រ និងក្រុងតាខ្មៅ។
កាណូតដឹកអ្នកដំណើរពីព្រែកព្នៅ រាជធានីភ្នំពេញ ទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល នឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី៦ ដើមខែមេសាខាងមុខ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីកាលបរិច្ឆេទដំណើរការនេះ នៅក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ចំណតកំពង់ផែដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក នៅត្រង់ចំណុចទីលានប្រជាធិបតេយ្យថ្មី តាមបណ្តោយផ្លូវជាតិ៥ កាលពីថ្ងៃទី១០ ខែមីនានេះ។
បើតាមលោក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងមានកាណូតចំនួន៤គ្រឿង ចរាចរណ៍ដឹកអ្នកដំណើរចេញដំណើរពីព្រែកព្នៅ ទៅក្រុងតាខ្មៅ ដោយចំណាយពេលជាមធ្យមក៣៤នាទី ក្នុងចម្ងាយផ្លូវទឹកសរុបប្រមាណ២៥គីឡូម៉ែត្រ។ ក្នុងចំណោមកាណូតទាំង៤គ្រឿងនេះ មាន២គ្រឿង ជាកាណូតរបស់ក្រុមហ៊ុនRoyal Express Boat ដែលមួយគ្រឿងៗអាចផ្ទុកមនុស្ស៦០នាក់ និង២គ្រឿងទៀត ជាកាណូតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបញ្ជាទិញពីប្រទេសវៀតណាម ក្នុងតម្លៃជិត២០ម៉ឺនដុល្លារក្នុងមួយគ្រឿង ដែលអាចផ្ទុកបាន៥៤នាក់ ដែលមានបំពាក់ម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាពផងដែរ។ នេះបើតាមលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបន្តបញ្ជាក់ដូច្នេះ៖«កាណូត២គ្រឿង គឺយើងផលិតនៅវៀតណាម ហើយ២គ្រឿងទៀត គឺជាកាណូតចាស់របស់ក្រុមហ៊ុន Royal Express Boat ដែលយើងកំពុងជួសជុល»។
លោក រដ្ឋមន្ត្រី ឲ្យដឹងដែរថា កាណូតដឹកអ្នកដំណើរនេះ មានចំណតចំនួន៥ គឺចំណតព្រែកព្នៅ ទីលានប្រជាធិបតេយ្យថ្មី ផ្សាររាត្រី កោះពេជ្រ និងក្រុងតាខ្មៅ។ លោក ក៏សង្ឃឹមថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ និងចំណេញពេលវេលាធ្វើដំណើរផងដែរ៕
រូភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
Tag:
កាណូត
ភ្នំពេញ
តាខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com