កីឡាអន្តរជាតិ
ជាតិ
ប្លង់​ទីលាន​បាល់ទាត់​តម្លៃ​ជាង​១៥០​លាន​ដុល្លារ ដែល​អាច​ជម្លៀស​អ្នកគាំទ្រ​ត្រឹម​៧​នាទី​
12, Mar 2018 , 8:59 am        
រូបភាព
ប្លង់​​គំរូនៃ​​​ពហុកី​​​ឡដ្ឋាន​​​ជាតិម​​រតក​​តេជោ
ប្លង់​​គំរូនៃ​​​ពហុកី​​​ឡដ្ឋាន​​​ជាតិម​​រតក​​តេជោ
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​តាំង​បង្ហាញ​ប្លង់​គំរូ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ពហុ​កីឡដ្ឋាន​លំដាប់​អន្តរជាតិ សម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ NOCC​។ ពហុ​កីឡដ្ឋាន ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង​១៥០​លាន​ដុល្លារ​នេះ គ្រោង​បញ្ចប់​ការសាងសង់​ក្នុងអំឡុង​ឆ្នាំ​២០២១​។ នៅ​ជុំវិញ​បរិវេណ​ពហុ​កីឡដ្ឋាន​នេះ​មានទឹក​ព័ន្ធ​ជុំវិញ​ដោយ​យក​លំនាំ​តាម​បែបបទ​ប្រាសាទអង្គរវត្ត ដែល​អាច​ផ្ទុក​អ្នកទស្សនា​ប្រមាណ​ជា​៦​ម៉ឺន​នាក់​។​

 
​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​គម្រោង​ទី​២​ដែលជា​ជំនួយ​របស់​ចិន ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ដាក់​បង្ហាញ​ប្លង់​គំរូ​នៅ​ទីស្នាក់ការ NOCC កាលពីពេល​ថ្មីៗ​នេះ​។ ការតាំង​បង្ហាញ​ដែល​បើក​សេរី​ឲ្យ​ទស្សនា​នេះ គឺ​ដើម្បី​បង្ហាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​ឃើញថា កម្ពុជា​នឹងមាន​ទីលាន​បាល់ទាត់​លំដាប់​អន្តរជាតិ​ល្អ​ដាច់​គេ​ក្នុង​តំបន់​អាស៊ាន​នាពេល​ដ៏​ខ្លី​ខាងមុខ​។​
 
​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ទីលាន​បាល់ទាត់​នេះ​អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ​ជា​៦​ម៉ឺន​នាក់​។ សំណង់​នេះ សាងសង់​តាម​បទដ្ឋាន​អន្តរជាតិ ដែល​អាច​ជម្លៀស​អ្នកទស្សនា​ទាំងនេះ​ក្នុង​រយៈពេល​៧​នាទី​ក្នុងករណី​មាន​បញ្ហា​អ្វី​កើតឡើង​។ 
 
​ទីលាន​បាល់ទាត់​នេះ សាងសង់​បែប​រចនាបទ​ខ្មែរ​មាន​រាង​ដូច​សំពៅ ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​កម្ពុជា​-​ចិន​។ នៅ​ជុំវិញ​បរិវេណ​កីឡដ្ឋាន មាន​ប្រព័ន្ធ​ទឹក​ការពារ​សំណង់​ឲ្យ​ត្រជាក់​ព័ន្ធ​ជុំវិញ មាន​លំនាំ​ដូចនឹង​គូ​ទឹក​នៃ​ស្ថាបត្យកម្ម​សំណង់​ប្រាសាទអង្គរវត្ត​(​អង្គរតូច​)​នៅ​ខេត្តសៀមរាប​។ នេះ​តាម​ការបញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន​។ 


 
​ទីលាន​បាល់ទាត់​លំដាប់​អន្តរជាតិ​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង​១៥៧​លាន​ដុល្លារ ដោយ​គ្រោង​បញ្ចប់​ការសាងសង់​ក្នុងអំឡុង​ឆ្នាំ​២០២១ ខាងមុខនេះ​។ នេះ​ជា​គម្រោង​ទី​២ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ខណៈ​គម្រោង​ទី​១​រួមមាន​អាង​ហែល​ទឹក អគារ​កីឡា​ក្នុង​សាល និង​ក្រៅ​សាល​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០១៧​។ 
 
​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សាងសង់ឡើង ដើម្បី​ត្រៀម​ទទួល​ប្រតិភូ​កីឡា​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន នា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕  





Tag:
 NOCC
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com