កីឡាអន្តរជាតិ
ជាតិ
ប្លង់ទីលានបាល់ទាត់តម្លៃជាង១៥០លានដុល្លារ ដែលអាចជម្លៀសអ្នកគាំទ្រត្រឹម៧នាទី ប្លង់គំរូនៃពហុកីឡដ្ឋានជាតិមរតកតេជោ
× គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)តាំងបង្ហាញប្លង់គំរូនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាពហុកីឡដ្ឋានលំដាប់អន្តរជាតិ សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC។ ពហុកីឡដ្ឋាន ដែលគ្រោងចំណាយថវិកាប្រមាណជាង១៥០លានដុល្លារនេះ គ្រោងបញ្ចប់ការសាងសង់ក្នុងអំឡុងឆ្នាំ២០២១។ នៅជុំវិញបរិវេណពហុកីឡដ្ឋាននេះមានទឹកព័ន្ធជុំវិញដោយយកលំនាំតាមបែបបទប្រាសាទអង្គរវត្ត ដែលអាចផ្ទុកអ្នកទស្សនាប្រមាណជា៦ម៉ឺននាក់។
ពហុកីឡដ្ឋានជាតិមរតកតេជោគម្រោងទី២ដែលជាជំនួយរបស់ចិន ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដាក់បង្ហាញប្លង់គំរូនៅទីស្នាក់ការ NOCC កាលពីពេលថ្មីៗនេះ។ ការតាំងបង្ហាញដែលបើកសេរីឲ្យទស្សនានេះ គឺដើម្បីបង្ហាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យឃើញថា កម្ពុជានឹងមានទីលានបាល់ទាត់លំដាប់អន្តរជាតិល្អដាច់គេក្នុងតំបន់អាស៊ាននាពេលដ៏ខ្លីខាងមុខ។
បើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទីលានបាល់ទាត់នេះអាចផ្ទុកអ្នកទស្សនាបានប្រមាណជា៦ម៉ឺននាក់។ សំណង់នេះ សាងសង់តាមបទដ្ឋានអន្តរជាតិ ដែលអាចជម្លៀសអ្នកទស្សនាទាំងនេះក្នុងរយៈពេល៧នាទីក្នុងករណីមានបញ្ហាអ្វីកើតឡើង។
ទីលានបាល់ទាត់នេះ សាងសង់បែបរចនាបទខ្មែរមានរាងដូចសំពៅ ដែលបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-ចិន។ នៅជុំវិញបរិវេណកីឡដ្ឋាន មានប្រព័ន្ធទឹកការពារសំណង់ឲ្យត្រជាក់ព័ន្ធជុំវិញ មានលំនាំដូចនឹងគូទឹកនៃស្ថាបត្យកម្មសំណង់ប្រាសាទអង្គរវត្ត(អង្គរតូច)នៅខេត្តសៀមរាប។ នេះតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។
ទីលានបាល់ទាត់លំដាប់អន្តរជាតិនេះ គ្រោងចំណាយថវិកាប្រមាណជាង១៥៧លានដុល្លារ ដោយគ្រោងបញ្ចប់ការសាងសង់ក្នុងអំឡុងឆ្នាំ២០២១ ខាងមុខនេះ។ នេះជាគម្រោងទី២ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈគម្រោងទី១រួមមានអាងហែលទឹក អគារកីឡាក្នុងសាល និងក្រៅសាលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៧។
ពហុកីឡដ្ឋានជាតិមរតកតេជោសាងសង់ឡើង ដើម្បីត្រៀមទទួលប្រតិភូកីឡាមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន នាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com