កញ្ញា រចនា ជម្នះ​រៀន​ផ្នែក​ព័ត៌មានវិទ្យា រហូត​គ្រួសារ​ដែល​ធ្លាប់​ជំទាស់ ស្ងើចសរសើរ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា រចនា ជម្នះ​រៀន​ផ្នែក​ព័ត៌មានវិទ្យា រហូត​គ្រួសារ​ដែល​ធ្លាប់​ជំទាស់ ស្ងើចសរសើរ​
12, Mar 2018 , 9:39 am        
រូបភាព
​ភ្នំពេញ​៖ កញ្ញា ញ៉ុ​ក រចនា ជា​កូនស្រី​ពៅ​ក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​មួយ នៅ​ភូមិកំពង់តាយ៉ង ឃុំពួក ស្រុក​ពួក ខេត្តសៀមរាប​។ រចនា ស្រឡាញ់ និង​ចង់​រៀន​ផ្នែក​ព័ត៌មានវិទ្យា (IT) បន្ទាប់ពី​ចប់​បាក់​ឌុប ប៉ុន្តែ​ពេលនោះ ក្រុមគ្រួសារ​នាង​បាន​រារាំង​យ៉ាងខ្លាំង​។ បើតាម រចនា គ្រួសារ​នាង មិន​ចង់​ឲ្យ​រូបគេ​រៀន​ជំនាញ​នេះ ព្រោះតែ​រូបនាង​ស្រី និង​បារម្ភ​ពី​សុ​ត្ថិ​ភាព​នៅពេល​នាង​ទៅ​រៀន​ឆ្ងាយ​ពី​ផ្ទះ​។ ទោះជា​មានការ​ជំទាស់​ពី​ក្រុមគ្រួសារ​យ៉ាងណាក្ដី កញ្ញា ញ៉ុ​ក រចនា បាន​ជម្នះ​ការរារាំង​នេះ និង​បាន​តស៊ូ​រហូត​បានសម្រេច​បំណង​របស់ខ្លួន គឺ​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា​នៅ​ឆ្នាំ​២០១៧​កន្លងទៅ​។​




​ក្រោយ​នាង​ចប់​បាក់​ឌុប ក្នុង​ឆ្នាំ​២០១២ កញ្ញា ញ៉ុ​ក រចនា បាន​ជាប់​អាហារូបករណ៍​រៀន​ឥត​បង់ថ្លៃ​រយៈពេល​២​ឆ្នាំ ផ្នែក​ព័ត៌មានវិទ្យា នៅ​អង្គការ Passerelles Numareques Cambodia(PNC) នៅ​រាជធានី​ភ្នំពេញ ។ គ្រានោះ ទម្រាំ​បានមក​រៀន​នៅ​ភ្នំពេញ នាង​ត្រូវ​ជម្នះ​នឹង​ការជំទាស់​ពី​ក្រុមគ្រួសារ ដែល​មិន​ចង់​ឲ្យ​កូនស្រី និង​ប្អូន​រៀន​ឆ្ងាយ​ពី​ផ្ទះ ហើយ​ពេលនោះ​បងស្រី​នាង បាន​គំរាម​មិន​ទទួលស្គាល់​នាង​ទៀតផង​។ មាន​សម្បុរ​ស មាឌតូច​ច្រឡឹង កញ្ញា ញ៉ុ​ក រចនា បាន​រម្លឹក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​ពីព្រោះ​ខ្ញុំ​ជា​ស្រី ហើយ​គ្រួសារ​ថា មិនគួរ​ទៅ​រៀន​នៅ​ភ្នំពេញ​ឆ្ងាយ​ផ្ទះ ហើយ​ដែលមាន​ម្ដាយ​ចាស់​ឡើយ​។ ម្យ៉ាងទៀត​ការ​ទៅ​រៀន​ឆ្ងាយ​នេះ ក៏​មិនមាន​សុវត្ថិភាព​ផងដែរ​»​។ 


 
​ទោះជា​គ្រួសារ​រារាំង​ខ្លាំង​យ៉ាងនេះ​ក្ដី រចនា ដែលមាន​វ័យ​២៥​ឆ្នាំ​រូបនេះ មិន​បោះបង់​បំណងប្រាថ្នា ដែល​ចង់​រៀន​ផ្នែក​ព័ត៌មានវិទ្យា​ឡើយ នាង​អះអាងថា ខ្លួន​មាន​ទស្សនៈ​វែងឆ្ងាយ ជាង​គ្រួសារ​របស់​នាង ហើយ​នាង​បាន​ប្តេជ្ញា​មក​រៀន​នៅ​ភ្នំពេញ​ទាល់តែ​បាន​។ ម្យ៉ាងទៀត ការរៀន​នេះ ក៏មាន​ការជំរុញ និង​លើកទឹកចិត្ត​ពី​នាយក​សាលា លោកគ្រូ អ្នកគ្រូ  គួបផ្សំ​នឹង​ទឹកចិត្ត​ស្រឡាញ់​របស់​នាង​ផង​។ 
 
​កូនពៅ ក្នុងចំណោម​បងប្អូន​៧​នាក់​រូបនេះ អះអាងថា ពេល​រៀន​នៅ​ភ្នំពេញ នាង​បាន​ប្រឹងប្រែង​រៀន​ពុំមាន​ធ្វេសប្រហែស ឬ​ខ្ជីខ្ជា​ឡើយ ពីព្រោះ​សាលា​អង្គការ PNC មាន​វិន័យ​តឹងតែង ក្នុងការ​អប់រំ​សិស្ស​ទាំងអស់​។ បន្ទាប់ពី​រៀន​ចប់​ពីសា​លា​អង្គការ PNC កញ្ញា ញ៉ុ​ក រចនា បាន​ចំណាយពេល​ធ្វើការ​សន្សំ​ប្រាក់​១​ឆ្នាំ​សិន ដើម្បី​បង់ថ្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ថ្នាក់​ព័ត៌មានវិទ្យា នៅ​សាកល​វិទ្យា​ពុទ្ធិ​សាស្ត្រ​។​


 
​បើតាម​កញ្ញា ញ៉ុ​ក រចនា នាង​គ្មាន​ប្រាក់​គ្រប់​បង់ថ្លៃ​សិក្សា នាង​ទទួលបាន​ការអនុគ្រោះ ឲ្យ​បង់ថ្លៃ​៤​ដង ក្នុង​មួយឆ្នាំ​។ ដូច្នេះហើយ​នាង​ត្រូវ​ធ្វើការ​បណ្តើរ រៀន​បណ្តើរ ដើម្បី​មាន​ប្រាក់​បង់​សាលា ដែល​ការណ៍​នេះ មិនមែនជា​ការងាយស្រួល​ឡើយ​។ នាង​ត្រូវ​ចាយវាយ​ត្បិតត្បៀត​ណាស់ ដើម្បី​សន្សំ​ប្រាក់​បង់ថ្លៃ​សិក្សា និង​ត្រូវ​ផ្ញើ​ទៅ​ឲ្យ​អ្នកផ្ទះ​ជាប្រចាំ​ផង​។ រចនា​អះអាងថា នាង​ក៏មាន​បញ្ហា​សុខភាព​ខ្លះ​ដែរ ដោយសារ​ការ​សន្សំសំចៃ​ពេក​នេះ​។​
 
​រចនា បាន​បន្ថែមថា ការប្រឹងប្រែង​តស៊ូ​របស់​នាង មិន​ឥតប្រយោជន៍​នោះទេ​។ មិន​ត្រឹមតែ​នាង​ខំរៀន​រហូត​ចប់​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា និង​មានបទពិសោធន៍​ផ្នែក​នេះ​៥​ឆ្នាំ​ទៅហើយ​នោះទេ គ្រួសារ​ដែល​ធ្លាប់តែ​ជំទាស់​ការរៀន​ជំនាញ​មួយ​នេះ ក៏បាន​សាទរ និង​ទទួលស្គាល់​ការ​ខំប្រឹងប្រែង​របស់​នាង​ដែរ​។ បច្ចុប្បន្ន កញ្ញា ញ៉ុ​ក រចនា កំពុងធ្វើការ​នៅក្នុង​ខេត្ត​កំណើត តាម​ការទទូច​របស់​ម្តាយ​ដែល​ចង់​ឲ្យ​នាង​ទៅ​រស់នៅ និង​ធ្វើការ​ក្បែរ​ផ្ទះ ហើយ​រូបនាង​ក៏​ចង់​នៅ​មើលថែ​ម្ដាយ ដែលមាន​វ័យចាស់​ដែរ​។ ម្យ៉ាង​ការងារ​នៅ​សៀមរាប ក៏​ទទួលបាន​បៀវត្ស មិន​ចាញ់​នៅ​ភ្នំពេញ​ប៉ុន្មាន​ឡើយ​។ 


 
​កញ្ញា ញ៉ុ​ក រចនា ក៏មាន​គម្រោង​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ផងដែរ ទៅ​ថ្ងៃ​អនាគត​។ ជា​អាជីវកម្ម​ដែល រចនា អះអាងថា ទាក់ទង​នឹង​ជំនាញ​ដែល​ខ្លួន​រៀន​។ ជាមួយគ្នានេះ រចនា ក៏មាន​បំណង​បើក​បណ្ណាគារ មាន​កន្លែង​បោះពុម្ព​សៀវភៅ និង​បើក​ទីតាំង​បង្រៀនកុំព្យូទ័រ​ដល់សិស្ស​ជា​លក្ខណៈ​ឯកជន មិនត្រឹមតែប៉ុណ្ណោះយកជំនាញរបស់ខ្លួនទៅអភិវឌ្ឍនៅក្នុងខេត្តរបស់នាង​ផងដែរ​៕





Tag:
 ញ៉ុ​ក រចនា​
  ព័ត៌មានវិទ្យា​
 ​ បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com