ជាតិ
​ក្រុម​ជន​ហិង្សា​លើ​អ្នកបើកបរ​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ស្ថិតនៅក្រោម​ការចាប់ខ្លួន​
12, Mar 2018 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​បញ្ជារ​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ ដែល​ពាក់ព័ន្ធ​នឹង​ករណី​បង្ក​ហិង្សា វាយ​ទៅលើ​បុរស​ម្នាក់ ដែលជា​ម្ចាស់​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​១១ មីនា​។​



​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ម្សិលមិញ បុរស​ម្នាក់​ដែល​បាន​ពលរដ្ឋ​អះអាងថា បាន​បើក​រថយន្តបុក​ប្រជាពលរដ្ឋ​លើ​ដងផ្លូវ ចាប់ពី​ម្តុំ​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រហូតដល់​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ចោមរោម​វាយ​បែកក្បាល បែក​មុខមាត់ និង​ទ្រោម​ខ្លួន រហូត​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ចំណែក​រថយន្ត ត្រូវបាន​ពលរដ្ឋ​វាយកម្ទេច​ខូចខាត​ទាំងស្រុង មុនពេល​មន្ត្រីប៉ូលិស​ចុះ​អន្តរាគមន៍ នៅ​កន្លែងកើតហេតុ​។ នេះ​បើតាម​រូបភាព​វីដេអូ ដែល​បាន​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​។​

​ដោយសារ​សកម្មភាព​ប្រើ​ហិង្សា​ឃោរឃៅ​ទាំងនេះ ទើប​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​បញ្ជារ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន ជនបង្ក​ហិង្សា​ទាំងនោះ មក​ដាក់ទោស​តាមផ្លូវ​ច្បាប់​។ ត្រង់ចំណុច​នេះ​លោក ជួន សុវណ្ណ បាន​ពន្យល់ថា អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រត់គេច​ពី​កន្លែងកើតហេតុ គឺ​ពិតណាស់​ច្បាប់​ជា​អ្នក​អនុវត្តន៍​។ ប៉ុន្តែ​អ្នក​ដែល​វាយ​អ្នកបើកបរ ក៏​ត្រូវតែ​ទទួលទោស​ផងដែរ ព្រោះ​វា​ជា​អំពើ​អសីលធម៌​ក្នុងសង្គម​។​

​បើតាម​សារព័ត៌មាន​Fresh News ដែល​បាន​ស្រង់​សម្ដី​លោក ជួន សុវណ្ណ យ៉ាង​ដូច្នេះ​៖ «​ក្នុងករណីនេះ យើង​ពិនិត្យឃើញថា ជា​បទល្មើស​ជាក់ស្តែង ព្រោះ​វា​ជា​បទល្មើស​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក៏មាន​ស្ថាន​ទម្ងន់ទោស​ផងដែរ ព្រោះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជា​ក្រុម (​ក្រុម​វាយ​អ្នកបើកបរ​)​។ ក្នុងករណី​នេះដែរ ជនល្មើស​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ទោះជា​បាន​រត់គេច​ពី​កន្លែងកើតហេតុ ក៏​អាស្រ័យ​ដោយសារ​មានការ​ភ័យខ្លាច​អំពី​ក្រុម​ជនបង្ក​ដែរ​។ ប្រសិនបើជា​គាត់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន អីចឹង​ស្ថាន​ទម្ងន់ទោស​របស់​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ហើយ​គេចវេស​ពី​ការទទួលខុសត្រូវ ច្បាប់​មាន​សម្រាប់​ដាក់ទោស​ទណ្ឌ​…​។

​បុរស​ដែល​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវបាន​ពលរដ្ឋ​ចោមរោម​វាយ​នោះ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ស៊ុយ សារ៉េត គឺជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា​។ ហើយ​បើតាម​ប្រភពព័ត៌មាន​ផ្សេងៗ បាន​លើកឡើងថា លោក ស៊ុយ សារ៉េត ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​បន្ត នៅ​មន្ទីរពេទ្យ​វៀតណាម ដោយសារ​អាការ​ជំងឺ​ធ្ងន់ធ្ងរ​៕


Tag:
 ជួន សុវណ្ណ​
  គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com