បទវិភាគ
សង្គមជាតិ
× «កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប» គឺជាសុភាសិតដែលពលរដ្ឋកម្ពុជាចាប់ផ្តើមអនុវត្តយ៉ាងផុលផុសស្ទើររៀងរាល់ថ្ងៃ និងកំពុងមានប្រជាប្រិយភាពត្រង់ថា ពលរដ្ឋមួយចំនួនតូចតែងតែប្រើហិង្សាទៅលើជនសង្ស័យរហូតដល់ជននោះសល់តែដង្ហើមចង្រិត ឬរហូតដល់ស្លាប់បាត់បង់ជីវិតក៏មាន។
នៅកម្ពុជាបច្ចុប្បន្ននេះ តាមបណ្តាញសង្គម Facebook ដែលជាចៅក្រមល្បីល្បាញជាងគេ យើងសង្កេតឃើញមានសឹងតែរាល់ថ្ងៃនូវចៅក្រមតាមចិញ្ចើមផ្លូវ ឬ ហៅថាតុលាការមហាជន។ ពិតជាអស្ចារ្យមែន មិនដែលមានទេ ដែលពលរដ្ឋធម្មតា កម្មករសំណង់ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី អាជីវករលក់ដូរ និងខ្លះមិនទាំងចេះអក្សរផង បានបំពេញការងារជាចៅក្រម ឬតុលាការ ដោយបានកាត់ទោសជនសង្ស័យលឿនរហ័សដូចផ្លេកបន្ទោរ មើលធ្លុះអស់ការពិត ច្បាស់លាស់ និងមិនបានឆ្លងកាត់ការសួររកខុសនឹងត្រូវ ព្រមទាំងមិនបានថ្លឹងថ្លែងអ្វីទាល់តែសោះ ។
ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបានស្គាល់ការវិវត្តចាប់តាំងពីយុត្តិធម៌តាមបែបអបិយជំនឿសម័យអង្គរ បន្ទាប់មកយុត្តិធម៌តាមបែបពិចារណារកហេតុនឹងផលតាមបែបខ្មែរ យុត្តិធម៌ខ្មែរតាមច្បាប់សម័យកណ្តាល យុត្តិធម៌សម័យទំនើបចាប់ពីអាណាព្យាបាលបារាំងរហូតមកដល់បច្ចុប្បន្ននេះ លើកលែងតែសម័យខ្មែរក្រហមដែលកាត់ទោសដោយគ្មានប្រព័ន្ធច្បាប់ និងតុលាការត្រឹមត្រូវ ព្រមទាំងបំពារបំពានសិទ្ធិមនុស្សដល់ឫសគល់។
ការកាត់ទោសដោយប្រើហិង្សាសងសឹកដោយមហាជន គឺជាគំរូយុត្តិធម៌សម័យជាង ៤០០០ ឆ្នាំមុន គ.ស ឬ សម័យប្រើច្បាប់ តាល្យុង (Talion) ឬជាយុត្តិធម៌ដែលមានអត្ថិភាពនៅឡើយតាមបណ្តាប្រទេសមួយចំនួន ហើយកំពុងឆ្លុះបញ្ចាំងអំពីការអនុវត្តទស្សនៈ “កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប ” ។ គ្រាន់តែកើតមកមានរូបរាងជាសត្វពស់ ក៏ត្រូវគេសម្លាប់ ដោយចាត់ទុកថាជាសត្វតិរច្ឆានពីកំណើតបាត់ទៅហើយ ដោយមិនខ្វល់ថាពស់នោះមានពិស ឬគ្មានក៏ដោយ ឬជាសត្វផ្សេងប្រហាក់ប្រហែលនឹងសត្វពស់នោះទេ។
ងាកមកមើលទិដ្ឋភាពជាក់ស្តែងវិញ ជួនពេលខ្លះជនសង្ស័យពិតជាបានប្រព្រឹត្តអំពើដូចការចោទប្រកាន់មែន ជួនពេលខ្លះមិនបានប្រព្រឹត្ត ឬពេលខ្លះអំពើប្រព្រឹត្តបង្កព្យសនកម្មតិចតួចមិនរហូតដល់រងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។ តែទោះជាយ៉ាងនេះក្តី តុលាការមហាជន តែងតែសម្រេចសេចក្តីតាមបែបហិង្សាលឿនរហ័សដោយប្រើរន្ទះជើង ជង្គង់ កណ្តាប់ដៃ កែងដៃ ដុំថ្ម ដំបង កៅអី ។-ល-។ ដោយមិនសួររកការពិត។ នៅក្នុង សវនាការនៃតុលាការមហាជន យើងឮតែសំឡេងសម្រែកដូចជា “ខ្ញុំឈប់ហើយទុកជិវិតឲ្យខ្ញុំផង” “ដាក់វាទៅឲ្យសមមុខវា” “អៃយ៉ូយៗៗ” “ឈឺណាស់” “ផូង” “ផាំង” ជាដើម ជំនួសឲ្យពាក្យសួររកដំណើរដើមទងនៃហេតុការណ៍ឲ្យបានច្បាស់លាស់ ដូចជាពាក្យថា “កើតអ្វី?” “នៅពេលណា?” “នៅទីណា?” “កើតឡើងដូចម្តេច?” “ដោយអ្នកណាទៅលើអ្នកណា?” “មួយណា?” “ហេតុអ្វី?” ជាមុនសិន។ ទន្ទឹមនឹងនេះដែរ តុលាការមហាជន ថែមទាំងមានការថតផូស (Post) ឬផ្សាយផ្ទាល់ក្នុងបណ្តាញសង្គមដូចជា Facebook ជាដើម និងបានបង្ហាញនូវរូបភាពរន្ធត់ដែលមិនជាទីគយគន់ និងជាការរំលោភបំពានលើសិទ្ធិបុគ្គល ជនរងគ្រោះ ជនសង្ស័យ និងក្រុមគ្រួសាររបស់ពួកគេជាដើម។
តុលាការមហាជន ដែលកាត់សេចក្តីស្វែងរកយុត្តិធម៌ដ៏សែនលឿននេះ គឺពេលខ្លះបណ្តាលឲ្យជនសង្ស័យទ្រហ៊ោយំ រងរបួស ស្លាប់បាត់បង់ជីវិតក៏មាន ជាជាងទុកឱកាសឲ្យគេកែខ្លួន និងបង្កការខូចខាតទ្រព្យសម្បត្តិរបស់ជនសង្ស័យផងដែរ។ ទ្រព្យសម្បត្តិជាម៉ូតូ ឬ រថយន្ត ជាដើម ដែលជាមធ្យោបាយបម្រើដល់ការប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យ ឬ ជនល្មើសមិនគួរណាត្រូវបានបំផ្លិចបំផ្លាញដោយមហាជននោះទេ ពីព្រោះថាទ្រព្យសម្បត្តិទាំងនោះ គឺជាកម្មវត្ថុនៃការយកទៅទូទាត់សងសំណងដល់ជនរងគ្រោះ និងជាកម្មវត្ថុនៃការរឹបអូសចូលទ្រព្យសម្បត្តិរដ្ឋ ឬការពិន័យជាប្រាក់។ ការសម្លាប់ជនសង្ស័យនឹងនាំឲ្យជនសង្ស័យដទៃទៀតរួចខ្លួន ត្បិតអីភស្តុតាងដ៏សំខាន់ដែលជាមូលដ្ឋានក្នុងការស៊ើបអង្កេតបន្តបានរលាយបាត់ទៅហើយ។
ប្រសិនបើយើងក្រឡេកមើលតែមួយភ្លែត ការកាត់សេចក្តីដោយប្រើអំពើហិង្សានេះបានគោរពបានល្អប្រសើរណាស់នូវគោលការណ៍មិនរើសអើសទាំងជាតិសាសន៍ ពណ៌សំបុរ អាយុ ចាស់ ក្មេង ប្រុសស្រី ឋានៈ វណ្ណៈសង្គម រហូតដល់ជនសង្ស័យរងរបួសជាទម្ងន់ ឬ ស្លាប់បង់ក៏មាន ហើយខូចខាតសម្ភារៈ និងសិទ្ធិផ្សេងៗ ក៏ត្រូវបានបំពានបន្ថែមទៀត។ ការកាត់ទោសដោយតុលាការមហាជន បែបនេះ មិនត្រឹមតែមិនបានជួយដល់ជនរងគ្រោះពិតប្រាកដនោះទេ តែផ្ទុយទៅវិញបានបំផ្លាញផលប្រយោជន៍របស់ជនរងគ្រោះ ឬដាក់បន្ទុកធ្ងន់មួយបន្ថែមទៀតដល់ជនរងគ្រោះ។ នេះឬដែលហៅថាយុត្តិធម៌ដែលសង្គមកម្ពុជាចង់បាន?
ជាសត្យានុម័ត ដំបៅត្រូវការព្យាបាល មិនមែនត្រូវយកឡាមមកកាត់សាច់ដំបៅចោលទេ ពីព្រោះថា Émile Durkheim ពោលថា បទល្មើស គឺជាបាតុភូតធម្មតារបស់សង្គម ប្រៀបដូចរាងកាយមនុស្សដែលជៀសមិនផុតពីជម្ងឺដូច្នេះដែរ។ អ្នកដែលមានដំបៅលើរូបរាយកាយត្រូវការការព្យាបាលដំបៅដោយវិធីសាស្ត្របែបវេជ្ជសាស្ត្រត្រឹមត្រូវ ជាជាងការយកឡាមមកអារកាត់ដុំសាច់ដំបៅនោះចោល ដោយពុំបានពិចារណារកឫសគល់នៃជម្ងឺ ឬដំបៅនោះ។
នៅកម្ពុជាសព្វថ្ងៃ ជីវិតមនុស្សពិតជាផុយស្រួយណាស់ ព្រោះតែស្ថិតតែនៅលើបបូរមាត់អ្នកដទៃជាពលរដ្ឋសាមញ្ញ កម្មករ កសិករ អាជីវករ អ្នករត់ម៉ូតូ ឬរ៉ឺម៉ក់ ខ្លះចេះអក្សរ ខ្លះមិនចេះអក្សរ ដោយគ្រាន់តែស្រែកថា ចោរៗ ជាដើម។ តើឯណាទៅពាក្យថា ខ្មែរស្រលាញ់ខ្មែរ ខ្មែរជាពូជថ្លៃថ្នូរ ជាអ្នកប្រតិបត្តិនូវព្រះពុទ្ធសាសនា ជាពលរដ្ឋល្អ និងជាប្រជាជាតិដែលមានវប្បធម៌ចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍។ អំពើកាត់ទោសក្រោមរូបភាពខាងលើ គឺជាអំពើដែលមិនខុសពីអំពើក្នុងសម័យខ្មែរក្រហមនោះទេ ដែលនាកាលសម័យនោះ ជនដែលគ្រាន់តែគេចោទ ឬសង្ស័យតិចតួច ត្រូវបានគេនាំទៅកាត់សេចក្តីគ្មានផ្អែកលើច្បាប់ គ្មានឆ្លងកាត់នីតិវិធីពិភាក្សាដេញដោលសួររកខុសត្រូវ និងថ្លឹងថ្លែងរវាងអំពើល្មើសនិងទណ្ឌកម្មនោះទេ។
បទល្មើសប្រឆាំងនឹងទ្រព្យសម្បត្តិ ដូចជាលួច ឆក់ ជាដើមនៅតូចតាចណាស់ បើធៀបនឹងបទល្មើសប្រឆាំងនឹងមនុស្សដូចជា ហិង្សាដោយចេតនា ការធ្វើឲ្យមនុស្សស្លាប់ដោយចេតនា ឬអចេតនា ផ្ទុយទៅវិញអំពើដ៏គ្រោះថ្នាក់ធំនោះ គឺហិង្សាប្រព្រឹត្តដោយមនុស្សជាសមូហភាពដោយប្រើរន្ទះជើង ជង្គង់ កណ្តាប់ដៃ កែងដៃ ដុំថ្ម ដំបង ដោយគ្មានសួររកខុស ឬត្រូវជាមុនទាល់តែសោះ។ ខុសពីសត្វកណ្តុរដែលត្រូវមនុស្សប្រហារជីវិតបង់ដោយសារបានលួចចំណីបន្តិចបន្តួច មនុស្សមិនគួរត្រូវបានគេធ្វើទារុណកម្ម ឬវាយឲ្យរងបួស ឬស្លាប់ដោយសារគ្រាន់តែបានប្រព្រឹត្តអំពើតូចតាចដូចជាលួច ឬឆក់ នោះទេ។ ម្យ៉ាងទៀត ជាស្វ័យប្រវត្តិ ក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍ជាអាទិ៍ ជនសង្ស័យដែលបង្កគ្រោះថ្នាក់តែងតែរត់គេចខ្លួនពីតុលាការមហាជន ក្នុងគោលបំណងរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ហើយដែលមានន័យស្មើនឹងការរត់គេចខ្លួនពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ឬរដ្ឋប្បវេណីផងដែរ។ មិនត្រឹមតែបទល្មើសតូចតាចទេ សូម្បីតែឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដ៏សែនធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាប្រព្រឹត្តដោយមេដឹកនាំខ្មែរក្រហមរួមមាន ខៀវ សំផន, នួន ជា និងឌុច ក៏ទាមទារឲ្យមានតុលាការជំនាញមួយច្បាស់លាស់សួរដេញដោលរកការពិតផងដែរ។
តាមពិតទៅ តុលាការមហាជន គឺជាទម្រង់នៃការសងសឹកជាសមូហភាពទៅលើជនមួយក្រុមដែលតូចជាងខ្លួន ដោយការប្រើកំហឹង ជាជាងស្វែងរកការពិតនៃហេតុការណ៍។ ពិតណាស់ថា ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមិនអាចល្អឥតខ្ចោះនោះទេ ពីព្រោះថា បទល្មើស គឺជាបាតុភូតធម្មតារបស់សង្គម ដូចបានរៀបរាប់ខាងលើ។
ការណ៍នេះអាចជាហេតុនាំឲ្យមហាជនគិតថា អាជ្ញាធរសាធារណៈ ឬតុលាការរបស់រដ្ឋ មិនបានបំពេញការងារបស់ខ្លួនឲ្យបានពេញលេញ និងត្រឹមត្រូវ។ ការសម្រួលឲ្យមានការសងសឹកជាសមូហភាពនេះកើតឡើង ដោយមិនមានការទប់ស្កាត់ មានន័យស្មើនឹងការលើកទឹកចិត្តនូវការស្វែងរកយុត្តិធម៌ដោយខ្លួនឯងនិងមានវិសមាមាត្ររវាងអំពើល្មើសនិងទណ្ឌកម្ម ដែលជាហេតុបង្កឲ្យសង្គមចលាចល ហើយច្បាប់ទម្លាប់គ្រប់គ្រងត្រូវបានគេបំភ្លេចចោល ឬស្មើនឹងការយកសាំងទៅចាក់ពន្លត់ភ្លើងដូច្នេះដែរ។ ហេតុនេះហើយបានជា គេបង្កើតឲ្យមានស្ថាប័នតុលាការរបស់រដ្ឋ ដើម្បីជៀសវាងការស្វែងរកយុត្តិធម៌ដោយខ្លួនឯង។
អំណឹះតទៅ ការបន្តជំរុញការកសាងទំនុកចិត្តរបស់មហាជនមកលើប្រព័ន្ធយុត្តិធម៌ដែលមានស្ថាប័ននគរបាលយុត្តិធម៌ និងស្ថាប័នតុលាការជាស្ថាប័នស្នូល គឺជារឿងចាំបាច់ និងបន្ទាន់។ ចាំបាច់ និងបន្ទាន់ គឺដើម្បីធានាការពារអាយុជីវិត បូរណភាពរូបរាងកាយ សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ កិត្តិយស ទ្រព្យសម្បត្តិរបស់ពលរដ្ឋគ្រប់រូបក្នុងភាពស្នើគ្នាចំពោះមុខច្បាប់ និងធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយអនុលោមតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ។ អន្តរាគមន៍របស់រដ្ឋបែបនេះ គឺធ្វើឡើងដើម្បីសម្រាប់ជាការអប់រំដល់ពលរដ្ឋ និងជាការបង្ហាញអំពីការមិនលើកទឹកចិត្តដល់តុលាការមហាជន តាមរយៈការចាប់សមាជិកតុលាការមហាជន និងជនល្មើសលួច ឆក់ ប្លន់ ជាដើម មកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ការស្វែងរកការពិត និងការដាក់ទណ្ឌកម្មឲ្យសមស្រប គឺជាបេសកកម្មដ៏លំបាកមួយ និងទាមទារជំនាញបច្ចេកទេសពីស្ថាប័នជំនាញដែលមានតុលាការជាស្ថាប័នស្នូល។ ម្យ៉ាងទៀត អន្តរាគមន៍របស់ស្ថាប័ននគរបាលយុត្តិធម៌ គឺគួរធ្វើឲ្យបានភ្លាមៗ តាមដែលអាចធ្វើទៅបាន នៅតាមទីតាំងកើតហេតុនានា។ ស្របជាមួយគ្នានេះដែរ ការកម្រិតនៅលើសេរីភាពសារព័ត៌មានដែលផ្សាយអំពីសវនាការនៃតុលាការមហាជន គឺជារឿងចាំបាច់ និងបន្ទាន់ផងដែរ។
បើពុំដូច្នេះទេ អត្ថិភាពនៃតុលាការមហាជន គឺស្នើនឹងគ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះ ហើយអំពើអយុត្តិធម៌កាន់តែមានច្រើន និងកាន់តែរីកធំ។ ដូចគ្នាដែរ មិនមានឡើយយុត្តិធម៌ ដរាបណាការជំនុំជម្រះក្តីក្នុងគ្រប់ទម្រង់ដូចជា តុលាការមហាជន ជាអាទិ៍ ពុំបានស្វែងរកឲ្យឃើញនូវការពិត និងទណ្ឌកម្មមួយសមស្រប៕
(នេះ គឺជាអត្ថបទស្សនៈរបស់លោក ចក សម្បត្តិ នៃសមាគមសាលាត្រាជូ)
© រក្សាសិទ្ធិដោយ thmeythmey.com